ជំរុញកិច្ចសហប្រតិបត្តិការ វៀតណាម-សហភាពអឺរ៉ុប លើវិស័យសេដ្ឋកិច្ចសមុទ្រ
កប.អនឡាញ - ក្នុងឱកាសចូលរួមវេទិកាច្រកទ្វារសកលលើកទី ២ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា នៅទីក្រុង Brussels (បែលហ្ស៊ិក) នាព្រឹកថ្ងៃទី៩ ខែតុលា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយលោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ស្តីពីគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសនៅទីស្នាក់ការស្ថាប័នការបរទេស EU (EEAS)។
នៅក្នុងកិច្ចពិភាក្សា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ EU ជំរុញប្រទេសជាសមាជិកឆាប់បញ្ចប់ដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) ដោយហេតុនោះ ការពារសិទ្ធិ និងលើកទឹកចិត្តសហគ្រាសអឺរ៉ុបវិនិយោគក្នុងគម្រោងសំខាន់ៗនៅវៀតណាម។ លោក Bui Thanh Son បានស្នើឱ្យ EU ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ លើកកំពស់សមត្ថភាពរបស់អ្នកនេសាទ និងអង្គភាពអាជីវកម្មក្នុងការបន្ស៊ាំខ្លួនទៅនឹងការកេងប្រវ័ញ្ចប្រកបដោយការទទួលខុសត្រូវ ការពារជីវៈចម្រុះ និងធនធានសមុទ្រ។ លោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកអំពីលទ្ធផល និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) ព្រមទាំងសម្តែងនូវក្តីសង្ឃឹមថា EU នឹងដកកាតលឿង IUU ក្នុងពេលឆាប់ៗនេះ បង្កើតលក្ខខណ្ឌជំរុញកិច្ចសហប្រតិបត្តិការ វៀតណាម-EU ក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ជាពិសេសការអភិវឌ្ឍការធ្វើនេសាទប្រកបដោយនិរន្តរភាព។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងលោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប (រូបថត៖ ក្រសួងការបរទេស) |
លោកស្រី Kaja Kallas អនុប្រធាន EC បានទទួលស្គាល់ការបោះជំហានសំខាន់ៗរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹង IUU ព្រមទាំងឲ្យដឹងថា EC គ្រោងនឹងបញ្ជូនគណៈប្រតិភូ មកធ្វើការនៅវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។ ភាគី EU ក៏មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបម្រើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបរិបទដែលភាគីទាំងពីរកំពុងឆ្ពោះទៅការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា បន្តបញ្ជាក់ពីតួនាទី និងសារៈសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងឯកភាពថា ជម្លោះគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការពិគ្រោះ និងការពិភាក្សា។ ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកស្រី Kaja Kallas អនុប្រធាន EC មកបំពេញទស្សនកិច្ចនៅវៀតណាម ព្រមទាំងអញ្ជើញ EU បញ្ជូនតំណាងជាន់ខ្ពស់ទៅចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែតុលាខាងមុខនេះ នៅទីក្រុងហាណូយ។ លោកស្រីអនុប្រធាន EC បានទទួលយកការអញ្ជើញ ហើយសង្ឃឹមថានឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគី EU នឹងជូនដំណឹងក្នុងពេលឆាប់ៗនេះអំពីការបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ៕
បកប្រែដោយ Huyen Trang