អភិរក្ស និងលើកកំពស់តម្លៃសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ
កប.អនឡាញ - ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Kien Giang វៀតណាម បានអនុវត្តអនុគម្រោងលេខ៦ស្តីពី “ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនជាតិភាគតិច រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍” ក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១៖ ២០២១-១០២៥ (កម្មវិធីលេខ១៧១៩) ដើម្បីជួយឧបត្ថម្ភដល់ការងារអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនជាតិភាគតិច រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍។
សម្រាប់ជនរួមជាតិខ្មែរក្នុងពិធីជប់លៀង ពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណី មិនអាចខ្វះបានភ្លេងតន្ត្រី និងរបាំប្រជាប្រិយទេ។ ថ្វីត្បិតតែត្រូវបានកកើតឡើងក្នុងជីវភាពរស់នៅរបស់សហគមន៍តាំងពីយូរយារណាស់មកហើយក្តី ប៉ុន្តែសិល្បៈប្រជាប្រិយនេះតែងតែត្រូវបានជនរួមជាតិ និងវត្តអារាមខ្មែរថែរក្សា ហើយចាត់ទុកជាកត្តាលើកទឹកចិត្តស្មារតីប្រជាជន។
បច្ចុប្បន្ន ខេត្ត Kien Giang មានវត្តខ្មែរចំនួន ១៨ ដែលត្រូវបានបំពាក់ដោយឧបករណ៍ភ្លេងសម្រាប់សកម្មភាពសិល្បៈ ហើយមានក្លឹប និងក្រុមសិល្បៈខ្មែរចំនួន ១០ ដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ សិល្បៈប្រពៃណីនៃជនជាតិខ្មែរនៅខេត្ត Kien Giang គឺមានសម្បូរបែប ដូចជា ភ្លេងអាពាហ៍ពិពាហ៍ ចង្វាក់បំពេរ សិល្បៈអាយ៉ៃ និងផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរ របាំប្រពៃណីខ្មែរ ល្ខោន យីកេ...តាមរយៈសកម្មភាពនៅក្លឹបរាំ និងច្រៀងនៃជនជាតិខ្មែរ មនោសញ្ចេតនារវាងអ្នកភូមិកាន់តែជិតស្និទ្ធ រួមចំណែករក្សា និងលើកកំពស់តម្លៃវប្បធម៌នៃជនជាតិខ្មែរ។
    |
 |
ក្លឹបរបាំខ្មែរភូមិ Kenh Nam (ឃុំ An Minh Bac ស្រុក U Minh Thuong) សំដែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (រូបថត៖ bienphong.com.vn) |
លោក Danh Thiem ប្រធានក្លឹបរបាំងខ្មែរនៅភូមិ Kenh Nam (ឃុំ An Minh Bac ស្រុក U Minh Thuong) បានឲ្យដឹងថា របាំរាំវង់មានតួនាទីសំខាន់ក្នុងសកម្មភាពនៃសហគមន៍ដែលតភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃ ពិធីបុណ្យប្រពៃណី ឬពិធីជំនឿសាសនាប្រពៃណីរបស់ជនជាតិ។ ដូច្នេះហើយ នាពេលកន្លងមកនេះ លោក Danh Thiem មិនខ្លាចការលំបាកក្នុងការបង្រៀនរបាំ និងចម្រៀងប្រពៃណីរបស់ជនរួមជាតិខ្មែរសម្រាប់យុវជនឡើយ។
ដោយមោទនភាពចំពោះសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ យុវជនជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងក្លឹប និងក្រុមសិល្បៈរបស់វត្តខ្មែរ ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ខ្លួន រួមចំណែកក្នុងការបម្រើសម្រាប់ពិធីបុណ្យក្នុងភូមិ។
លោក Danh De ប្រធានក្លឹបល្ខោន យីកេ នៅភូមិ Vinh Loi (ឃុំ Vinh Thanh ស្រុក Giong Rieng) បានឲ្យដឹងថា នៅក្នុងការសម្តែងសិល្បៈ ក្លឹបផ្តោតលើការផ្លាស់ប្ដូរថ្មីនូវខ្លឹមសារ បង្ហាញពីក្តីស្រឡាញ់ចំពោះស្រុកកំណើត និងប្រទេសជាតិរបស់ជនរួមជាតិខ្មែរ។ នាពេលកន្លងមកនេះ ក្លឹបបានរក្សាសកម្មភាពបន្ទាប់ពីបញ្ចប់ថ្ងៃធ្វើការ បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់មនុស្សគ្រប់រូបមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក។
ដើម្បីរក្សា និងលើកកម្ពស់តម្លៃវប្បធម៌របស់ជនជាតិភាគតិច ខេត្ត Kien Giang បានអនុវត្ត “គម្រោងអភិរក្ស និងលើកកំពស់តម្លៃសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរនៅខេត្ត Kien Giang ដំណាក់កាល ២០២១-២០២៥” តភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ដើម្បីធ្វើអាជីវកម្មផង និងអភិរក្សផង។ យោងតាមលោក Danh Phuc នាយកមន្ទីរជនជាតិ និងសាសនាខេត្ត Kien Giang គោលដៅនៃគម្រោងនេះគឺដើម្បីរួមចំណែកអនុវត្តល្អនូវការងារវប្បធម៌ជនជាតិ លើកកំពស់ជីវភាពខាងស្មារតីសម្រាប់ជនរួមជាតិខ្មែរ ស្របតាមគោលដៅអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ បង្កើនធនធានសម្រាប់អភិរក្ស និងលើកកម្ពស់តម្លៃសិល្បៈប្រពៃណីនៃជនជាតិខ្មែរ។
ទោះបីជាបង្កើតឡើងតាំងពីយូរយារណាស់ក៏ដោយ ក៏សិល្បៈប្រពៃណីនៃជនជាតិខ្មែរនៅខេត្ត Kien Giang បានបង្ហាញពីតួនាទីយ៉ាងសំខាន់ក្នុងជីវភាពវប្បធម៌។ ទាំងនេះគឺជាបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដែលដើរតួនាទីស្នូលក្នុងការកសាងជីវភាពវប្បធម៌ និងសិល្បៈនៅមូលដ្ឋាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន៕
បកប្រែដោយ Thuy Anh