រាយការណ៍ជូនលោក To Lam អគ្គលេខាបក្ស និងប្រធានគណៈប្រតិភូអំពីលទ្ធផលនៃពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានមានប្រសាសន៍ថា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមជាសក្ខីភាពពីប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក ប្រតិភូរាប់ពាន់នាក់ដែលតំណាងឱ្យប្រទេស និងអង្គការអន្តរជាតិចំនួន ១១០ ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
ក្នុងនាមប្រធានគណៈប្រតិភូទាំងឡាយ លោកស្រី Maria Jose Pinto Gonzalez Artigas អនុប្រធានាធិបតីអេក្វាឌ័រ បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានបង្កើតលំហមួយដែលការជឿទុកចិត្តអាចអភិវឌ្ឍ និងភាពខុសគ្នាអាចត្រូវបានបង្រួម ព្រមទាំងថ្លែងអំណរគុណចំពោះវៀតណាម ដែលជាប្រទេសម្ចាស់ផ្ទះដ៏រួសរាយរាក់ទាក់។
លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការចូលរួមរបស់តំណាងប្រទេស និងអង្គការអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់ជាសកលនេះ គឺជាការបង្ហាញយ៉ាងច្បាស់លាស់នៃស្មារតីសាមគ្គីភាពអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ទន្ទឹមនឹងនោះក៏បញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាម ជាមួយបណ្តាប្រទេស និងប្រជាជាតិជុំវិញពិភពលោក។
លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវមោទនភាពដែលទីក្រុងហាណូយត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយសមាជិកអង្គការសហប្រជាជាតិ ជាកន្លែងបើកការចុះហត្ថលេខាលើអនុសញ្ញា ដែលបង្ហាញពីការទទួលស្គាល់របស់សមាជិកអង្គការសហប្រជាជាតិចំពោះការរួមចំណែករបស់វៀតណាមក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ជាទូទៅ វាក៏ជាការលើកសរសើររបស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ដើម្បីឲ្យវៀតណាមមានកិត្យានុភាព និងឋានៈអន្តរជាតិដូចសព្វថ្ងៃនេះ អាស្រ័យដោយមានការគាំទ្រ និងការជួយឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតីពីសហគមន៍អន្តរជាតិ។
លោក To Lam អគ្គលេខាបក្ស ជឿជាក់ថា ពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយនឹងបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសកល និងការគ្រប់គ្រងតាមអ៊ីនធឺណិត ដោយប្រែលំហអ៊ីនធឺណិតក្លាយទៅជាលំហច្បាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមអំពាវនាវឲ្យប្រទេសនានាផ្តល់សច្ចាប័នលើអនុសញ្ញានេះក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យវាអាចចូលជាធរមានក្នុងពេលឆាប់ៗនេះ។ វៀតណាមក៏សន្យាថានឹងខិតខំប្រឹងប្រែងជាមួយប្រទេស និងអង្គការអន្តរជាតិនានា ជំរុញកិច្ចសហប្រតិបត្តិការក្នុងការទាញយកសក្តានុពលនៃលំហអ៊ីនធឺណិត ក៏ដូចជាការបង្ការ និងប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនានា និងដើម្បីជីវភាពរស់នៅដ៏សុខសាន្ត និងសុភមង្គលសម្រាប់ប្រជាជនទាំងអស់នៅលើពិភពលោក។
* នាថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស បានទទួលជួបលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក្នុងឱកាសចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយ។
នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងមុតមាំ និងទូលំទូលាយចំពោះបុព្វហេតុផ្លាស់ថ្មីរបស់ឡាវ ព្រមទាំងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការគាំទ្រឡាវក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសប្រកបដោយជោគជ័យ។
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានអបអរសាទរចំពោះវៀតណាមចំពោះការចូលរួមយ៉ាងសកម្មក្នុងការចរចាតាំងពីដើមដំបូង និងធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ ដែលបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍របស់បក្ស និងរដ្ឋវៀតណាម ក្នុងការយកចិត្តទុកដាក់ចំពោះការបង្ការ និងប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ អនុសញ្ញានេះនឹងក្លាយជាមូលដ្ឋានច្បាប់ដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខតាមអ៊ីនធឺណិត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាម ឡាវ និងដៃគូនានាអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងទូលំទូលាយ។ ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពបន្តជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យសក្តិសមនឹងកម្រិតនៃទំនាក់ទំនងនយោបាយល្អ ព្រមទាំងឯកភាពជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដោយហេតុនោះបង្កើតកម្លាំងចលករថ្មីសម្រាប់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
នាថ្ងៃទី២៥ ខែតុលា នៅទីក្រុងហាណូយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក A.V. Gutsan អគ្គព្រះរាជអាជ្ញានៃសហព័ន្ធរុស្ស៊ី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ។
លោក Luong Cuong ប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូរុស្ស៊ី គឺជាការរួមចំណែកដ៏សំខាន់មួយចំពោះភាពជោគជ័យរួមនៃពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ។ លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រុស្ស៊ី ក្នុងនាមជាប្រទេសដែលបានលើកឡើងដំបូងនូវគំនិតផ្តួចផ្តើមអនុសញ្ញានេះ ព្រមទាំងបញ្ជាក់ថា វៀតណាមចាត់ទុករុស្ស៊ីជាអាទិភាពកំពូលមួយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយចង់ពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។
លោក A.V. Gutsan អគ្គព្រះរាជអាជ្ញានៃសហព័ន្ធរុស្ស៊ី បានសង្កត់ធ្ងន់ថា ការដែលអង្គការសហប្រជាជាតិជ្រើសរើសទីក្រុងហាណូយជាទីកន្លែងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បង្ហាញពីការវាយតម្លៃខ្ពស់របស់ខ្លួនចំពោះតួនាទីស្ថាបនា និងទំនួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាសកល ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការ និងប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់។
ភាគីទាំងពីរបានសម្តែងនូវក្តីជឿជាក់ថា ដំណើរទស្សនកិច្ចការងាររបស់អគ្គព្រះរាជអាជ្ញានៃសហព័ន្ធរុស្ស៊ី រួមជាមួយនឹងការចុះហត្ថលេខាលើអនុសញ្ញាហាណូយ នឹងបង្កើតកម្លាំងចលករថ្មីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ីលើវិស័យច្បាប់ យុត្តិធម៌ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន រួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
* នាថ្ងៃដដែល លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Matt Thistlethwaite រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ដែលចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ។
លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងសកម្មរបស់អូស្ត្រាលីចំពោះប្រទេសម្ចាស់ផ្ទះវៀតណាម ក្នុងដំណើរការរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញានេះ។ លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា អូស្ត្រាលីគឺជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដ៏សំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Matt Thistlethwaite រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាម និងអបអរសាទរវៀតណាម ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាដ៏សំខាន់របស់អង្គការសហប្រជាជាតិស្តីពីការបង្ការ និងប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់ថា អូស្ត្រាលីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់ ហើយចង់បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍបន្ថែមទៀតលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។
ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពតំបន់ និងអន្តរជាតិ ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាម និងអូស្ត្រាលី នឹងមិនត្រឹមតែនាំមកនូវផលប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោកទៀតផង៕
បកប្រែដោយ Huyen Trang
Type the code from the image