ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះពហុភាគីនិយម ដោយអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈភាព ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមក្នុងការដោះស្រាយបញ្ហាសកល ដូចជាការរក្សាសន្តិភាព ការដោះស្រាយជម្លោះ ការជំរុញការអភិវឌ្ឍ ការធានាសិទ្ធិមនុស្ស ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យលោក António Guterres អគ្គលេខាធិការគាំទ្រវៀតណាមក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ |
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជាក់ថា ប្រជាជនគឺជាចំណុចស្នូលនៃគោលនយោបាយទាំងអស់ ហើយការដែលវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិពីរជាប់ៗគ្នា បង្ហាញយ៉ាងច្បាស់លាស់បំផុតអំពីកិច្ចសន្យា និងសមិទ្ធផលរបស់វៀតណាមក្នុងការធានាសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។
អគ្គលេខាធិការអង្គការសហប្រជាជាតិសង្ឃឹមថា វៀតណាមនឹងគាំទ្រយ៉ាងមុតមាំចំពោះការកែទម្រង់ដែលមានតុល្យភាពរបស់អង្គការសហប្រជាជាតិ រក្សាសកម្មភាពជំនួយអភិវឌ្ឍន៍ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រឆាំងនឹងសកម្មភាពឯកតោភាគី។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងសាមគ្គីភាព ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ជម្លោះ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលក្នុងនោះ វាយតម្លៃខ្ពស់តួនាទីរបស់អង្គការក្នុងតំបន់ និងទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមជាមួយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព យុត្តិធម៌ និងអភិវឌ្ឍប្រកបដោយចីរភាព។
* នារសៀលថ្ងៃទី ២៥ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាតជាតិ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងនូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ គឺជា «ប្រពៃណី» របស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ វៀតណាមនឹងបង្កើនការចូលរួមចំណែករបស់ខ្លួនបន្ថែមទៀតចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមតែងតែគាំទ្រពហុភាគីនិយម ដោយអង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ លើកកម្ពស់ការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បង្ហាញពីកិច្ចសន្យាយ៉ាងមុតមាំនេះ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គការសហប្រជាជាតិ និងវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើអាទិភាពដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពល ព្រមទាំងស្នើឱ្យអង្គការសហប្រជាជាតិបន្តកៀរគរដើមទុន ODA ប្រកបដោយប្រសិទ្ធភាព និងបង្កើនធនធានសម្រាប់វៀតណាម ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ក៏ដូចជាជម្លោះនៅក្នុងតំបន់។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាពិសេសគាំទ្រដល់ការអនុវត្តកិច្ចសន្យាអាកាសធាតុ SDGs និងកំណែទម្រង់ហិរញ្ញវត្ថុសកល។ លោក António Guterres ជឿជាក់ថា វៀតណាមនឹងលើកកម្ពស់តួនាទី ឋានៈ និងកិត្យានុភាពនោះ ដើម្បីរួមចំណែកដល់ការកសាងរចនាសម្ព័ន្ធទំនាក់ទំនងអន្តរជាតិថ្មី។ ជាពិសេស លោក António Guterres បានអំពាវនាវឱ្យវៀតណាមគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម និងអាទិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញកម្លាំងចលករសម្រាប់ការអនុវត្ត SDGs និងកែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ លោក António Guterres សង្ឃឹមថា វៀតណាមនឹងសន្យាកាន់តែខ្លាំងឡើងលើអាកាសធាតុ ក៏ដូចជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិលើការទូតបង្ការ ការសម្របសម្រួល និងការបង្ការជម្លោះ។
* នារសៀលថ្ងៃទី ២៥ ខែតុលា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា ទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ |
នៅក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភា បានបញ្ជាក់ថា វៀតណាមតែងតែជឿជាក់ ឱ្យតម្លៃ និងគាំទ្រយ៉ាងខ្លាំងចំពោះពហុភាគីនិយម និងតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការគ្រប់គ្រងសកលលោក។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក ចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងវេទិកាអន្តរសភាអន្តរជាតិ និងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសហភាពអន្តរសភា (IPU)។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិគាំទ្រចំពោះការអភិវឌ្ឍ និងការធ្វើសមាហរណកម្មដ៏ទូលំទូលាយ និងគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។ លោក António Guterres ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់រដ្ឋសភាវៀតណាមនៅក្នុងយន្តការកិច្ចការបរទេសពហុភាគីអន្តរសភា ដោយសង្ឃឹមថារដ្ឋសភាវៀតណាមនឹងបន្តលើកកម្ពស់តួនាទីសកម្មរបស់ខ្លួន និងលើកកម្ពស់ដំណោះស្រាយពហុភាគីចំពោះបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា។
ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការតភ្ជាប់ និងជំរុញយន្តការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសកម្មភាពរបស់អង្គការសហប្រជាជាតិ និងយន្តការពហុភាគីពាក់ព័ន្ធ ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការអនុវត្តគំនិតផ្តួចផ្តើមសកល៕
បកប្រែដោយ Huyen Trang