ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មការច្បាប់ (គណៈកម្មការលេខ ៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ បានបើកកិច្ចពិភាក្សាពេញអង្គលើប្រធានបទ "នីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ ក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ"។ ការពិភាក្សាបានទាក់ទាញការចូលរួម និងថ្លែងសុន្ទរកថា​របស់ប្រទេស​ជាសមាជិក និងអ្នកសង្កេតការណ៍ជា​ច្រើន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ Pham Huan/VOV-Washington)

អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថាន​បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការលើកកំពស់ការគោរព និងការអនុវត្តច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់​គឺជាឫសគល់នៃសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ​សកលលោក។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងស្ថាប័ន និងដំណើរការច្បាប់អន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងដំណើរការចរចាកសាងឯកសារសំខាន់ៗ។

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើកកម្ពស់នីតិរដ្ឋក្នុងវិស័យអ៊ីនធឺណិត រួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលកំពុងកើតមានក្នុងជីវិតអន្តរជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Do Hung Viet មានប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​ (រូបថត៖ Pham Huan/VOV-Washington)

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានចែករំលែកថា ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងការបែកបាក់ វៀតណាមយល់ច្បាស់ជាងអ្នកណាទាំងអស់អំពីតម្លៃសន្តិភាព និងនីតិរដ្ឋ ដូច្នេះហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីម្តងទៀតថារាល់ការទាមទារ និងសកម្មភាពរបស់ភាគីនានានៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Duy Hoan