កសាងសហគមន៍មេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង
កប.អនឡាញ - នាថ្ងៃទី ១៥ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ១០ បានប្រព្រឹត្តទៅនៅទីក្រុង អាននីង (គុនមីង ខេត្តយូណាន ប្រទេសចិន) ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក MLC រួម មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ។
ក្រោមប្រធានបទ "ទសវត្សរ៍មាស៖ ការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនដើម្បីកសាងសហគមន៍កាន់តែប្រសើតាមរយៈសាមគី្គភាព" អង្គប្រជុំបានរំលឹកឡើងវិញនូវដំណើរការទសវត្សរ៍មួយនៃការបង្កើត និងការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការ MLC និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងទសវត្សរ៍បន្ដបន្ទាប់។
ប្រទេសសមាជិកទាំងអស់បានវាយតម្លៃថា MLC ជាយន្តការសហប្រតិបត្តិការអនុតំបន់ដ៏មានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងសមាហរណកម្មស៊ីជម្រៅនៃតំបន់។ ការអនុវត្តផែនការសកម្មភាព MLC ដំណាក់កាល ២០២៣-២០២៧ បានរួមចំណែកដល់ការបង្កើនការតភ្ជាប់ប្រព័ន្ធផ្លូវដែករវាងប្រទេស MLC និងការអភិវឌ្ឍន៍ច្រករបៀងនវានុវត្ដន៍ MLC និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងការចែករំលែកទិន្នន័យជលសាស្ត្រនៃទន្លេមេគង្គ-ឡានឆាង។
    |
 |
រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានាក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង |
ឈានចូលទសវត្សរ៍បន្ទាប់ អង្គប្រជុំបានយល់ព្រមដំឡើងកិច្ចសហប្រតិបត្តិការទៅ MLC 2.0។ រដ្ឋមន្ត្រីទាំងនេះ បានកំណត់ការធ្វើបរិវត្ដកម្មឌីជីថល និងនវានុវត្ដន៍ជាកម្លាំងចលករសម្រាប់កំណើនថ្មីនៃតំបន់ អាស្រ័យហេតុនេះ ប្រទេសនានាត្រូវជំរុញការអនុវត្តកម្មវិធី និងគម្រោងក្រោមច្រករបៀងនវានុវត្ដន៍ MLC និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI) កសិកម្មឆ្លាតវៃ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបតម្រូវការនៃយុគសម័យឌីជីថល និងបច្ចេកវិទ្យា។
អង្គប្រជុំបានឯកភាពថា ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតែជាវិស័យសំខាន់ និងស្នូលនៃកិច្ចសហប្រតិបត្តិការរបស់ MLC និងបង្កើនការសហការជាមួយគណៈកម្មការទន្លេមេគង្គ។ ទន្ទឹមនឹងនោះ ប្រទេសជាសមាជិកបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ គាំទ្រវិស័យឯកជនឱ្យចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជំរុញទេសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ល៕
បកប្រែដោយ Pham Diep