លើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការសម្របសម្រួល គាំទ្រ និងជំរុញក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរឱ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរគួរតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលចុះហត្ថលេខារវាងរដ្ឋសភាទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងរដ្ឋសភាទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្តូររវាងសមាជិកសភា និងសមាជិកសភាវ័យក្មេង លើកកំពស់តួនាទីជាស្ពានតភ្ជាប់នៃក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជួបជាមួយលោក Woo Won Sik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ដូចជាបន្តបើកទ្វារបន្ថែមទៀតសម្រាប់ទំនិញដែលមានឧត្ដមភាពរបស់វៀតណាមទៅកាន់ទីផ្សារកូរ៉េខាងត្បូង ដោយហេតុនេះ ឆាប់សម្រចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ២០៣០; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; យកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការ រស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង ជាពិសេស បង្កើតលក្ខខណ្ឌសម្រាប់អាណិកជនវៀតណាមក្លាយជាសមាជិករដ្ឋសភាកូរ៉េខាងត្បូងនាពេលខាងមុខ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅយន្តការនិងវេទិកាពហុភាគី ហើយយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាគណបក្សនយោបាយនៅអាស៊ី។ ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកទស្សនៈរួមស្តីពីការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ផ្លូវច្បាប់ និងដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
គួររំលឹកថា នាព្រឹកថ្ងៃទី១២ ខែសីហា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម-កូរ៉េខាងត្បូង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មក្នុងយុគសម័យថ្មី” ដែលមានវត្ដមានពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងប្រតិភូជាង ៥០០ រូប មកពីអាជីវកម្មឈានមុខចំនួន ៤០០ នៃប្រទេសទាំងពីរ។
ថ្លែងមតិនៅវេទិកានេះ លោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា វៀតណាម និងកូរ៉េខាងត្បូងគួរតែពង្រីកកិច្ចសហប្រតិបត្តិការពីវិស័យប្រពៃណីទៅកាន់វិស័យថ្មី ជឿនលឿននិងឆ្ពោះទៅរកទំនាក់ទំនងសហប្រតិបត្តិការពហុកម្រិត។ លោក Kim Min Seok អះអាងថា កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចធ្វើសហប្រតិបត្ដិការជាមួយវៀតណាមដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងធានាសន្តិសុខថាមពល។ កូរ៉េខាងត្បូងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។
លោកអគ្គលេខាបក្ស សង្ឃឹមថា ក្រសួង ស្ថាប័នរបស់កូរ៉េខាងត្បូងនឹងបន្តគាំទ្រ និងជំរុញកិច្ចសន្ទនា តភ្ជាប់វិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមពង្រីកការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅកូរ៉េខាងត្បូង ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ ភាគីទាំងពីរនឹងជំរុញនិងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីគោលដៅជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ បន្តបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយផ្តោតលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ រួមមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
    |
 |
លោក To Lam អគ្គលេខាបក្ស និងលោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង អញ្ជើញជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ vnanet.vn) |
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស និងលោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានអញ្ជើញជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមជាមួយដៃគូកូរ៉េខាងត្បូង។
កត្តាជំរុញកំណើនសំខាន់ៗចំនួន ៣
នាថ្ងៃដដែល លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានអញ្ជើញចូលរួមកិច្ចសន្ទានាស្ដីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង។
នៅក្នុងកិច្ចសន្ទនានេះ ប្រតិភូកូរ៉េខាងត្បូងបានចែករំលែកបទពិសោធន៍ក្នុងការធ្វើបរិវត្ដកម្មឌីជីថលរបស់ប្រទេសកូរ៉េខាងត្បូង នវានុវត្ដន៍ក្នុងសហគ្រាសធុនតូចនិងមធ្យម និងយុទ្ធសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា និងផលិតកម្មដីកម្រ និងជំនួយអំពីបច្ចេកវិទ្យាសម្រាប់សហគ្រាសធុនតូច និងមធ្យម...
ថ្លែងក្នុងកិច្ចសន្ទនានេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយប្រកាន់យក "យុគសម័យឧស្សាហូបនីយកម្មជឿនលឿននៅកូរ៉េខាងត្បូង" ធ្វើជាសក្ខីភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល ព្រមទាំងលោក To Lam អគ្គលេខាបក្ស បានសម្តែងការជឿទុកចិត្ដ និងស្នើឲ្យប្រទេសទាំងពីរចាត់ទុកថានេះជាសសរស្តម្ភសំខាន់ និងជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង។
លោក To Lam អគ្គលេខាបក្ស អះអាងថា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានចាត់ទុកជាសសរស្តម្ភសំខាន់ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងនាពេលខាងមុខ លោក To Lam អគ្គលេខាបក្ស ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង នឹងអភិវឌ្ឍកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍យ៉ាងទូលំទូលាយ និងនិរន្តរភាពដល់ប្រទេសទាំងពីរ។
ការប្តេជ្ញាចិត្តចំពោះបរិយាកាសវិនិយោគប្រកបដោយតម្លាភាព
នារសៀលថ្ងៃទី១២ ខែសីហា លោក To Lam អគ្គលេខាបក្ស បានជួបជាមួយថ្នាក់ដឹកនាំ ប្រធាន និងអគ្គនាយកនៃសាជីវកម្មនាំមុខគេរបស់កូរ៉េខាងត្បូងដែលបាននិងកំពុង ហើយគ្រោងនឹងវិនិយោគនៅវៀតណាម។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃសាជីវកម្មបានផ្លាស់ប្ដូរ ចែករំលែកនូវគំរូសហប្រតិបត្តិការថ្មី ដែលស្របនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មីគឺ ជំរុញការផ្ទេរបច្ចេកវិទ្យា គាំទ្រសហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់; បណ្ដុះបណ្ដាលធនធានមនុស្សដែលមានបច្ចេកវិទ្យាខ្ពស់ ជាពិសេសក្នុងវិស័យ semiconductors បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា blockchain...; កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដូចជាឧស្ម័នធម្មជាតិរាវ ផ្លូវរថភ្លើងល្បឿនលឿន ថាមពលថ្មី; ជំរុញការប្រើប្រាស់បច្ចេកវិទ្យាជីវសាស្រ្តក្នុងផលិតកម្មបៃតង សេដ្ឋកិច្ចរាងជារង្វង់ និងការកាត់បន្ថយការបំភាយឧស្ម័ន និងស្វែងយល់សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មវប្បធម៌ logistics និងសេដ្ឋកិច្ចឌីជីថល...
លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងរួមដំណើរជាមួយសហគ្រាសកូរ៉េខាងត្បូង ដោយប្តេជ្ញាបង្កើតបរិយាកាសវិនិយោគប្រកបដោយយុត្តិធម៌ តម្លាភាព ស្ថិរភាព និងអំណោយផលថែមទៀត រួមគ្នាបង្កើនការជឿទុកចិត្ត ជំនះឧបសគ្គ ចែករំលែកសមិទ្ធិផលអភិវឌ្ឍន៍ និងបង្កើតយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង។
    |
 |
លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ Kim Hye Kyung ជាមួយលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ Ngo Phuong Ly (រូបថត៖ vnanet.vn) |
* នាថ្ងៃដដែល លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ Kim Hye Kyung បានអញ្ជើញលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ Ngo Phuong Ly ពិសារតែនៅអាគារបៃតង និងទស្សនាការសម្តែងសិល្បៈប្រពៃណី៕
បកប្រែដោយ Pham Diep