អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងថា តើនៅពេលណាដែលវៀតណាមបានចូលរួមក្នុងដំណើរការចរចានៃអនុសញ្ញាស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬហៅថាអនុសញ្ញាហាណូយ ហើយតើខ្លឹមសារសំខាន់ៗអ្វីខ្លះដែលបានរួមចំណែកដល់អនុសញ្ញានេះ?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ វៀតណាមកំពុងឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា សម្បូរធូរធារ អរិយធម៌ និងវិបុលភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ ដូចដែលលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា គន្លឹះសំខាន់គឺត្រូវរក្សាសន្តិភាព និងស្ថិរភាព ដើម្បីផ្តោតលើធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះ ហានិភ័យសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីតែងតែកើតមាន ដែលគំរាមកំហែងដល់សន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានលេចចេញជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់ ជាពិសេសប៉ះពាល់ផ្ទាល់ដល់សន្តិសុខរបស់ប្រទេសទាំងអស់។ នៅក្នុងបរិបទនោះ នៅឆ្នាំ ២០១៩ អង្គការសហប្រជាជាតិបានផ្តួចផ្តើមបង្កើតអនុសញ្ញាស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលជាឯកសារបរិយាបន្នដំបូងបង្អស់របស់អង្គការសហប្រជាជាតិក្នុងវិស័យនេះ។

leftcenterrightdel
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

តាំងពីដើមមក វៀតណាមបានគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដ៏សំខាន់នេះរបស់អង្គការសហប្រជាជាតិ។ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដោយមានការអនុញ្ញាតពីលោកប្រធានរដ្ឋ ក្រុមការងារអន្តរវិស័យរបស់រដ្ឋាភិបាលវៀតណាមជាមួយស្នូលគឺក្រសួងនគរបាល និងក្រសួងការបរទេស រួមជាមួយស្ថាប័នពាក់ព័ន្ធនានាបានចូលរួមយ៉ាងសកម្មក្នុងការចរចារទាំង ៨ នៃអនុសញ្ញានេះ។ ត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តជាផ្លូវការនូវអនុសញ្ញាស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ជាមួយនឹងបាវចនានៃការលើកកំពស់ការទូតពហុភាគី វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មក្នុងការបង្កើតក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីធានាឱ្យបានល្អបំផុតនូវផលប្រយោជន៍របស់ប្រទេសជាតិ។ នោះគឺជាស្មារតី និងបាវចនានៃការចូលរួមរបស់យើងក្នុងដំណើរការចរចានៃអនុសញ្ញានេះ។ យើងបានរួមចំណែកគោលការណ៍ជាមូលដ្ឋានក្នុងអនុសញ្ញានេះ ដោយធានាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមមាន៖ ការគោរពអធិបតេយ្យភាព ឯករាជ្យជាតិ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការអនុលោមតាមច្បាប់អន្តរជាតិ។ល។ ក្នុងដំណើរការចរចា វៀតណាមក៏បានដើរតួនាទីសម្របសម្រួលការចរចាលើបទប្បញ្ញត្តិសំខាន់ៗមួយចំនួន។ ការរួមវិភាគទានជាវិជ្ជមានរបស់វៀតណាមទទួលបានការគាំទ្រខ្ពស់ពីសហគមន៍អន្តរជាតិ។ ជាលទ្ធផល យើងមានអនុសញ្ញាពេញលេញមួយ ធានាការអនុលោមតាមផលប្រយោជន៍ជាតិ និងក្របខ័ណ្ឌច្បាប់របស់វៀតណាម។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងថា តើការជ្រើសរើសប្រទេសវៀតណាម ជាទីកន្លែងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញានេះធ្វើឡើងដោយរបៀបណា ហើយតើវៀតណាមចង់បង្ហាញអ្វីខ្លះ តាមរយៈតួនាទីរបស់ខ្លួនជាប្រទេសម្ចាស់ផ្ទះ?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ យុទ្ធនាការដ៏ជោគជ័យរបស់វៀតណាមសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិជ្រើសរើសទីក្រុងហាណូយជាទីកន្លែងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយសម្រាប់ឯកសារសំខាន់នេះត្រូវដាក់ឈ្មោះថា អនុសញ្ញាហាណូយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងការទូតពហុភាគីរបស់វៀតណាម។

យុទ្ធនាការនេះត្រូវបានចាប់ផ្តើម និងអនុវត្តភ្លាមៗបន្ទាប់ពីអនុសញ្ញាត្រូវបានអនុម័តដោយគណៈកម្មាធិការចរចា និងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២៤។ នេះគឺជាយុទ្ធនាការប្រកបដោយវិធីសាស្ត្រ ដែលត្រូវបានអនុវត្តក្នុងពេលដំណាលគ្នានៅកម្រិតជាច្រើន និងនៅរដ្ឋធានីជាច្រើន ជាពិសេសនៅក្នុងប្រទេស និងតំបន់ដែលមានតួនាទីសំខាន់ក្នុងវិស័យបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីធានាការឯកភាពអន្តរជាតិចំពោះសំណើធ្វើម្ចាស់ផ្ទះរបស់វៀតណាម។

តាមរយៈការរៀបចំព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់នេះ វៀតណាមមានបំណងបង្ហាញតួនាទីរបស់ខ្លួនជាដៃគូដែលអាចទុកចិត្តបាន បន្តអះអាងនូវការខិតខំប្រឹងប្រែង និងកិច្ចសន្យាយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ។ យើងសង្ឃឹមថា ពិធីចុះហត្ថលេខានៅទីក្រុងហាណូយនឹងទាក់ទាញការចូលរួមរបស់ប្រទេសសមាជិកជាច្រើន ដោយមានប្រទេសហត្ថលេខីយ៉ាងតិចចំនួន ៤០ បង្ហាញពីកិច្ចសន្យាផ្នែកនយោបាយដ៏រឹងមាំ ដើម្បីអនុសញ្ញានេះអាចត្រូវបានផ្តល់សច្ចាប័ន និងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ តាមផែនទីបង្ហាញផ្លូវដែលរំពឹងទុកដោយការិយាល័យបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម របស់អង្គការសហប្រជាជាតិ (UNODC) គឺឆ្នាំ ២០២៧។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងថា តើឯកសារនេះមានកាលានុវត្តភាព និងបញ្ហាប្រឈមអ្វីខ្លះសម្រាប់ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងវិស័យអ៊ីនធឺណិត?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ អាចបញ្ជាក់បានថា កាលានុវត្តភាពសម្រាប់វៀតណាមក្នុងការអនុវត្តអនុសញ្ញាហាណូយគឺច្រើនណាស់។ នៅពេលដើរតួនាទីត្រួសត្រាយ ដឹកនាំកិច្ចសហប្រតិបត្តិការជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត វៀតណាមមានឱកាសទាញយកប្រយោជន៍ពីធនធានអន្តរជាតិ ពីបច្ចេកវិទ្យារហូតដល់ធនធានមនុស្ស រួមចំណែកធានាបរិយាកាសសុវត្ថិភាព សន្តិសុខ និងសន្តិភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ យើងក៏មានឱកាសរៀនសូត្រពីបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបពីប្រទេសផ្សេងៗ និងអង្គការអន្តរជាតិ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ការធ្វើជាអធិបតីក្នុងការចុះហត្ថលេខា និងអនុវត្តអនុសញ្ញានេះ គឺជាឱកាសមួយសម្រាប់យើងបើកទិសដៅសហប្រតិបត្តិការថ្មីៗជាច្រើន មិនត្រឹមតែក្នុងវិស័យបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែនប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យជាច្រើនទៀតផង។ ក្រៅពីនោះ នេះក៏ជាឱកាសដ៏មានតម្លៃដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមផងដែរ។ល។

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងកាលានុវត្តភាពដ៏អស្ចារ្យទាំងនេះ គឺជាបញ្ហាប្រឈមជាច្រើនដែលវៀតណាម និងសហគមន៍អន្តរជាតិត្រូវតែជម្នះរួមគ្នា។ ការផ្តល់សច្ចាប័នលើអនុសញ្ញានេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ចំណុចសំខាន់គឺធ្វើយ៉ាងណាដើម្បីឱ្យប្រទេសដែលមានសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការសហប្រតិបត្តិការរួមគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

លើសពីនេះ វៀតណាមក៏ប្រឈមមុខនឹងការលំបាករៀងៗខ្លួន ជាពិសេសក្នុងការបន្តសុក្រឹតិស្ថាប័ន ប្រព័ន្ធច្បាប់ និងលើកកម្ពស់សមត្ថភាពដើម្បីអាចសម្របសម្រួលជាមួយដៃគូអន្តរជាតិ មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងលើសកលលោកទៀតផង។

បញ្ហាប្រឈមចុងក្រោយ ហើយក៏ជាបញ្ហាសំខាន់បំផុតគឺមនុស្ស។ កម្មាភិបាល និងប្រជាពលរដ្ឋម្នាក់ៗ ត្រូវពង្រឹងសមត្ថភាព ការយល់ដឹង និងភាពក្លាហាន ដើម្បីអាចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិយាយដោយឡែក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang