លោក Tran Thanh Man ប្រធានរដ្ឋសភា បំពេញទស្សនកិច្ចនៅកងពលធំលេខ៩
កប.អនឡាញ - នៅព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុងហូជីមិញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានបំពេញទស្សនកិច្ចនៅកងពលធំលេខ៩ អង្គទ័ពលេខ៣៤។
ដោយលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផល ដែលកងពលធំលេខ៩ សម្រេចបាន លោក Tran Thanh Man ប្រធានរដ្ឋសភាបានសម្តែងក្តីសង្ឃឹមថា កម្មាភិបាល និងយុទ្ធជននៃកងពលធំមានមោទនភាពជានិច្ចចំពោះប្រពៃណីដ៏ក្លាហានមោះមុត ហើយនឹងបន្តសរសេរជំពូកប្រវត្តិសាស្រ្តដ៏រុងរឿងដែលសក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជន។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា បំពេញទស្សនកិច្ចនៅកងពលធំលេខ៩ អង្គទ័ពលេខ៣៤ (រូបថត៖ ការិយាល័យរដ្ឋសភា) |
ដើម្បីឆ្លើយតបនឹងតម្រូវការនៃការកសាង និងការពារមាតុភូមិក្នុងដំណាក់កាលថ្មី លោកប្រធានរដ្ឋសភាបានស្នើឲ្យកងពលធំលេខ៩ បន្តអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីសម្រេច និងបទបញ្ជារបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សយោធាមជ្ឈិមទាក់ទងនឹងការកសាងបក្សភាគកងទ័ពដ៏រឹងមាំ។ លោកប្រធានរដ្ឋសភា ក៏បានស្នើឲ្យអង្គភាពផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាពនៃការអប់រំនយោបាយ និងសតិអារម្មណ៍ ក្នុងបរិបទនៃការកសាងកងទ័ពបដិវត្តន៍ រៀបរយ ចំណាន និងទំនើប និងមានសមត្ថភាពឆ្លើយតបនឹងឥទ្ធិពលអវិជ្ជមានទាំងអស់ពីខាងក្រៅ។
ដោយបញ្ជាក់ថា នៅសល់តែ ១១ ថ្ងៃទៀតប៉ុណ្ណោះ រហូតដល់ការបោះឆ្នោត លោកប្រធានរដ្ឋសភាបានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលធំលេខ៩ បន្តផ្សព្វផ្សាយអំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោតដល់កម្មាភិបាល និងយុទ្ធជន ជាពិសេសគឺយុទ្ធជនថ្មី ដើម្បីឲ្យយោធិនដឹងថា នេះគឺជាសិទ្ធិផង និងជាការទទួលខុសត្រូវនយោបាយដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋផង...៕
បកប្រែដោយ Thuy Anh