នៅក្នុងកិច្ចពិភាក្សានេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលជំរុញនិងរៀបចំឱ្យបានល្អនូវសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបន្តជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាពនិងនិរន្តរភាព ក៏ដូចជាសហប្រតិបត្តិការក្នុងការវិនិយោគ និងសាងសង់គម្រោងធំៗ ដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យក្លាយជាចំណុចភ្លឺថ្មី។

leftcenterrightdel
លោក Bui Thanh Son ជួបពិភាក្សាការងារជាមួយលោក វ៉ាង យី​​ រដ្ឋមន្ត្រីការបរទេសចិន (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រី វ៉ាង យី បានសង្កត់ធ្ងន់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតជាន់ខ្ពស់ ដោយផ្តោតលើការជំរុញការផ្លាស់ប្ដូរគណៈប្រតិភូកម្រិតខ្ពស់នាពេលខាងមុខ។ ចិនត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញរបស់វៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បង្កើនការវិនិយោគគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ការពារបរិស្ថាន យន្តហោះពាណិជ្ជកម្ម និងពង្រឹងការតភ្ជាប់អគ្គិសនី រួមចំណែកដល់ការសម្រេចគោលដៅកំណើនរបស់ប្រទេសនីមួយៗ។

ដោយវាយតំលៃខ្ពស់ចំពោះការរួមចំណែកសកម្ម និងតួនាទីសំខាន់របស់វៀតណាមក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លោករដ្ឋមន្ត្រី វ៉ាង យី បានស្នើឱ្យប្រទេសសមាជិក រួមទាំងវៀតណាមបង្កើនការសហការគ្នា សំដៅឆ្ពោះទៅរកជោគជ័យក្នុងរយៈពេល ១០ ឆ្នាំបន្ដបន្ទាប់ នាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឈានឡើងកម្រិតកំពស់ថ្មី ពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងអស់ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពនៃតំបន់។

ទាក់ទិននឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាគ្រប់គ្រងការខ្វែងគំនិតគ្នាឲ្យបានល្អ រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់គ្នាទៅវិញទៅមកនៅសមុទ្រខាងកើត ដែលស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); មិនឲ្យធ្វើសកម្មភាពឯកតោភាគីដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ ដោះស្រាយបញ្ហានាវានេសាទ និងប្រជានេសាទឱ្យបានត្រឹមត្រូវ; ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ផងដែរ។

* នាថ្ងៃដដែល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានជួបជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជួបជាមួយ លោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធ និងរៀបចំឲ្យបានល្អសម្រាប់ជំនួបកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគី រួមទាំងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក្នុងឱកាសខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា។

ភាគីទាំងពីរបានបញ្ជាក់ថានឹងលើកកម្ពស់យន្ដការនៃកិច្ចសហប្រតិបត្ដិការទ្វេភាគី និងធ្វើឲ្យកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរប្ដេជ្ញាចិត្ដបង្កើនកិច្ចសហការ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ អនុតំបន់ និងរួមជាមួយប្រទេសជាសមាជិក រក្សាសាមគ្គីភាព និងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមរួម៕

បកប្រែដោយ Pham Diep