គ្រប់វិស័យមានកំណើនយ៉ាងខ្លាំង

ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ ខឿនសេដ្ឋកិច្ចវៀតណាមនៅតែបន្តរក្សាការងើបឡើងវិញជាវិជ្ជមាន។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៣ សម្រេចបាន ៨.២៣% ដែលបង្ហាញឲ្យឃើញពីការកើនឡើងច្បាស់លាស់ ដែលជាត្រីមាសមួយក្នុងចំណោមត្រីមាសដែលមានកំណើនខ្ពស់បំផុតចាប់តាំងពីការរាតត្បាត Covid-19 ហើយគ្រាន់តែទាបជាងអត្រាកំណើន ១៤.៣៨% នៃត្រីមាសទី ៣ ឆ្នាំ ២០២២។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ កំណើនផលិតផលក្នុងស្រុកសរុបសម្រេចបាន ៧.៥៨%។ កំណើននេះបានមានការរួមចំណែកពីវិស័យនានា៖ ឧស្សាហកម្ម និងសំណង់បន្តដើរតួនាទីយ៉ាងសំខាន់ កើនឡើង ៨.៦៩% ដែលរួមចំណែកច្រើនបំផុតដល់កំណើន។ វិស័យសេវាកម្មបានងើបឡើងវិញយ៉ាងខ្លាំង ដោយកើនឡើង ៨.៤៩% ដោយសារការប្រើប្រាស់ក្នុងស្រុកកើនឡើង វិស័យទេសចរណ៍ និងការដឹកជញ្ជូនមានកំណើនជាវិជ្ជមាន។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏នៅមានស្ថិរភាពជាមួយនឹងការកើនឡើង ៣.៨៣%។

leftcenterrightdel
ខឿនសេដ្ឋកិច្ចទទួលបានកំណើនខ្ពស់

យោងតាមលោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិ ថ្វីត្បិតតែវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះ និងទឹកជំនន់ ប៉ុន្ដែដោយសារការអនុវត្តទាន់ពេលវេលានូវវិធានការឆ្លើយតប និងជំនះផលវិបាកនៃគ្រោះធម្មជាតិ ផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែមានស្ថិរភាព។ ទាក់ទិននឹងលទ្ធផលកំណើន GDP សម្រេចបាន ៧,៨៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ លោកស្រី Nguyen Thi Huong ឲ្យដឹងថា ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ជាច្រើនដែលមិនអាចទាយទុកជាមុនបាននោះ លទ្ធផលនោះបានបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស ការដឹកនាំយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល និងការខិតខំប្រឹងប្រែងដើម្បីជំនះការលំបាករបស់ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។

គិតក្នុងរយៈពេល ៩ ខែដើមឆ្នាំ ទំហំនៃការនាំចេញ-នាំចូលសរុបសម្រេចបាន ៦៨០.៦៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះ ការនាំចេញកើនឡើង ១៦%; ការនាំចូលកើនឡើង ១៨,៨%។ សមតុល្យពាណិជ្ជកម្មសម្រាប់ទំនិញមានអតិរេកចំនួន ១៦ុំ៨២ ពាន់លានដុល្លារ។ គួរកត់សម្គាល់ថា ជាមធ្យមក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ សន្ទស្សន៍ CPI បានកើនឡើង ៣.២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។

ឆ្ពោះទៅគោលដៅកំណើន GDP គឺ ៨.៥% ក្នុងឆ្នាំ ២០២៥

នៅឆ្នាំនេះ វៀតណាមមានគោលដៅសម្រាប់កំណើន GDP ពី ៨.៣-៨.៥% បង្កើតសន្ទុះសម្រាប់កំណើនពីរខ្ទង់ក្នុងរយៈពេលបន្ទាប់។ ដូច្នេះដើម្បីសម្រេចបាននូវគោលដៅកំណើន GDP គឺ ៨% សម្រាប់ពេញមួយឆ្នាំ គឺសេដ្ឋកិច្ចត្រូវតែសម្រេចបាននូវអត្រាកំណើន ៨.៤% ក្នុងត្រីមាសទី ៤ នេះជាអត្រាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១១ មក។ ដើម្បីកំណើន GDP ពេញមួយឆ្នាំសម្រេចបាន ៨.៣% និង ៨.៥% គឺកំណើនត្រីមាសទី ៤ ត្រូវតែសម្រេចបាន ៩.៥% និង ១០.២% ។ នេះគឺជាគោលដៅដ៏លំបាក ជាពិសេសនៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមានហានិភ័យជាច្រើន ការប្រែប្រួលនយោបាយ និងសម្ពាធលើការធ្លាក់ចុះនៃពាណិជ្ជកម្មសកល។

លោកស្រី Nguyen Thi Huong បានសង្កត់ធ្ងន់ថា “ការរក្សា និងបង្កើនកំណើនក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ទាមទារឲ្យការដឹកនាំដ៏ប្ដូរផ្ដាច់ ការសម្របសម្រួល និងការខិតខំប្រឹងប្រែងពីប្រព័ន្ធនយោបាយទាំងមូល គ្រប់កម្រិត គ្រប់វិស័យនិងសហគមន៍ធុរកិច្ច រួមជាមួយការបង្កលក្ខខណ្ឌអំណោយផល និងបង្កកម្លាំងចលករសម្រាប់ជំរុញកំណើន”។

ទាក់ទិននឹងលក្ខខណ្ឌអំណោយផលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ចុងឆ្នាំគឺការដោះដូរពាណិជ្ជកម្ម កើនឡើង បង្កើតលក្ខខណ្ឌសម្រាប់វិស័យដូចជា អេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង ផលិតផលឈើ និងកសិផលកែច្នៃ។ លើសពីនេះ ការបញ្ចេញទុនវិនិយោគសាធារណៈកំពុងពន្លឿនដើម្បីបញ្ចប់ផែនការប្រចាំឆ្នាំ អាស្រ័យហេតុនេះ បង្កើនការសាងសង់ ទិញសម្ភារៈ និងមេកានិច និងទាក់ទាញទុនឯកជនបន្ថែមទៀត។ នេះក៏ជាពេលវេលាដែលវិស័យទេសចរណ៍ឈានចូលដល់ដំណាក់កាលកំពូលនៃពិធីបុណ្យ និងចូលឆ្នាំថ្មីសកល ដែលរួមចំណែកបង្កើនប្រាក់ចំណូលពីសេវាកម្ម ការស្នាក់នៅ អាហារ និងពាណិជ្ជកម្ម...

ទាក់ទិននឹងការលំបាក និងបញ្ហាប្រឈមធំៗ លោកស្រី Nguyen Thi Mai Hanh ប្រធានគណៈកម្មាធិការប្រព័ន្ធគណនីជាតិនៃនាយកដ្ឋានស្ថិតិ បានលើកឡើងថា របាំងការពារនិងស្តង់ដារបច្ចេកទេសនៅតែបន្តរឹតបន្តឹង។ ប្រការនេះអាចពន្យឺតដំណើរការចុះហត្ថលេខាលើការទិញទំនិញ អូសបន្លាយពេលនៃការអនុលោមតាមច្បាប់ និងប៉ះពាល់ផ្ទាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកលើវត្ថុធាតុដើមដែលនាំចូល។ លើសពីនេះ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២៥ ពន្ធបដិការដរបស់អាមេរិកនឹងដាក់បន្ថែមលើទំនិញវៀតណាម។

ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់សម្រាប់ឆ្នាំ ២០២៥ លោកស្រី Nguyen Thi Huong បានស្នើរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានចាំបាច់ត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ធានាតុល្យភាពនៃខឿនសេដ្ឋកិច្ច; លើកកំពស់លទ្ធភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវសេណារីយ៉ូស្តីពីកំណើន អតិផរណា អត្រាប្តូរប្រាក់ អត្រាការប្រាក់ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងកែលំអគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាស្ថិរភាព និងកំណើនរបស់ខឿនសេដ្ឋកិច្ច...

បកប្រែដោយ Pham Diep