ពង្រឹងទំនាក់ទំនងទ្វេភាគីវៀតណាម-អង់គ្លេស
កប.អនឡាញ - ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង តបតាមការអញ្ជើញរបស់លោក Keir Starmer នាយករដ្ឋមន្ត្រី។
បច្ចុប្បន្ន ចក្រភពអង់គ្លេសគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៦ នៅលើពិភពលោក ដោយមានរដ្ឋធានីឡុងដ៍ គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។ ចក្រភពអង់គ្លេសអនុវត្តគោលនយោបាយការបរទេសពហុភាគីដ៏រឹងមាំ ដែលពង្រឹងសម្ព័ន្ធភាព រក្សាទំនាក់ទំនងពិសេសជាមួយសហរដ្ឋអាមេរិក ហើយបង្កើតឡើងវិញនូវទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងចិន លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខមិនមែនប្រពៃណី... អង់គ្លេសចាត់ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាអាទិភាពយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ច ធ្វើពិពិធកម្មនូវទំនាក់ទំនងភាពជាដៃគូ និងចូលទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ រួមទាំងប្រទេសវៀតណាមផងដែរ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ Ngo Phuong Ly (រូបថត៖ vnanet.vn) |
វៀតណាម និងអង់គ្លេស បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៣។ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងខែកញ្ញា ឆ្នាំ២០១០។ នៅឆ្នាំ២០២០ ក្នុងឱកាសខួបលើកទី១០ នៃថ្ងៃបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយផ្តោតលើវិស័យអាទិភាពចំនួន៧ រួមមាន៖ នយោបាយ-ការបរទេស ពាណិជ្ជកម្ម-វិនិយោគ និងបរិយាកាសអាជីវកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ-បណ្តុះបណ្តាល ការពារជាតិ សន្តិសុខ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន សិទ្ធិស្មើភាពគ្នា បញ្ហាអន្តរជាតិ និងតំបន់។
ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជម្រុញកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នានៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន-អង់គ្លេស។ វៀតណាមគាំទ្រយ៉ាងសកម្មដល់អង់គ្លេសក្នុងដំណើរការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ចក្រភពអង់គ្លេស (UKVFTA)។ អង់គ្លេសគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាមនៅអឺរ៉ុប ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អង់គ្លេសនៅអាស៊ីអាគ្នេយ៍។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨.៤ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ (កើនឡើង ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣) ហើយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ សម្រេចបាន ៦.១ ពាន់លានដុល្លារអាមេរិក (កើនឡើងជិត ១០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤)។ ទាក់ទងនឹងការវិនិយោគ បច្ចុប្បន្ន អង់គ្លេសមានគម្រោងវិនិយោគជាង ៦០០ នៅប្រទេសវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុបប្រហែល ៤.៦៥ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៥២ ដែលមានគម្រោងវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយផ្តោតលើវិស័យឧស្សាហកម្មកែច្នៃ អាជីវកម្មអចលនទ្រព្យ និងរ៉ែ។ វៀតណាមមានគម្រោងវិនិយោគចំនួន ១៦ នៅក្នុងអង់គ្លេស ដោយមានដើមទុនចុះបញ្ជីសរុបជាង ៣៧.៦ លានដុល្លារអាមេរិក ដែលភាគច្រើនស្ថិតនៅក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ ការលក់ដុំ-រាយ ការជួសជុលរថយន្ត និងម៉ូតូ សេវាស្នាក់នៅ និងម្ហូបអាហារ។
ភាគីទាំងពីរមានយន្តការសន្ទនាគោលនយោបាយការពារជាតិប្រចាំឆ្នាំនៅថ្នាក់អនុរដ្ឋមន្ត្រី ហើយរក្សាការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហការក្នុងការបណ្តុះបណ្តាល ចែករំលែកព័ត៌មាន ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាលភាសាអង់គ្លេស សន្តិសុខនៅដែនសមុទ្រ ការគូសផែនទីនិងផលធារាសាស្រ្ត។ល។ ភាគីទាំងពីរសហការយ៉ាងសកម្មក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ភេរវកម្ម ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្ស។
ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល បច្ចុប្បន្ន និស្សិតវៀតណាមប្រហែល ១២,០០០ នាក់ដែលកំពុងសិក្សានៅអង់គ្លេស។ សាកលវិទ្យាល័យធំៗមួយចំនួនរបស់ចក្រភពអង់គ្លេសបាននិងកំពុងបើកសាខានៅប្រទេសវៀតណាម។ ភាគីទាំងពីរបានអនុវត្តគម្រោងស្រាវជ្រាវរួមប្រហែល ៥០ និងសកម្មភាពសហប្រតិបត្តិការមួយចំនួនទៀត។ អង់គ្លេសគឺជាអ្នកសម្របសម្រួល ហើយបានជួយគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) រវាងវៀតណាម និងក្រុមភាពជាដៃគូអន្តរជាតិ (IPG)។
ដំណើរទស្សនកិច្ចជាផ្លូវការនៅអង់គ្លេសរបស់លោក To Lam អគ្គលេខាបក្ស បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង់គ្លេសនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ក៏ដូចជារួមចំណែកលើកកម្ពស់តួនាទីរបស់វៀតណាមនៅក្នុងគោលនយោបាយការបរទេសរបស់អង់គ្លេស និងអឺរ៉ុប។ នេះក៏ជាឱកាសមួយសម្រាប់វៀតណាមបញ្ជាក់ពីគោលនយោបាយការបរទេសឥតងាយការេនៃមហាសន្និបាតលើកទី១៣ របស់បក្សស្តីពីឯករាជ្យភាព ភាពពឹងផ្អែកលើខ្លួនឯង សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនិយកម្មនូវទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។
ដោយផ្អែកលើមូលដ្ឋាននោះ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕
បកប្រែដោយ Thuy Anh