ក្នុងកិច្ចពិភាក្សានេះ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានអបអរសាទររុស្ស៊ីដែលបានរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យ​ជំនះ​ក្នុងសង្គ្រាមការពារជាតិដ៏មហិមា ប្រកបដោយជោគជ័យ  ហើយអះអាងថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអះអាងថា ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងរុស្ស៊ី តែងតែយកចិត្តទុក​ដាក់​យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ ដែលបានឆ្លងកាត់ការសាកល្បងពីពេលវេលា ហើយត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីវិបុលភាពរួមនៃប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីលើវិស័យជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់នូវលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងវាយតំលៃខ្ពស់ចំពោះរាល់សកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមនិងរុស្ស៊ី ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ ថាមពល ប្រេងនិងឧស្ម័ន ថាមពលនុយក្លេអ៊ែរ ការពារជាតិ សន្តិសុខ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបង្កើតការអភិវឌ្ឍថ្មីៗប្រកបដោយប្រសិទ្ធភាពក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យាជីវៈ ឧស្សាហកម្ម semiconductor អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងព័ត៌មាន ព្រមទាំងជំរុញការអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាង​ប្រទេសទាំងពីរ។

ក្នុងវិស័យការពារជាតិ សន្តិសុខ និងបច្ចេកទេសយោធា ភាគីទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់​តែ​ស៊ីជម្រៅ រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី សន្តិសុខតាមអុីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ដោយឈរលើមូលដ្ឋានច្បាប់ និងទំនៀមទម្លាប់អន្តរជាតិ រួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ ព្រមទាំងសង្កត់ធ្ងន់លើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982។

ក្នុងឱកាសនេះដែរ វៀតណាមនិងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី និងអះអាងនូវគោលការណ៍ កំណត់ទិសដៅសំខាន់ៗ ដើម្បីជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

រដ្ឋាភិបាល និងស្ថាប័ននានានៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន បង្កើនមូលដ្ឋានច្បាប់ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យ៖ ការទូត ការពារជាតិ ការរុករកប្រេង និងឧស្ម័ន ថាមពលនុយក្លេអ៊ែរ ដើម្បីគោលបំណងសន្តិភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យុត្តិធម៌ សុខាភិបាល ការអប់រំនិងបណ្តុះបណ្តាល ជីវវេជ្ជសាស្ត្រ វប្បធម៌ និងអាកាសចរណ៍។

* នៅថ្ងៃទី ១០ ខែឧសភា នៅទីស្នាក់ការ Duma ជាតិ (រដ្ឋសភា) ក្នុងទីក្រុងមូស្គូ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានជួបសវនាការជាមួយលោក Vyacheslav Viktorovich Volodin ប្រធាន Duma ជាតិរុស្ស៊ី (រដ្ឋសភារុស្ស៊ី)

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជួបសវនាការជាមួយលោក Vyacheslav Viktorovich Volodin ប្រធាន Duma ជាតិរុស្ស៊ី ​​(រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Vyacheslav Viktorovich Volodin បានថ្លែងអំណរគុណចំពោះលោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា នេះបង្ហាញនូវសមាគ្គីភាពជាបងប្អូន និងមនោសញ្ចេតនារបស់វៀតណាមចំពោះសហភាពសូវៀតកាលពីមុន និងរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។ លោក Volodin បានអះអាងថា វៀតណាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តគួរជាទីទុកចិត្តរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការសភាផងដែរ។

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម វាយតំលៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភារុស្ស៊ីក្នុងប្រព័ន្ធនយោបាយរុស្ស៊ី ក៏ដូចជាការរួមចំណែកជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងរុស្ស៊ី និងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុង​រយៈពេលកន្លងមក។

លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានអះអាងថា វៀតណាមយកចិត្តទុកដាក់ជាពិសេស  និងមានបំណងចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ដែលក្នុងនោះ សភាមានតួនាទីជាក់ស្តែងក្នុងការជំរុញនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ទន្ទឹមនឹងនោះធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការយោគយល់គ្នា និងទំនុកចិត្តរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សភានៃប្រទេសទាំងពីរក្នុងការគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្ដិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ថាមពល អប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានព្រមព្រៀងដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងនីតិវិធី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការរស់នៅ សិក្សា និងធ្វើការនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។

ភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើនការសហការគ្នានៅវេទិកាសភាពហុភាគី ដោយហេតុនោះ បង្ហាញពីសំឡេងរួមដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

គួររំលឹកថា នាថ្ងៃទី ៩ ឧសភា នៅទីក្រុងមូស្គូ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានជួបសវនាការជាមួយលោក Dmitry Medvedev  ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Dmitry Medvedev  ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

លោក Dmitry Medvedev បានអបអរសាទរចំពោះសមិទ្ធិផលទាំងឡាយដែលវៀតណាមសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមផ្ទាល់។ លោកសម្តែងការជឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍប្រកបដោយចីរភាព ឯករាជ្យ និងសមាហរណកម្មគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។

រីឯខ្លួនវិញ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្រ្គាមការពារជាតិដ៏មហិមា និងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ភាគីទាំងពីរអះអាងបន្តពង្រឹងជំនឿទុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សរួបរួមរុស្ស៊ី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងប្រកបដោយនិរន្តរភាព​យូរអង្វែង។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីបន្តទទួលមរតកប្រពៃណីទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងដាក់ទិសដៅសហប្រតិបត្តិការថ្មីក្នុងវិស័យការពារជាតិ សន្តិសុខ ប្រេង និងឧស្ម័ន សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អាកាសចរណ៍ អវកាស បញ្ញាសិប្បនិម្មិត អប់រំ-បណ្តុះបណ្តាល សន្តិសុខតាមអុីនធឺណិត វប្បធម៌ និងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងឯកភាពបង្កើនកិច្ចសហការគ្នានៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ APEC និងអាស៊ាន។ល។

* នាព្រឹកថ្ងៃទី១០ ខែឧសភា (តាមម៉ោងតំបន់) លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសំណេះសំណាល និងថ្លែងសុន្ទរកថានៅវិទ្យាស្ថានរដ្ឋបាលសាធារណៈ និងសេដ្ឋកិច្ចជាតិរុស្ស៊ី ក្រោមឱវាទប្រធានាធិបតីសហព័ន្ធរុស្ស៊ី (ហៅកាត់ថា RANEPA) ឬ ហៅថាវិទ្យាស្ថានប្រធានាធិបតី។

* នារសៀលថ្ងៃទី ១០ ឧសភា (តាមម៉ោងតំបន់) លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកជំទាវ រួមជា​មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញ ទីលានហូជីមិញ និងដាក់កម្រងផ្កានៅសិលាចារឹកអនុស្សាវរីយ៍នៅទីលាន Le Duan ទីក្រុងមូស្គូ៕

បកប្រែដោយ Pham Diep