លោក Tran Thanh Man ប្រធានរដ្ឋសភា បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណីនៅក្នុងសហគមន៍ប្រទេសឯករាជ្យ រួមទាំងអ៊ូសបេគីស្ថានផងដែរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Nuriddin Ismoilov ប្រធានសភាជាន់ទាបអ៊ូសបេគីស្ថាន

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាអ៊ូសបេគីស្ថាន ជាពិសេសវិទ្យាស្ថាននីតិបញ្ញត្តិ ក្នុងការអនុវត្តមាគ៌ាក្នុងស្រុក និងការបរទេសរបស់ប្រទេស លោក Tran Thanh Man ប្រធានរដ្ឋសភាបានសម្តែងនូវបំណងចង់ឲ្យប្រទេសទាំងពីរពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីការអភិវឌ្ឍទៅវិញទៅមក និងឆ្លើយតបទៅនឹងស្ថានភាពអន្តរជាតិបច្ចុប្បន្ន។

លោក Nuriddin Ismoilov ប្រធានសភាជាន់ទាបអ៊ូសបេគីស្ថាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលមកបំពេញទស្សនកិច្ចជាលើកដំបូង និងសម្តែងនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់របស់វៀតណាម។ លោក Nuriddin Ismoilov បានអបអរសាទរចំពោះវៀតណាមដែលបានរៀបចំព្រឹត្តិការណ៍អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រកបដោយជោគជ័យ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងអះអាងថានឹងបន្តឃ្លាំមើល ជំរុញ និងគាំទ្ររដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរឱ្យសហប្រតិបត្តិការគ្នាក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រេង និងឧស្ម័ន កសិកម្ម វប្បធម៌ ទេសចរណ៍ logistics ការដឹកជញ្ជូន។ល។ ថ្នាក់ដឹកនាំទាំងពីរគូសបញ្ជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងកម្លាំងចលករនេះ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពង្រឹងតួនាទីក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងឯកសារដែលបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអ៊ូសបេគីស្ថានរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា ក្នុងខែមេសា ឆ្នាំ២០២៥ លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់នៃក្រុមសមាជិកសភាមិត្តភាព និងគណៈកម្មាធិការជំនាញក្នុងការបង្កើនការផ្លាស់ប្តូរ ការយល់ដឹងគ្នា និងការតភ្ជាប់ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានវិជ្ជាជីវៈរវាងតំណាងរដ្ឋសភានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភា ដែលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអ៊ូសបេគីស្ថានកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang