សង្គ្រាមការពារជាតិដ៏មហិមា (១៩៤១-១៩៤៥) គឺជាសង្រ្គាមដ៏កាចសាហាវ និងរុងរឿងបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នៅក្នុងសង្រ្គាមនេះ ប្រជាជនសូវៀត និងកងទ័ពក្រហមសូវៀត រួមជាមួយនឹងកម្លាំងជឿនលឿនទាំងអស់នៅក្នុងពិភពលោក បានក្រោកឡើងប្រឆាំងនឹងហ្វាស៊ីសនិយម ដែលជាអានុភាពខ្មៅងងឹតដែលបានបង្កសង្រ្គាម ការបំផ្លិចបំផ្លាញ និងគំនុំគុំកួននៅទូទាំងទ្វីបទាំងប្រាំ។ ជ័យជំនះនៃកងទ័ពក្រហមសូវៀតនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ បានក្លាយជានិមិត្តសញ្ញាដ៏មហិមានៃស្មារតីប្រឆាំងហ្វាស៊ីស រំដោះមនុស្សជាតិចេញផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍។

leftcenterrightdel
ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមក្នុងការហាត់​សម​ពិធីព្យុហយាត្រានៅទីលានក្រហម

ត្រលប់ទៅក្នុងប្រវត្តិសាស្ត្រវិញ នៅក្នុងការប្រយុទ្ធដ៏ឃោរឃៅដើម្បីការពារទីក្រុងមូស្គូនៅចុងឆ្នាំ ១៩៤១ និងដើមឆ្នាំ ១៩៤២ កងវរសេនាធំអន្តរជាតិនៃកងពលតូចម៉ូតូចល័តពិសេស (OMSBON) ដែលជាកម្លាំងចំណានត្រូវបានចល័តដោយផ្ទាល់ទៅសមរភូមិមានយុទ្ធជនវៀតណាមចំនួន ៧ នាក់។ យុទ្ធជន​ទាំង ៧ នាក់​ នេះគឺជាសិក្ខាកាមដែលត្រូវបានលោកប្រធានហូជីមិញ (ពេលនោះត្រូវបានគេស្គាល់ថា Nguyen Ai Quoc) និងបក្សយើង ចាត់​បញ្ជូនទៅបណ្តុះបណ្តាល​នៅ​សហភាពសូវៀតសដើម្បី​​រៀបចំកងកម្លាំងសម្រាប់បដិវត្តន៍រំដោះជាតិ។ រួមជាមួយនឹងសមាជិក OMSBON រាប់ពាន់នាក់ ដែល​ជាយុវជនមានសញ្ជាតិផ្សេងៗគ្នាមកពីប្រទេសអេស្ប៉ាញ ប៊ុលហ្គារី អាល្លឺម៉ង់ ឆែក ប៉ូឡូញ ហុងគ្រី អ៊ីតាលី ក្រិក បារាំង យុវជន​វៀត​ណាម​៧នាក់​​​បាន​ចូលរួមក្នុងជួរកងទ័ពក្រហមសូវៀត ហើយ​ប្រយុទ្ធយ៉ាងក្លាហាននឹងកងទ័ពហ្វាស៊ីស។ យុទ្ធជន​ជា​ច្រើន​ រួមទាំងយុទ្ធជនវៀតណាមបានពលីជីវិតក្នុងសង្រ្គាម រួមចំណែកក្នុង​ការ​ទប់ស្កាត់ និងកំទេចលទ្ធិហ្វាស៊ីស នាំមកនូវសន្តិភាពដល់មនុស្សជាតិ។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨៦ យោងតាមក្រឹត្យរបស់ប្រធានគណៈប្រធានជាន់ខ្ពស់នៃសហភាពសូវៀត រដ្ឋសូវៀតបានប្រគល់គ្រឿងឥស្សរិយយសនៃសង្គ្រាមការពារជាតិថ្នាក់ទីមួយ និងមេដាយលើកតម្កើងរំលឹកខួបលើកទី ៤០ នៃជ័យជំនះ ជូន​យុទ្ធជនវៀតណាមចំនួន ៧ នាក់ដែលបានចូលរួមក្នុងសង្គ្រាមការពារជាតិដ៏មហិមា។

leftcenterrightdel
ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមក្នុងការហាត់​សម​ពិធីព្យុហយាត្រានៅទីលានក្រហម

វៀតណាមតែងតែគោរព និងមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនចំពោះជ័យជំនះរួមលើហ្វាស៊ីសនិយមរបស់មនុស្សជាតិ ដោយចាត់ទុកថានេះជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានក្នុង​ប្រវត្តិសាស្ត្រនៃការតស៊ូបដិវត្តន៍របស់វៀតណាម។

តាមរយៈបទពិសោធន៍របស់បុព្វបុរសរបស់យើងក្នុង​ការ​តស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុង​ប្រវត្តិសាស្ត្រនៃការកសាង និងការពារប្រទេស វៀតណាមតែងតែយល់ច្បស់អំពីតម្លៃនៃសន្តិភាព និងសាមគ្គីភាពអន្តរជាតិ។ ចាប់តាំងពីចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) ក្នុងឆ្នាំ ១៩៧៧ វៀតណាមតែងតែរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរួមដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបង្ហាញយ៉ាងមុតមាំនូវតួនាទី និងទំនួលខុសត្រូវរបស់ខ្លួនក្នុងការរក្សាសន្តិភាព ហើយបានរួមចំណែកយ៉ាងសកម្មចំពោះសហគមន៍អន្តរជាតិតាមរយៈការចាត់បញ្ជូនកងទ័ពទៅចូលរួម​កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែល​​ជាសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រអំ​ពីប្រទេសមួយ​​ដែលចូលរួមក្នុងការប្រយុទ្ធដើម្បីសន្តិភាព និងឯករាជ្យភាព ទៅជាប្រទេសចូលរួមក្នុងការរក្សាសន្តិភាព។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ដែលចូលរួមក្នុងសកម្មភាពស្វែងរក និងជួយសង្គ្រោះបន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងទួរគី ដោយជួយប្រទេសមិត្តជំនះពុះពារផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងទទួលបានការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ និងអង្គការសហប្រជាជាតិ។ល។

ទាំងអស់ខាងលើរួមចំណែកអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយការបរទេស “ជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។ ពីការតស៊ូដើម្បីយុត្តិធម៌ដល់ការបម្រើមនុស្សជាតិ កងទ័ពវៀតណាមតែងតែបង្ហាញពីភាពក្លាហាន និងឧត្តមគតិរបស់កងទ័ពលោក អ៊ំ ហូ រួម​ទាំង​ភាពក្លាហានក្នុងសមរភូមិ និងមានលក្ខណៈមនុស្សធម៌ក្នុងសម័យសន្តិភាព។

ការដែលវៀតណាមចាត់បញ្ជូនកងកម្លាំងទៅចូលរួមក្នុងពិធីព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមានៅសហព័ន្ធរុស្ស៊ីឆ្នាំ ២០២៥ គឺជាការបន្តប្រវត្តិសាស្ត្រ និងប្រពៃណីដ៏ល្អ។ ទាំងយុវជនវៀតណាមដែលបានចូលរួមការពារទីក្រុងមូស្គូកាលពីអតីតកាល ហើយនិងបណ្តាយោធិនវៀតណាមជាមួយនឹងជំហានដ៏អស្ចារ្យនៅលើទីលានក្រហមសព្វថ្ងៃនេះ សុទ្ធតែ​មានស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ ត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់សន្តិភាពរួមរបស់មនុស្សជាតិ។ ព្រឹត្តិការណ៍នេះរំឭកយើងអំពីមេរៀនដ៏មានតម្លៃនៃប្រវត្តិសាស្ត្រថា៖ ដើម្បីការពារសន្តិភាព ប្រជាជាតិទាំងឡាយ​ត្រូវតែរួបរួមគ្នា ដើម្បីទប់ស្កាត់សង្រ្គាម យើងត្រូវតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការ​ឈ្លានពាន ភាពជ្រុលនិយម និងគំនុំគុំកួន ជាទម្រង់ថ្មីនៃហ្វាស៊ីសនិយម។

តាមរយៈការឡើងចុះជាច្រើន វៀតណាមតែងតែឈរនៅខាងសន្តិភាព និងយុត្តិធម៌។ ពីប្រទេសដែលត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាម វៀតណាមបានក្រោកឡើងក្លាយជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកដល់បុព្វហេតុរួមរបស់មនុស្សជាតិក្នុងការកសាងពិភពលោកសន្តិភាព យុត្តិធម៌ និងអភិវឌ្ឍប្រកបដោយចីរភាព។ នោះគឺជាសារនៃសម័យកាលនៃជ័យជំនះលើហ្វាស៊ីស កាលពី ៨០ ឆ្នាំមុន៖ សមគ្គីភាពជាតិរួមជាមួយនឹងសាមគ្គីភាពអន្តរជាតិនឹងបង្កើតកម្លាំងពលំដ៏ធំធេងដើម្បីកម្ចាត់សត្រូវទាំងអស់មិនថាក្នុងសង្គ្រាម ឬប្រឈមមុខនឹងការប្រឈមពិភពលោកនាពេលបច្ចុប្បន្ននេះ។

ក្នុងស្មារតីនោះ វៀតណាមសន្យាបន្តរួមជាមួយមនុស្សជាតិជឿនលឿន ដើម្បីអនាគតដ៏ល្អប្រសើរ ដែលទង់សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតែងតែបក់រវិចៗលើផ្ទៃមេឃលើពិភពលោក៕

បកប្រែដោយ Huyen Trang