លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមនាពេលថ្មីៗនេះរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទស្សនៈរួមដែលសម្រេចបានរវាងអគ្គលេខាបក្សទាំងពីរ បានបន្តតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច និងការជួបជុំថ្នាក់ជាន់ខ្ពស់វៀតណាម-ចិន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក បំពេញការសិក្សាសម្រាប់សាងសង់ខ្សែ Lao Cai - Ha Noi - Hai Phong នៅឆ្នាំ២០២៥។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញកសិផលវៀតណាម ទៅកាន់ទីផ្សារចិន។ លោកនាយករដ្ឋមន្ត្រីក៏មានគោលបំណងចង់ជំរុញការវិនិយោគដែលមានគុណភាពខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានបរិស្ថាន ហិរញ្ញវត្ថុ រូបិយប័ណ្ណ វប្បធម៌ ការអប់រំ ទេសចរណ៍ អាកាសចរណ៍ និងសុខភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរបន្តគ្រប់គ្រងព្រំដែនដីគោកឱ្យបានល្អ គ្រប់គ្រង និងដោះស្រាយជម្លោះលើសមុទ្រឱ្យកាន់តែប្រសើរឡើង ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ព្រមទាំងដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។

ដោយឯកភាពលើអាទិភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំណត់ដោយលោកនាយករដ្ឋមន្ត្រី លោក He Wei ឯកអគ្គរដ្ឋទូត បានអះអាងថា ប្រទេសចិនត្រៀមខ្លួនជាស្រេចអនុវត្តទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។ ប្រទេសចិនសន្យាបើកទីផ្សារប្រើប្រាស់របស់ខ្លួនសម្រាប់ទំនិញវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ប្រកបដោយតុល្យភាព និងនិរន្តរភាព ពន្លឿនកិច្ចសហប្រតិបត្តិការលើផ្លូវដែក ការតភ្ជាប់ចរាចរណ៍ និងពន្លឿនការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ សម្របសម្រួលការអនុវត្តឆ្នាំផ្លាស់ប្តូរមនុស្សធម៌ចិន-វៀតណាម ឲ្យបានល្អ រួមគ្នាគ្រប់គ្រង និងដោះស្រាយជម្លោះលើសមុទ្រឲ្យបានល្អប្រសើរនិងបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

បកប្រែដោយ Huyen Trang