ភ្លាមៗបន្ទាប់ពីពិធីព្យុះហយាត្រា  លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកជំទាវ រួមជាមួយនឹងប្រធានគណៈប្រតិភូនិងលោកជំទាវមកពីប្រទេសនានាបានអញ្ជើញចូលរួមពិធីដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនអនាមិកក្នុងសួន Aleksandrovsky នៅក្បែរជញ្ជាំងវិមានក្រឹមឡាំង។  

* នៅថ្ងៃទី ៩ ខែឧសភា នៅទីស្នាក់ការក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៅទីក្រុងមូស្គូ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម អញ្ជើញចូលជួបសវនាការជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ រដ្ឋសភាសហព័ន្ធរុស្ស៊ី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរដ្ឋសភាសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

លោកស្រី Valentina Matviyenko បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយ​និស្ដវៀតណាម នឹងបង្កើតកម្លាំងចលករថ្មី រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីដូចជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ក្រុមប្រឹក្សាសហព័ន្ធក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា តាមរយៈនោះ រួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទ្វេភាគី។

មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសភានាពេលកន្លងមក  និងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសរវាងគណៈកម្មាធិការជំនាញ និងក្រុមសមាជិកសភាមិត្តភាព។ ព្រមទាំងបន្តសម្របសម្រួលក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីលើវិស័យសំខាន់ៗចំនួនប្រាំ គឺវិស័យការពារជាតិ-សន្តិសុខ ថាមពល-ប្រេងនិងឧស្ម័ន វិទ្យាសាស្ត្រ-បច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ  វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ​ រួមទាំងការជួយគាំទ្រក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅកាន់ទីក្រុងមូស្គូ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជួបជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរដ្ឋសភាសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនការសហការគ្នានៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ដោយហេតុនេះ បង្ហាញពីសំឡេងរួមចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យរដ្ឋសភាសហព័ន្ធរុស្ស៊ីបន្តរក្សាគោលជំហរ  និងតុល្យភាព ហើយបញ្ចេញសំឡេងគាំទ្រគោលជំហរ និងទស្សនៈរបស់វៀតណាម និងអាស៊ានក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

* គួររំលឹកថា មុននោះ នាយប់ថ្ងៃទី ៨ ឧសភា ក្នុងឱកាសអញ្ជើញចូលរួមពិធីលាងសាយភាជន៍ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានារបស់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានជួបទ្វេភាគីជាមួយលោក Miguel Díaz-Canel  លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា, ជួបជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជួបទ្វេភាគីជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

* ក្នុងជំនួបជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ  ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការតភ្ជាប់ផ្លូវដែក ការពង្រីកកិច្ចសហប្រតិបត្ដិការក្នុងវិស័យថ្មី ធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការធ្វើបរិវត្ដកម្មឌីជីថលក្លាយជាជាចំណុចភ្លឺថ្មី និងសន្ទុះកំណើនថ្មីនៃទំនាក់ទំនងវៀតណាម-ចិន។

លោក To Lam  អគ្គលេខាបក្ស សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញពាណិជ្ជកម្មឲ្យមានស្ថិរភាព ហើយមានបំណងចង់ឲ្យចិននឹងពង្រីកការនាំចូលកសិផល ជលផល និងទំនិញផ្សេងៗទៀតពីវៀតណាម។ លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឱ្យភាគីទាំងពីរគ្រប់គ្រង និងដោះស្រាយបញ្ហាដែនសមុទ្រឲ្យបានល្អ បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងយុគសម័យអភិវឌ្ឍន៍​ថ្មី។

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមស្តីពីទិសដៅ និងវិធានការជំរុញទំនាក់ទំនងនាពេលខាងមុខ។ លោក Xi Jinping បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតជាមួយ​វៀតណាម ដោយចាត់ទុកនេះជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវតែអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង   ការយល់ឃើញរួម បង្កើនទំនុកចិត្តខាងនយោបាយ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងមូលដ្ឋានគ្រឹះនៃមតិសាធារណៈ និងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងនិរន្តរភាព។

* ក្នុងបរិយាកាសស្និទ្ធស្នាលនិងមិត្ដភាព លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក  Miguel Díaz-Canel លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា ដែលត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមលើកឡើងថា ភាគីទាំងពីរត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ហើយសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម សន្តិសុខស្បៀង សន្តិសុខថាមពល។ល។

លោក Miguel Díaz-Canel បានអះអាងថា លោកនឹងដឹកនាំក្រសួង ស្ថាប័ននានាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនៃលទ្ធផលក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមទៅកាន់គុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ ជាពិសេសជំរុញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងវិ័យកសិកម្មនិងធានាសន្តិសុខស្បៀង។

* ក្នុងជំនួបរវាងលោក Shavkat Mirziyoyev  ប្រធានាធិបតីអ៊ូសបេគីស្ថាន និងលោក To Lam អគ្គលេខាបក្សកុម្មុយ​និស្ដវៀតណាម។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចពិភាក្សា និងកិច្ចសន្ទនានយោបាយឲ្យកាន់តែស៊ីជម្រៅនៅគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់ តាមរយៈបណ្ដាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងមូលដ្ឋាន; បន្តសហការគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរស្វែងរកឱកាសវិនិយោគនៅទីផ្សាររបស់គ្នាទៅវិញទៅមក។ ជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌សិល្បៈ កីឡា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

* ក្នុងក្របខ័ណ្ឌនៃការចូលរួមខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមានៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី ៨ ឧសភា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានជួបទ្វេភាគីជាមួយលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល; លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា; លោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី និងលោក Nikol Pashinyan នាយករដ្ឋមន្ត្រីអាមេនី៕

បកប្រែដោយ Pham Diep