អ្នកយកព័ត៌មាន៖ សូមលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឲ្យដឹងពីអត្ថន័យ និងលទ្ធផលលេចធ្លោដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ទៅកាន់ប្រទេសកូរ៉េខាងត្បូង?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ តបតាមការអញ្ជើញរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានដំណើរទស្សនកិច្ចយ៉ាងជោគជ័យនៅប្រទេសកូរ៉េខាងត្បូង និងសម្រេចបានលទ្ធផលសំខាន់ៗ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរយៈពេល ៤ ថ្ងៃ លោក To Lam អគ្គលេខាបក្ស បានចូលរួមកិច្ចពិភាក្សា កិច្ចប្រជុំ និងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង អ្នកនយោបាយ អង្គការសេដ្ឋកិច្ច និងវប្បធម៌ អ្នកវិទ្យាសាស្ត្រ និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង និងបណ្ដាមិត្តកូរ៉េខាងត្បូង។ លទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងទិដ្ឋភាពចំនួនប្រាំដូចខាងក្រោម៖
ទីមួយ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងឈានដល់ការយោគយល់គ្នាដ៏សំខាន់ស្តីពីការជំរុញ និងពង្រឹងថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង។
ដោយសំដែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សំខាន់ៗ តួនាទីនិងកិត្យានុភាពអន្តរជាតិរបស់វៀតណាម លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមដ៏មហិមា ប្រជាជនវៀតណាមដ៏ឧត្តុង្គឧត្តម អងអាចក្លាហានក្នុងការតស៊ូរំដោះជាតិនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឆ្លងកាត់កិច្ចពិភាក្សា កិច្ចប្រជុំ និងជំនួបទ្វេភាគី ជាច្រើន ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងតែងតែចាត់ទុកវៀតណាមជាដៃគូឈានមុខគេក្នុងការអនុវត្តគោលនយោបាយការបរទេសក្នុងតំបន់ និងត្រៀមខ្លួនជាស្រេចរួមដំណើរនិងគាំទ្រវៀតណាមក្នុងការអនុវត្ដគោលដៅដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងចំណូលខ្ពស់។
លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងមានបំណងចង់កិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរបន្ដមានការអភិវឌ្ឍថ្មី និងមានប្រសិទ្ធភាពថែមទៀត ស្របនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញបន្ថែមទៀតនូវដំណើរទស្សនកិច្ច និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
ទីពីរ ដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងបរិបទដែលនយោបាយ និងសេដ្ឋកិច្ចពិភពលោកជួបការលំបាក និងអស្ថិរភាពជាច្រើន លោក To Lam អគ្គលេខាបក្ស បានលើកសំណើរចំពោះភាគីកូរ៉េខាងត្បូងកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រថ្មី ផ្លាស់ប្តូរពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅជាតភ្ជាប់សេដ្ឋកិច្ចវៀតណាមនិងកូរ៉េខាងត្បូង រួមទាំងជំរុញខ្សែសង្វាក់ផលិតកម្ម បើកទីផ្សារទំនិញរបស់គ្នាទៅវិញទៅមក និងគាំទ្រអាជីវកម្មវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាកផ្គត់ផ្គង់សកលរបស់អាជីវកម្មកូរ៉េខាងត្បូង អាស្រ័យហេតុនេះ ខិតខំសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ប្រកបដោយតុល្យភាព និងនិរន្តរភាព។ លោក To Lam អគ្គលេខាបក្ស ក៏បានអំពាវនាវឱ្យអាជីវកម្មកូរ៉េខាងត្បូង បន្តចាត់ទុកវៀតណាមជាមណ្ឌលផលិតកម្មសកល និងជាគោលដៅយុទ្ធសាស្ត្រសម្រាប់ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមទាំងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ...
ទី៣ ដំណើរទស្សនកិច្ចនេះបានបើកឱកាសសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗមួយចំនួនដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីធ្វើឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សជាសសរស្តម្ភថ្មីនៃទំនាក់ទំនងទ្វេភាគី។ ជាពិសេសគឺសម្របសម្រួលគ្នាក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្ដកម្មឌីជីថល បញ្ញាសិប្បនិមិត្ត និងកសាងគោលនយោបាយនវានុវត្ដន៍ឌីជីថល។
ទី៤ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃសង្គម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនគឺជាការតភ្ជាប់ទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នា។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានសន្យាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការគាំទ្រគ្រួសារពហុវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការបញ្ជូននិងទទួលពលករមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង សហការគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយអំពីវប្បធម៌ កីឡា និងទេសចរណ៍ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ទី៥ ដោយឈរលើទិដ្ឋភាពពហុភាគី ភាគីទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធ និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងអង្គការអន្តរជាតិ និងតំបន់ដូចជា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) អនុតំបន់មេគង្គ ព្រមទាំងត្រៀមខ្លួនជាស្រេចចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី ក៏ដូចជាបញ្ហាប្រឈមជាសកល។
ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូងឆ្នាំ ២០២៥ និងនៅវៀតណាមឆ្នាំ ២០២៧ ប្រកបដោយជោគជ័យ។
អាចនិយាយបានថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាព។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥០ រវាងក្រសួង ស្ថាប័ន អង្គការ សហគ្រាស និងមូលដ្ឋាននានានៃប្រទេសទាំងពីរលើវិស័យថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើបរិវត្ដកម្មឌីជីថល ហិរញ្ញវត្ថុ ធនាគារ សេវាកម្ម វប្បធម៌ ទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាម និងអាជីវកម្មកូរ៉េខាងត្បូង។ លទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ បានក្លាយជាព្រឹត្តិការណ៍ធំៗ និងបើកទំព័រថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។
អ្នកយកព័ត៌មាន៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗជាច្រើនលើវិស័យជាច្រើន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីនាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងប្រទេសឈានឡើងកម្រិតកំពស់ថ្មី។ តើតាមលោក វៀតណាមមានទិសដៅជាក់លាក់ណាខ្លះដើម្បីវៀតណាមអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទាំងនេះ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ ដោយឈរលើសេចក្តីថ្លែងការណ៍រួម និងលទ្ធផលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា និងសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ នាពេលខាងមុខ វៀតណាម និងកូរ៉េខាងត្បូងនឹងជំរុញការអនុវត្តទិសដៅនិងវិធានការជាក់លាក់ដូចខាងក្រោម៖
ទី១ បន្តបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តខាងនយោបាយ តាមរយៈកិច្ចសហប្រតិបត្តិការតាមបណ្ដាញបក្ស រដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ។
ទីពីរ ដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បូង ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។ ធ្វើឲ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដល់កម្រិតថ្មីមួយ ក្លាយជាសសរស្តម្ភថ្មីនៃទំនាក់ទំនង ស្របទៅនឹងតម្រូវការនិងផលប្រយោជន៍របស់ភាគីទាំងពីរ។ អំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរនឹងលើកទិសដៅដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ប្រកបដោយតុល្យភាព និងនិរន្តរភាព។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងបន្តបង្កើតបរិយាកាសអំណោយផលនិងជួយដោះស្រាយការលំបាកសម្រាប់អាជីវកម្មកូរ៉េខាងត្បូងដែលកំពុងវិនិយោគនៅវៀតណាម ក៏ដូចជាជួយអាជីវកម្មវៀតណាមកំពុងវិនិយោគនៅកូរ៉េខាងត្បូងផងដែរ។
ទី៣ ក្នុងការផ្លាស់ប្តូរនិងផ្សព្វផ្សាយវប្បធម៌ កីឡា និងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ចរបស់កូរ៉េខាងត្បូងនឹងចែករំលែកជាមួយវៀតណាមនូវបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មកម្សាន្ត និងជួយវៀតណាមក្នុងការកសាង និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌។ ជួយគាំទ្រវៀតណាមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង។
ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ អប់រំ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវ និងសម្របសម្រួលពង្រីកមុខរបរ និងទទួលពលករវៀតណាមនៅកូរ៉េខាងត្បូង។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំវៀតណាម និងសាកលវិទ្យាល័យ និងអាជីវកម្មឈានមុខគេរបស់កូរ៉េខាងត្បូងដើម្បីបង្កើតធនធានមនុស្សមានគុណភាពខ្ពស់ ស្របតាមទិសដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរ។
ទី៤ ភាគីទាំងពីរនឹងបន្តរក្សាការសម្របសម្រួល កិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ APEC អនុតំបន់មេគង្គជាដើម។ ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងប្រកបដោយជោគជ័យនៅចុងឆ្នាំ២០២៥ និងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូងឆ្នាំ ២០២៥ និងនៅវៀតណាមឆ្នាំ ២០២៧។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី!
បកប្រែដោយ Pham Diep