ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន+៣
នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកឡើងការតម្រង់ទិសចំនួនបីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងស្ថានភាពថ្មី។ ទីមួយ ការលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មបៃតងនៅក្នុងតំបន់។ ទីពីរ ការពង្រឹងភាពខ្លួនទីពឹងខ្លួន និងភាពធន់របស់តំបន់ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសន្តិសុខថាមពល ស្រាវជ្រាវនិងអភិវឌ្ឍន៍ឃ្លាំងបម្រុងថាមពលក្នុងស្ថានភាពអាសន្ន វិនិយោគលើកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងយន្តការព្រមានជាមុនសម្រាប់គ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសអាស៊ីបូព៌ាគាំទ្រប្រទេសអាស៊ានដែលត្រូវការការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ បណ្តុះបណ្តាលធនធានមនុស្ស និងធានាសុវត្ថិភាពនុយក្លេអ៊ែរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យភ្ជាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសអាស៊ាន+៣ ដើម្បីទាក់ទាញលំហូរហិរញ្ញវត្ថុបៃតងបន្ថែមទៀត ដើម្បីបម្រើដល់ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មបៃតងនៅក្នុងតំបន់។ ទីបី សាមគ្គីភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សាបរិយាកាសសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។
លើកកម្ពស់តួនាទីរបស់ EAS
នៅរសៀលថ្ងៃដដែលនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំនៃប្រទេសអាស៊ាន និងដៃគូនានា រួមមាន ចិន សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី២០។
ដោយពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ មេដឹកនាំទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយចាត់ទុកនេះជាផលប្រយោជន៍រួមរបស់តំបន់ទាំងមូល និងសហគមន៍អន្តរជាតិ។ ដោយហេតុនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្តការអត់ធ្មត់ មិនចាត់វិធានការដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ អនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងមានប្រសិទ្ធភាព ហើយនិងឆាប់បញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈ និងសំណើមួយចំនួន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។
អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាស៊ាន
នៅល្ងាចថ្ងៃទី ២៧ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី ១៥។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យអាស៊ាន និងអង្គការសហប្រជាជាតិអនុវត្តផែនការសកម្មភាពសម្រាប់រយៈពេល ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាព និងបានលើកឡើងសំណើចំនួន៣ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទីមួយ លើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមច្បាប់អន្តរជាតិ កំណត់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាឧបករណ៍សំខាន់ៗ ដើម្បីទប់ស្កាត់ និងដោះស្រាយជម្លោះដោយសន្តិវិធី និងស្នើឱ្យអង្គការសហប្រជាជាតិចែករំលែកបទពិសោធន៍ និងជំនាញក្នុងការទូតបង្ការ និងគាំទ្រអាស៊ានក្នុងការបង្កើតយន្តការព្រមានជាមុន ការទប់ស្កាត់ជម្លោះ និងការគ្រប់គ្រងវិបត្តិ។ ទីពីរ កសាង និងផ្លាស់ប្តូរថ្មីនូវប្រព័ន្ធអភិបាលកិច្ចដែលសម្របខ្លួនទៅនឹងយុគសម័យថ្មី ការលើកកម្ពស់កត្តាជំរុញកំណើនបៃតង និងឌីជីថល កិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត សន្តិសុខតាមអ៊ីនធឺណិត អភិបាលកិច្ចទិន្នន័យ ពាណិជ្ជកម្មពហុភាគី ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងមានការទទួលខុសត្រូវ។ ទីបី ធានាសន្តិសុខសង្គមយ៉ាងទូលំទូលាយ យកប្រជាជនជាស្នូលនៃការអភិវឌ្ឍ លើកកម្ពស់កំណើនបៃតង ការផ្លាស់ប្តូរប្រកបដោយសមធម៌ បង្រួមគម្លាតអភិវឌ្ឍន៍...
អាស៊ាន-កូរ៉េខាងត្បូង ពង្រឹងទំនាក់ទំនង ពង្រឹងទំនុកចិត្ត
នៅថ្ងៃទី ២៧ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងលោក លី ចែម្យុង ប្រធានាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ២៦។
នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចែករំលែកទិសដៅសំខាន់ៗចំនួនបី ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-កូរ៉េខាងត្បូង នាពេលខាងមុខ រួមមាន៖ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងទិសដៅបៃតង ឌីជីថល និងប្រកបដោយចីរភាព និងចាប់ផ្តើមការចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវ AKFTA ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងប្រជាជន ការអភិវឌ្ឍទេសចរណ៍។ អាស៊ាន និងកូរ៉េខាងត្បូងត្រូវបង្កើនការចូលរួមចំណែកចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ អាស៊ាន និងកូរ៉េខាងត្បូង ត្រូវរួមគ្នាលើកកម្ពស់ផលប្រយោជន៍ និងការទទួលខុសត្រូវក្នុងការកសាងសមុទ្រខាងកើតទៅជាសមុទ្រប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
RCEP - "ស្ពាន" ឆ្ពោះទៅរកវិបុលភាពរួម
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី) នៅថ្ងៃទី២៧ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំនៃប្រទេសអាស៊ាន និងដៃគូ (អូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង ចិន) បានចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៥ ក្រោមអធិបតីភាពរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ ជាប្រធានអាស៊ានឆ្នាំ២០២៥។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀង RCEP ដោយចាត់ទុកវាជា "ស្ពាន" ដើម្បីជួយសេដ្ឋកិច្ចដែលមានកម្រិតអភិវឌ្ឍន៍ខុសៗគ្នាអាចចែករំលែកផលប្រយោជន៍ អភិវឌ្ឍដោយខ្លួនឯង និងឆ្ពោះទៅរកវិបុលភាពរួម។
កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងឡាយលើកិច្ចព្រមព្រៀង RCEP ដែលក្នុងនោះបញ្ជាក់ពីការគាំទ្ររបស់ប្រទេសនានាចំពោះតួនាទីមជ្ឈភាព និងការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលបើកចំហ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅរកអនាគត៕
បកប្រែដោយ Duy Hoan
Type the code from the image