នេះជាកិច្ចប្រជុំកំពូលលើកទីពីរក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ របស់ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ "បរិយាប័ន្ន និងនិរន្តរភាព"។

ទីម័រខាងកើតបានក្លាយជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ

មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចាត់ទុកថា ឆ្នាំ២០២៥ ដែលមានការវិវឌ្ឍជាច្រើន មិនត្រឹមតែសាកល្បងភាពធន់នៃបណ្តាខឿនសេដ្ឋកិច្ចអាស៊ានប៉ុណ្ណោះទេ ថែមទាំងឆន្ទៈ និងការជឿជាក់លើកិច្ចសហប្រតិបត្តិការ ការសន្ទនា និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងពេលវេលានៃការបែកបាក់ជាច្រើនទៀតផង។ លោក Anwar Ibrahim បានបញ្ជាក់ថា អាស៊ាននៅតែបន្តឈរយ៉ាងរឹងមាំ អាស្រ័យដោយការជឿជាក់យ៉ាងមុតមាំថា ការគោរព និងភាពត្រឹមត្រូវនឹងតភ្ជាប់ប្រទេសជាសមាជិកជានិច្ច។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងឡាយ ចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់ជាផ្លូវការនូវប្រទេសទីម័រខាងកើតជាសមាជិកទី១១ របស់អាស៊ាន (រូបថត៖ vnanet.vn)

ដោយអបអរសាទរទីម័រខាងកើត ដែលបានក្លាយជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងដំណើរការអភិវឌ្ឍរបស់សមាគម ដែលរួមចំណែកដល់ការបំពេញបន្ថែមគ្រួសារអាស៊ាន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រទីម័រខាងកើតក្នុងដំណើរការអភិវឌ្ឍ និងលើកកម្ពស់ភាពម្ចាស់ការជាយុទ្ធសាស្ត្រ។ ទាក់ទងនឹងទិសដៅនាពេលខាងមុខ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាស៊ានគប្បីត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគោលដៅរួមគឺសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ រួមទាំងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការតភ្ជាប់សេដ្ឋកិច្ច ពង្រីកពាណិជ្ជកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែង អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ក៏ដូចជាគំនិតផ្តួចផ្តើមគាំទ្រដល់ការតភ្ជាប់ និងកំណើនបៃតង។ ចំពោះមុខនិន្នាការគាំពារ និងការផ្លាស់ប្តូរនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល លោក Anwar Ibrahim នាយករដ្ឋមន្ត្រី បានស្នើឱ្យអាស៊ានត្រៀមខ្លួនជាស្រេចបង្កើតទំនាក់ទំនងភាពជាដៃគូថ្មី រួមជាមួយនឹងការជំរុញទំនាក់ទំនងដែលមានស្រាប់ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងក្របខ័ណ្ឌនៃពិធីបើក ថ្នាក់ដឹកនាំអាស៊ានបានចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់ជាផ្លូវការនូវប្រទេសទីម័រខាងកើតជាសមាជិកទី១១ របស់អាស៊ាន។

សហរដ្ឋអាមេរិកមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ានឲ្យកាន់តែស៊ីជម្រៅថែមទៀត

នារសៀលថ្ងៃទី២៦ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងលោក Donald Trump ប្រធានាធិបតីអាមេរិក បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៣។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១៣ (រូបថត៖ baochinhphu.vn)

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់សហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈយន្តការដឹកនាំដោយអាស៊ាន ជាពិសេសការលើកកម្ពស់ការសន្ទនា និងការកសាងទំនុកចិត្តដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងវាយតម្លៃថា ទំនាក់ទំនងអាស៊ាន-អាមេរិកនៅបន្តអភិវឌ្ឍយ៉ាងរឹងមាំ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ប្រទេសទាំងឡាយបានអះអាងថានឹងបន្តអនុវត្តការប្តេជ្ញាចិត្ត កម្មវិធី និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-អាមេរិក ដើម្បីតំបន់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាព។ លោក Donald Trump ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា អាស៊ីអាគ្នេយ៍មានតួនាទីដ៏សំខាន់ក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកនឹងបន្តជាដៃគូ និងជាមិត្តរបស់បណ្តាប្រទេសនៅក្នុងតំបន់។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកចង់ជំរុញទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ានឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក Donald Trump ប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមរួមដោយឈរលើការគោរពតួនាទីជាមជ្ឈភាពរបស់សមាគម និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១៣ (រូបថត៖ baochinhphu.vn)

ដោយវាយតម្លៃសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយបំផុតមួយរបស់អាស៊ាន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកឡើងទិសដៅសំខាន់ៗចំនួនបួន ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកឱ្យរឹងមាំ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ រួមមាន៖ ជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដែលមានតុល្យភាព សុខដុមរមនា និងប្រកបដោយចីរភាព; ជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព; ពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលក្នុងនោះគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកស្តីពីការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងគំនិតផ្តួចផ្តើមរបស់វៀតណាមស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការចាប់ខ្លួនឧក្រិដ្ឋជន គឺជាមូលដ្ឋានសម្រាប់អាស៊ាន និងសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ; ពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ាន និងសហរដ្ឋអាមេរិកចែករំលែកផលប្រយោជន៍ និងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ រួមទាំងសមុទ្រខាងកើត ដើម្បីផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងអស់នៅក្នុងតំបន់; បញ្ជាក់ពីគោលជំហរគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត រួមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានអនុម័តលើ «សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីតំបន់មួយដែលកាន់តែរឹងមាំ សុវត្ថិភាព និងវិបុលភាពថែមទៀត» ដែលជាការកំណត់ជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការដំណាក់កាលថ្មី៕

បកប្រែដោយ Huyen Trang