បង្កើនកម្លាំងទូទៅ និងកិត្យានុភាពរបស់សហគមន៍អាស៊ាន
ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះប្រទេសសមាជិក និងដៃគូនានាសម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។ លទ្ធផលសំខាន់ៗដែលសម្រេចបាននឹងបង្កើនការតភ្ជាប់ក្នុងតំបន់ បង្កើនកម្លាំងទូទៅ និងកិត្យានុភាពរបស់សហគមន៍អាស៊ាន "បរិយាបន្ន និងប្រកបដោយចីរភាព" ស្របតាមប្រធានបទឆ្នាំ២០២៥ ដែលជួយឱ្យអាស៊ានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយសមាជិកចំនួន ១១ ប្រទេស។ លទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាស៊ាន និងដៃគូនានារបស់អាស៊ានក៏បានបញ្ជាក់ពីកិត្យានុភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន និងជួយបន្ដពង្រឹង និងពង្រីកទំនាក់ទំនងការបរទេសរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានគណៈប្រតិភូប្រទេសសមាជិកអាស៊ានរូបរូបជុំគ្នាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ (រូបថត៖ vnanet.vn) |
គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមយ៉ាងសកម្ម និងរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងសកម្មភាពពហុភាគីជិត ២០ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល ដោយចែករំលែកទិសដៅសំខាន់ៗជាច្រើន ដើម្បីកំណត់ក្របខ័ណ្ឌអនាគតរបស់អាស៊ាន។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិងដៃគូនានា ក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងតាមរយៈកិច្ចប្រជុំទ្វេភាគីជាង ២០។ ការចូលរួមចំណែក ការលើកសំណើនិងគំនិតផ្តួចផ្តើមរបស់វៀតណាមផ្តោតលើការលើកកម្ពស់ការកសាងសហគមន៍អាស៊ានដែលរួបរួមគ្នា បរិយាបន្ន ចីរភាព និងប្រកាន់យកប្រជាជនជាមជ្ឈភាព តភ្ជាប់ការអភិវឌ្ឍប្រទេសជាតិជាមួយនឹងការអភិវឌ្ឍតំបន់។
ជំរុញទំនាក់ទំនងរវាងអាស៊ាន និងចិន អូស្ត្រាលី និងនូវែលសេឡង់
គួររំលឹកថា នាព្រឹកថ្ងៃទី២៨ ខែតុលា នៅទីក្រុងគូឡាឡាំពួរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងលោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨។ មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាននិងចិនបានអញ្ជើញជាសក្ខីភាពនៃការចុះហត្ថលេខាលើពិធីសារស្ដីពីការលើកតម្កើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0)។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ (រូបថត៖ vnanet.vn) |
នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំទាំងអស់បានវាយតម្លៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ជាសសរស្តម្ភសំខាន់មួយ ដែលរួមចំណែកដល់ការធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយក៏ជាទំនាក់ទំនងដ៏ស្វាហាប់និងគ្រប់ជ្រុងជ្រោយបំផុតរបស់អាស៊ាន។ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងយល់ព្រមជ្រើសរើសឆ្នាំ ២០២៦ ជា "ឆ្នាំអាស៊ាន-ចិន" ក្នុងឱកាសរំលឹកខួបលើកទី ៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងសកម្មភាពជាច្រើន។
កិច្ចប្រជុំបានសង្កត់ធ្ងន់ថា អាស៊ាននិងចិនចែករំលែកផលប្រយោជន៍ និងការទទួលខុសត្រូវរួមក្នុងការកសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព និងស្ថិរភាព បង្កលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ថ្នាក់ដឹកនាំបានសន្យាថា នឹងបន្តលើកកម្ពស់ការសន្ទនា កសាងទំនុកចិត្ត ដោះស្រាយភាពខុសគ្នា និងជម្លោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ អនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែងដើម្បីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ចូលជាធរមាន និងមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានលើកទិសដៅយុទ្ធសាស្ត្រចំនួនបី ដើម្បីលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន នាពេលខាងមុខ។ ទីមួយ គឺលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកសំណើការពង្រឹងការតភ្ជាប់ឆ្លាតវៃ បរិយាបន្ន និងប្រកបដោយចីរភាព រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ ACFTA 3.0 និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ាន-ចិនតាមទិសទំនើប បៃតង និងប្រកបដោយចីរភាព ដោយផ្តោតលើបណ្តាញផ្លូវដែកល្បឿនលឿន កំពង់ផែបៃតង អាកាសយានដ្ឋានសន្សំសំចៃថាមពល និងបើកប្រព័ន្ធច្រកទ្វារព្រំដែនឆ្លាតវៃ។ ទីពីរ គឺលោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើននវានុវត្តន៍ និងបង្កកម្លាំងចលករថ្មីសម្រាប់បង្កើនកំណើន និងលើកសំណើបង្កើតបណ្តាញនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវ និងមន្ទីរពិសោធន៍រួមគ្នា។
ទីបី គឺលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។ អាស៊ាននិងចិនគួរតែកសាងសមុទ្រខាងកើតទៅជាដែនសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ អនុវត្តឲ្យពេញលេញ និងមានប្រសិទ្ធភាពសម្រាប់ DOC និងឆាប់សម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ និងផ្ដល់ផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា។
* នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីរួមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ាន និងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ (រូបថត៖ vnanet.vn) |
នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងនូវែលសេឡង់ បានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមសម្រាប់អបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់ ក្នុងនោះ យល់ព្រមលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមជាមួយនឹងសសរស្តម្ភទាំងបួននៃកិច្ចសហប្រតិបត្តិការលើសន្តិភាព វិបុលភាព មនុស្ស និងភពផែនដី។ កិច្ចប្រជុំនេះក៏បានយល់ព្រមអនុម័តផែនការសកម្មភាពអាស៊ាន-នូវែលសេឡង់ ដំណាក់កាលឆ្នាំ ២០២៦-២០៣០ ដើម្បីអនុវត្តជាក់ស្ដែងនូវខ្លឹមសារកិច្ចសហប្រតិបត្តិការ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានលើកសំណើនូវកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនបី ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីរវាងអាស៊ាន និងនូវែលសេឡង់។ ទីមួយគឺរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព ចូលរួមចំណែកក្នុងការកសាងនិម្មាបនកម្មតំបន់ដែលបើកចំហ តម្លាភាព បរិយាបន្ន និងផ្អែកលើច្បាប់ និងបន្តគាំទ្រចំពោះជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។ ទីពីរ គឺជំរុញការតភ្ជាប់សេដ្ឋកិច្ច និងកំណើនថ្មីដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និងគាំទ្រអាស៊ានក្នុងការចរចា និងអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអំពីសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ ទីបី គឺពង្រឹងការតភ្ជាប់និងប្រកាន់យកមនុស្សជាមជ្ឈភាព និងជាកម្លាំងចលករនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងពង្រឹងការតភ្ជាប់វិទ្យាស្ថាន-សាលា-សហគ្រាស...
* នៅរសៀលថ្ងៃដដែលនោះ នៅទីក្រុងកូឡាឡាំពួរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងមេដឹកនាំប្រទេសជាសមាជិកអាស៊ាន និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥ (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើអូស្ត្រាលីបន្តគាំទ្រយ៉ាងខ្លាំងទាំងសំឡេង និងសកម្មភាពចំពោះគោលជំហរ និងគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត ធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ មេដឹកនាំអាស៊ាននិងអូស្ត្រាលីបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្ការជម្លោះ និងការគ្រប់គ្រងវិបត្តិនៅក្នុងនិម្មាបនកម្មតំបន់ដែលដឹកនាំដោយអាស៊ាន។
ទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសនានាក្នុងតំបន់
នៅព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានធ្វើកិច្ចប្រជុំប្រចាំឆ្នាំលើកទីពីរ ។នៅថ្ងៃដដែលនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានជួបជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រខាងកើត។
* ក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់កម្រិត។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក្នុងឱកាសនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់។ ព្រមទាំងសិក្សាស្រាវជ្រាវនិងបង្កើតយន្តការសហប្រតិបត្តិការថ្មីៗ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរចាប់បញ្ចប់ការធ្វើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសន្ទនាជាយុទ្ធសាស្ត្ររវាងគណបក្សកាន់អំណាចទាំងពីរ ដោយខិតខំចុះហត្ថលេខា និងអនុវត្តនៅដើមឆ្នាំ ២០២៦។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាសក្ខីភាពក្នុងពិធីប្រគល់កម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់រយៈពេលឆ្នាំ ២០២៥-២០៣០ ដែលបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសវៀតណាម និងសិង្ហបុរី។
* ក្នុងជំនួបជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើ ប្រ៊ុយណេបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ផ្តល់អាជ្ញាប័ណ្ណបន្ថែមទៀតសម្រាប់នាវានេសាទ និងប្រជានេសាទវៀតណាមបានធ្វើនេសាទនៅដែនសមុទ្រប្រ៊ុយណេ ព្រមទាំងគាំទ្រផ្តល់វិញ្ញាបនបត្រផលិតអាហារហាឡាល និងទាញយកអត្ថប្រយោជន៍ពីវត្ថុធាតុដើមដ៏សម្បូរបែបរបស់វៀតណាម។
* នៅក្នុងជំនួបជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ។ លោកបានស្នើប្រទេសទាំងពីរបន្តសម្របសម្រួលដើម្បីលើកកម្ពស់ទំនាក់ទំនងការពារជាតិដោយផ្អែកលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២៣ ។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសង្ឃឹមថា ភាគីទាំងពីរនឹងឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ អប់រំ អាកាសចរណ៍។ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ កសិកម្មឆ្លាតវៃ រដ្ឋាភិបាលអេឡិចត្រូនិក សន្តិសុខតាមអ៊ីនធឺណិត និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។
* នៅយប់ថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូវៀតណាមបានចាកចេញពីទីក្រុងកូឡាឡាំពួរ ត្រឡប់មកមាតុភូមិវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចការងារដោយជោគជ័យ៕
បកប្រែដោយ Pham Diep