ពង្រឹងទំនុកចិត្តខាងនយោបាយ លើកកម្ពស់ទំនាក់ទំនងវៀតណាម-កូរ៉េខាងជើង ឡើងដល់កម្រិតកម្ពស់ថ្មី
កប.អនឡាញ - នៅវេលាម៉ោង ៦.៣០ នាទីព្រឹក (ម៉ោងក្នុងតំបន់ ៤.៣០ នាទីព្រឹក ម៉ោងនៅទីក្រុងហាណូយ) នាថ្ងៃទី៩ ខែតុលា លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង តបតាមការអញ្ជើញរបស់លោក Kim Jong Un អគ្គលេខាធិការបក្សពលករ និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង។
នាព្រឹកថ្ងៃដដែល នៅវិមានកីឡាក្រុងព្យុងយ៉ាង លោក Kim Jong Un បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោក To Lam អគ្គលេខាបក្ស។ ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា។ លោក Kim Jong Un បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (១០ តុលា ១៩៤៥ / ១០ តុលា ២០២៥) និងសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះ មានសារសំខាន់ពិសេស បង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីបង្កើនការយោគយល់គ្នា ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សង្គមនិយមនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ រួមចំណែកជួយដល់ការអភិវឌ្ឍរបស់កូរ៉េខាងជើង។ លោក Kim Jong Un បានរំលឹកពីចំណាប់អារម្មណ៍ដ៏ល្អរបស់លោកចំពោះប្រជាជន និងប្រទេសដ៏ស្រស់ស្អាតវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងឆ្នាំ ២០១៩។
    |
 |
លោក Kim Jong Un អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោក To Lam អគ្គលេខាបក្ស វៀតណាម (រូបថត៖ vnanet.vn) |
ដោយសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងក្នុងឋានៈថ្មី ក្នុងឱកាសដ៏ឧឡារិករបស់កូរ៉េខាងជើង រំលឹកខួបលើកទី ៨០ នៃថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង និងភាគីទាំងពីររំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងជើង លោក To Lam អគ្គលេខាបក្ស បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏អស្ចារ្យក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាបងប្អូនរបស់កូរ៉េខាងជើងក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្សពលករកូរ៉េខាងជើង។ ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងបើកចំហ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរជាទូទៅអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ ទំនាក់ទំនងវៀតណាម-កូរ៉េខាងជើង និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ តាមរយៈបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងតំបន់មូលដ្ឋាន ដើម្បីបង្កើនការចែករំលែកបទពិសោធន៍ ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក រក្សាបាននូវយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសមស្រប ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
លោក To Lam អគ្គលេខាបក្ស ស្នើថាភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញបក្ស ពិចារណារៀបចំសិក្ខាសាលាផ្លាស់ប្តូរទ្រឹស្តី ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស និងអភិវឌ្ឍប្រទេសជាតិ ជំរុញកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមកស្របតាមគោលដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរ និងបទប្បញ្ញត្តិអន្តរជាតិ។ លោក To Lam អគ្គលេខាបក្សបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយកូរ៉េខាងជើងនូវបទពិសោធន៍ក្នុងការផ្លាស់ថ្មីសេដ្ឋកិច្ច ព័ត៌មានស្តីពីគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ច ការនាំចូល-នាំចេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក To Lam អគ្គលេខាបក្សក៏សង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលខ្លាំងដូចជា៖ វប្បធម៌ កីឡា ទេសចរណ៍ អប់រំ សុខាភិបាល ព័ត៌មាន និងទំនាក់ទំនង ព្រមទាំងបង្កើតកម្មវិធីវិទ្យុ និងទូរទស្សន៍ ដើម្បីឧទ្ទេសនាមវប្បធម៌ប្រទេស និងប្រជាជននៃប្រទេសនីមួយៗ។
    |
 |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចភាគីទាំងពីរធ្វើការពិភាក្សាគ្នា (រូបថត៖ vnanet.vn) |
ដោយវាយតម្លៃខ្ពស់ និងឯកភាពចំពោះគំនិតសហប្រតិបត្តិការលើកឡើងដោយលោក To Lam អគ្គលេខាបក្ស លោក Kim Jong Un បានអះអាងថា កូរ៉េខាងជើងមានបំណងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការកសាងបក្ស និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមស្របជាច្រើន។ លោក Kim Jong Un បានស្នើឱ្យស្ថាប័នបក្ស ក្រសួងការបរទេស និងមូលដ្ឋាននានានៃភាគីទាំងពីរបង្កើនការផ្លាស់ប្តូរលើវិធានការជាក់លាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសំខាន់ៗ លើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ នាំឱ្យទំនាក់ទំនងវៀតណាម-កូរ៉េខាងជើង ទៅកាន់ដំណាក់កាលអភិវឌ្ឍថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក និងសម្របសម្រួលនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងវេទិកាតំបន់អាស៊ានជាដើម។ លោក To Lam អគ្គលេខាបក្សបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះភាគីពាក់ព័ន្ធនានាក្នុងការជំរុញការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងរួមគ្នារក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើឧបទ្វីបកូរ៉េ។
លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យកូរ៉េខាងជើងគាំទ្រយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ កាត់បន្ថយភាពតានតឹង និងដោះស្រាយការខ្វែងគំនិតនិងជម្លោះឱ្យបានត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ៕
បកប្រែដោយ Minh Trung