វៀតណាមជួយឡាវសាងសង់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត Huaphanh
កប.អនឡាញ - នាថ្ងៃទី ២៧ ខែតុលា នៅខេត្ត Huaphanh ប្រទេសឡាវ បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត Huaphanh ដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ជូនរដ្ឋាភិបាលឡាវ និងប្រជាជនខេត្ត Huaphanh។
គម្រោងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត Huaphanh មានទុនវិនិយោគសរុបចំនួន ១៤៦.៤ ពាន់លានដុង ដែលក្នុងនោះ រដ្ឋាភិបាលវៀតណាមផ្តល់ជំនួយឥតសំណងចំនួន ១៣៨.៦ ពាន់លានដុង និងថវិកាបដិការរបស់រដ្ឋាភិបាលឡាវមានចំនួន ៧.៨ ពាន់លានដុង។
    |
 |
|
ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត Huaphanh (រូបថត៖ nhandan.vn) |
នៅក្នុងពិធី លោក Phoutphanh Keovongxay លេខាគណៈកម្មាធិការបក្ស និងជាអភិបាលរងខេត្ត Huaphanh បានមានប្រសាសន៍ថា នេះគឺជាគម្រោងសហប្រតិបត្តិការមួយរវាងរដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលវៀតណាម ដែលមានសារៈសំខាន់ជាពិសេសចំពោះការអភិវឌ្ឍរបស់ខេត្ត។ នៅពេលដែលបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ គម្រោងនេះនឹងរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយក្នុងមូលដ្ឋាន ធានាការផ្សាយព័ត៌មានរហ័ស ត្រឹមត្រូវ និងមានតម្លាភាព ក្លាយជាបណ្តាញដ៏មានប្រសិទ្ធភាពសម្រាប់ឃោសនាគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ដោយផ្តល់នូវប្រភពព័ត៌មាន និងចំណេះដឹងដ៏សម្បូរបែប និងចម្រុះសម្រាប់ប្រជាជន។
លោក Phoutphanh Keovongxay បានសង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែមានតម្លៃផ្នែកសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ-វៀតណាមទៀតផង៕
បកប្រែដោយ Huyen Trang