លោក To Lam អគ្គលេខាបក្ស បានអបអរសាទរទីក្រុងចំពោះសមិទ្ធិផលដ៏ធំធេងរបស់ខ្លួនក្នុងដំណើរការអភិវឌ្ឍន៍ ដែលបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំទីពីររបស់ប្រទេសកូរ៉េខាងត្បូង និងជាទីក្រុងកំពង់ផែធំជាងគេទី ៥ នៅលើពិភពលោក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ចាកចេញពីទីក្រុង Busan ត្រឡប់មកប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងប្រកបដោយជោគជ័យ (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានមានប្រសាសន៍ថា នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរឈានដល់ទស្សនៈរួមអំពីការគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា នេះជាឱកាសយុទ្ធសាស្ត្រសម្រាប់ទីក្រុង Busan និងមូលដ្ឋានដ៏មានសក្តានុពលរបស់វៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង។  លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យទីក្រុង Busan បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្ត ទីក្រុងរបស់វៀតណាម និងគាំទ្រសហគមន៍ធុរកិច្ចពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យអាទិភាពដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍទីក្រុងរណប មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ កន្លែងទេសចរណ៍ ចែករំលែកបទពិសោធន៍ក្នុងទម្រង់អភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការកំពង់ផែសមុទ្រឆ្លាតវៃ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រសំខាន់មួយរបស់វៀតណាម ពង្រឹងការតភ្ជាប់ និងគាំទ្រវៀតណាមក្នុងវិស័យឧស្សាហកម្មភាពយន្ត។

លោក Park Hyeong Jun អភិបាលក្រុង បានសន្យាថា ទីក្រុង Busan នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញ និងខេត្ត ក្រុងនានារបស់វៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងបំពេញបន្ថែមគ្នា រួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ លោក Park Hyeong Jun  បន្តថា អាជ្ញាធរទីក្រុងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលដល់សកម្មភាពរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan ទន្ទឹមនឹងនោះ បន្តមានគោលនយោបាយការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅទីក្រុង Busan ដោយហេតុនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេរួមចំណែកក្នុងការអភិវឌ្ឍទីក្រុង ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃតួនាទីជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ។

* នារសៀល ថ្ងៃទី ១៣ ខែសីហា នៅទីក្រុង Busan លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ ធ្វើពិធីការបើកសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan

មានប្រសាសន៍នៅក្នុងពិធី លោកស្រី Doan Phuong Lan អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan មិនត្រឹមតែជាទីភ្នាក់ងារការទូតថ្មីប៉ុណ្ណោះទេ ថែមទាំងជាទ្វារបើកចំហ ដែលជាចំណុចចាប់ផ្តើមនៃដំណើរថ្មីផងដែរ។ លោកស្រី Doan Phuong Lan បានអះអាងថា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan សន្យាជាដំបូលផ្ទះរួមរបស់បងប្អូនអាណិកជនជាកន្លែងដែលប្រជាជនវៀតណាមគ្រប់រូបអាចស្វែងរកការគាំទ្រ ការចែករំលែក និងការតភ្ជាប់ និងជាស្ពានដែលអាចទុកចិត្តបានសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូ ចែករំលែកឱកាស និងអភិវឌ្ឍរួមគ្នា។ល។

ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់មេដាយដើម្បីអាជីពការទូតដល់លោក Park Soo Kwan អតីតអគ្គកុងស៊ុលកិត្តិយសនៃវៀតណាមប្រចាំនៅទីក្រុង Busan។

* បន្ទាប់មក លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម រួមជាមួយថ្នាក់ដឹកនាំទីក្រុង Busan និងតំណាងរដ្ឋាភិបាលកូរ៉េខាងត្បូង បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ទីក្រុងហូជីមិញ-ទីក្រុង Busan។

មានប្រសាសន៍នៅក្នុងពិធី លោក To Lam អគ្គលេខាបក្ស បានអះអាងថា នេះគឺជាលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការក្នុងរយៈពេលជាង ៣០ ឆ្នាំរវាងវៀតណាម និងកូរ៉េខាងត្បូង ដែលត្រូវបានលើកកម្ពស់ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងទីក្រុង Busan បង្ហាញយ៉ាងរស់រវើកពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងបញ្ជាក់ពីតួនាទីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាក្នុងកិច្ចសហប្រតិបត្តិការរួមរវាងប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កូរ៉េខាងត្បូងបានរួមចំណែកជាវិជ្ជមានយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់វៀតណាម។ ការបើកសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan បង្ហាញពីសារៈសំខាន់របស់ទីក្រុង Busan ក្នុងទំនាក់ទំនងជាមួយវៀតណាម ទីក្រុងហូជីមិញ និងមូលដ្ឋានផ្សេងទៀតរបស់វៀតណាម។

លោក To Lam អគ្គលេខាបក្ស សង្ឃឹមថា នាពេលខាងមុខ ទីក្រុង Busan នឹងបន្តពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងទីក្រុងជាច្រើនទៀតរបស់វៀតណាម។ ខេត្តជាប់មាត់សមុទ្ររបស់វៀតណាមក៏មានឱកាសជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Busan ផងដែរ។ ការរួមដំណើរ និងការសម្របសម្រួលរបស់អាជ្ញាធរ និងប្រជាជនទីក្រុង Busan ជាមួយទីក្រុងហូជីមិញ និងមូលដ្ឋានផ្សេងទៀតរបស់វៀតណាមនឹងពិតជាសម្រេចបាននូវប្រសិទ្ធភាពនៃទិសដៅអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទើបតែបានឯកភាពគ្នា។

* នាថ្ងៃទី ១៣ ខែសីហា លោក To Lam អគ្គលេខាបក្ស បានមានជំនួបជាមួយលោក Park Soo Kwan អតីតអគ្គកុងស៊ុលកិត្តិយសនៃវៀតណាមប្រចាំតំបន់ Busan។

លោក To Lam អគ្គលេខាបក្ស បានអះអាងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយការគាំទ្រយ៉ាងសកម្មរបស់រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ និងពាណិជ្ជករគំរូរបស់កូរ៉េខាងត្បូង រួមទាំងលោក Park Soo Kwan ផ្ទាល់ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចបាន នឹងកំពុងអភិវឌ្ឍក្នុងអត្រាខ្ពស់គួរសម។

ដើម្បីឱ្យការងាររបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan ប្រព្រឹត្តទៅដោយរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព លោក To Lam អគ្គលេខាបក្ស សង្ឃឹមថា លោក Park Soo Kwan នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សកម្មភាពនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan នាពេលខាងមុខ។

លោក Park Soo Kwan អតីតអគ្គកុងស៊ុលកិត្តិយស បានអះអាងថា ជាមួយនឹងចក្ខុវិស័យ និងការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស វៀតណាមនឹងបន្តអភិវឌ្ឍប្រកបដោយវិបុលភាពនាពេលខាងមុខ។ លោក Park Soo Kwan ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរនាពេលខាងមុខនឹងបន្តអភិវឌ្ឍ រួមចំណែកបន្ថែមទៀតដល់ទំនាក់ទំនងសហប្រតិបត្តិការ កូរ៉េខាងត្បូង-វៀតណាម ក្នុងដំណាក់កាលថ្មី។

* នារសៀលថ្ងៃទី ១៣ ខែសីហា លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាកំពង់ផែ Busan ដែលជាកំពង់ផែសមុទ្រធំបំផុតរបស់កូរ៉េខាងត្បូង។

* នាល្ងាចថ្ងៃទី ១៣ ខែសីហា លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានត្រឡប់មកទីក្រុងហាណូយវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា តបតាមការអញ្ជើញរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ៕

បកប្រែដោយ Huyen Trang