វៀតណាមនឹងរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះសន្តិសុខតាមអ៊ីនធឺណិតសកល
កប.អនឡាញ - បន្ទាប់ពីពិធីបើកដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែតុលា សម័យប្រជុំចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) បានប្រារព្វឡើង។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៅពេលដែលប្រទេសនានាបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ លោក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមគឺជាតំណាងដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ បន្ទាប់មកគឺតំណាងនៃប្រទេស និងអង្គការចំនួន៦៥។
នៅក្នុងសន្និសីទកាសែតអន្តរជាតិជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បន្ទាប់ពីពិធីចុះហត្ថលេខា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងថា៖ “ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររួមរបស់យើងឆ្ពោះទៅរកពិភពឌីជីថលដែលមានសុវត្ថិភាពជាងមុន។ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ កម្លាំងពិតប្រាកដនៃអនុសញ្ញានឹងស្ថិតនៅលើការប្រែក្លាយកិច្ចសន្យាទៅជាសកម្មភាពជាក់ស្តែង។ អនុសញ្ញានេះត្រូវតែបានផ្តល់សច្ចាប័ន អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញ ហើយភាគីនានាដែលចូលរួមចុះហត្ថលេខាត្រូវតែអនុវត្តជារៀងរាល់ថ្ងៃ”។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមសន្និសីទកាសែតស្តីពីពិធីចុះហត្ថលេខា និងកិច្ចប្រជុំជាន់ខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (រូបថត៖ baochinhphu.vn) |
ដោយសង្កត់ធ្ងន់លើសារសំខាន់នៃពិធីចុះហត្ថលេខា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃប្រទេសប្រហែល ១១០ អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុជាច្រើន និងអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា នេះគឺជាកិត្តិយសផង និងជាការទទួលខុសត្រូវដ៏ធំធេងសម្រាប់វៀតណាមផង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមសន្យាជំរុញគំនិតផ្តួចផ្តើមសន្តិសុខតាមអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសកល។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា “នេះគឺជាការជឿទុកចិត្ត ការគាំទ្រ និងការប្រគល់ការទទួលខុសត្រូវចំពោះវៀតណាម។ វៀតណាមនឹងរួមចំណែកក្នុងបញ្ហាសកលធំៗយ៉ាងវិជ្ជមាន សកម្ម មានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព”។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្មោះរដ្ឋធានីនៃប្រទេសវៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងអនុសញ្ញាសកលរបស់អង្គការសហប្រជាជាតិ ដែលបានឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះដំណើរការរួមចំណែករបស់វៀតណាមទៅក្នុងការកសាងឯកសារនេះ៕
បកប្រែដោយ Thanh Cong