លោក To Lam អគ្គលេខាបក្សកុម្មុយនិស្សវៀតណាមអញ្ជើញចូលរួមពិធីប្រកាសបើកជើងហោះហើរត្រង់ ហាណូយ-ម៉ូស្គូ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី និងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា នាថ្ងៃទី៩ ខែឧសភា (ម៉ោងក្នុងស្រុក) នៅទីក្រុងមូស្គូ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្សវៀតណាម បានធ្វើជាសក្សីក្នុងពិធីប្រកាសបើកផ្លូវហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងម៉ូស្គូ រៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។
នេះគឺជាការបោះជំហានថ្មីក្នុងបរិបទដែលវៀតណាម និងសហព័ន្ធរុស្ស៊ីពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
    |
 |
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ អញ្ជើញចុចប៊ូតុងបើកការហោះហើរត្រង់ (រូបថត៖ vov.vn) |
ការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងម៉ូស្គូ មិនត្រឹមតែរួមចំណែកជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការអភិវឌ្ឍទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកិច្ចសន្យាយូរអង្វែងក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរទៀតផង។ គួរបញ្ជាក់ថា នាថ្ងៃទី ៨ ខែឧសភា ជើងហោះហើរលេខ VN៦៣ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដែលដឹកអ្នកដំណើរចំនួន ២៥៤ នាក់បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo (ទីក្រុងម៉ូស្គូ)។
បច្ចុប្បន្ន Vietnam Airlines បានដំណើរការជើងហោះហើរហាណូយ-ម៉ូស្គូ ក្នុងមួយសប្តាហ៍ ២ ដងនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថានឹងបង្កើនដល់ ៣ ដងក្នុងមួយសប្តាហ៍ចាប់ពីខែកក្កដា ឆ្នាំ ២០២៦។
ក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ច វៀតណាម-សហព័ន្ធរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូនៅថ្ងៃស្អែក (១១ ឧសភា) Vietnam Airlines នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូទេសចរណ៍ឈានមុខគេចំនួន ៤ របស់រុស្ស៊ី រួមមាន៖ Ammarus Tour, Mosturflot, AZIMUT Hotels និង Union of Fairs and Congress។ សកម្មភាពនេះរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ៕
បកប្រែដោយ Huyen Trang