លោកឧត្តមសេនីយ៍ទោ Saichay Commasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួមពិធីបើកមានលោកវរសេនីយ៍ឯក Pham Van Dung នាយរងសេនាធិការយោធភូមិភាគទី៤; លោកវរសេនីយ៍ឯក ឡុង គីមធាន នាយករង ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ខ្លឹមសារនៃវគ្គហ្វឹកហ្វឺនសម្រាប់ការហាត់សមជួយសង្គ្រោះរួមគ្នារវាងកងទ័ពឡាវ វៀតណាម និងកម្ពុជា បានធ្វើឡើងនៅទន្លេណាមហ៊ុំ ស្រុកណាស៊ីផុង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែតុលា ដែលមានខ្លឹមសារដូចជា៖ ការហ្វឹកហ្វឺន និងអនុវត្តការរុករក និងជួយសង្គ្រោះជនរងគ្រោះដែលលិចលង់ដោយទឹកជំនន់តាមទន្លេ និងការរុករក និងជួយសង្គ្រោះដោយសំណង់បាក់រលំ។ ពេលវេលាហាត់សមជាផ្លូវការគឺថ្ងៃទី ១៥ ខែតុលា។
នេះជាសកម្មភាពប្រចាំឆ្នាំ តាមកិច្ចព្រមព្រៀងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ វៀតណាម និងកម្ពុជា។ ការហាត់សមនេះមានការចូលរួមពីកម្មាភិបាល យុទ្ធជនជិត ១០០០ នាក់ រួមជាមួយនឹងមធ្យោបាយ សម្ភារៈ និងឧបករណ៍ទំនើបៗជាច្រើន ដើម្បីបម្រើបេសកកម្មរុករក ជួយសង្គ្រោះនៃប្រទេសទាំងបី (ក្នុងនោះកងកម្លាំងនៃកងទ័ពប្រជាជនវៀតណាមចំនួន ១៤៥ នាក់ បានចូលរួម រួមមានកម្លាំងវិស្វកម្ម ពេទ្យយោធា បញ្ជូនសារ និងកម្លាំងធានា នៃយោធភូមិភាគទី៤)។
ក្រៅពីការហាត់សមរួម គណៈកម្មាធិការដឹកនាំការហាត់សមនឹងរៀបចំការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា និងការផ្លាស់ប្តូរព័ត៌មាន ដោយហេតុនេះបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងកម្មាភិបាល យុទ្ធជន នៃកងទ័ពរបស់ប្រទេសទាំងបី៕
បកប្រែដោយ Duy Hoan
Type the code from the image