ព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-កូរ៉េខាងជើង
កប.អនឡាញ - តបតាមការអញ្ជើញរបស់ លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េខាងជើង ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា។
វៀតណាម និងកូរ៉េខាងជើងបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៥០។ នៅខែមករា ឆ្នាំ ១៩៥៥ វៀតណាមបានសម្រេចចិត្តបង្កើតស្ថានទូត នៅទីក្រុងព្យុងយ៉ាង ហើយនៅខែមេសា ឆ្នាំ១៩៥៥ កូរ៉េខាងជើងបានបង្កើតស្ថានទូត នៅទីក្រុងហាណូយ។ ក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងវៀតណាម និងកូរ៉េខាងជើងដែលបង្កើតឡើង និងពូនជ្រំដោយលោកប្រធានហូជីមិញ និងលោកប្រធាន គីម អ៊ីលស៊ុង និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតនៃបក្សទាំងពីរ និងប្រទេសទាំងពីរនោះ ត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរគោរព ថែរក្សា និងពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ។
រួមចំណែកថែរក្សាទំនាក់ទំនងដ៏ល្អនេះ គឺជាដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងជើង ជាពិសេស៖ ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់លោកប្រធានហូជីមិញទៅកាន់កូរ៉េខាងជើង (១៩៥៧); ដំណើរទស្សនកិច្ចមិត្តភាពរបស់លោក គីម អ៊ីលស៊ុង នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសវៀតណាម (១៩៥៨); ដំណើរទស្សនកិច្ចរបស់ លោក Pham Van Dong នាយករដ្ឋមន្ត្រី ទៅកាន់កូរ៉េខាងជើង (១៩៦១); ដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកប្រធាន គីម អ៊ីលស៊ុង ទៅកាន់ប្រទេសវៀតណាម (១៩៦៤); ដំណើរទស្សនកិច្ចរបស់លោក Tran Duc Luong ប្រធានរដ្ឋទៅកាន់កូរ៉េខាងជើង (២០០២); ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់ លោក Nong Duc Manh អគ្គលេខាបក្ស ទៅកាន់កូរ៉េខាងជើង (២០០៧); លោក Kim Jong Un អគ្គលេខាបក្ស និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (ឆ្នាំ ២០១៩) ...
    |
 |
ទង់ជាតិនៃប្រទេសវៀតណាម និងកូរ៉េខាងជើង |
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ភាគីទាំងពីរបានរក្សាយន្តការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងជើង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ហើយបានខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត តាមរយៈកិច្ចព្រមព្រៀងសំខាន់ៗ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាដូចជា៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ (១៩៥៧) កិច្ចព្រមព្រៀងស្តីពីបច្ចេកទេស (១៩៥៨) សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង (១៩៦១) កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងនាវាចរណ៍ (១៩៦២) កិច្ចព្រមព្រៀងជំនួយផ្នែកវេជ្ជសាស្រ្តទៅវិញទៅមក (១៩៦៦) កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ (១៩៦៩) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនអាកាសចរណ៍ស៊ីវិល (១៩៩៧) កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ (២០០២) កិច្ចព្រមព្រៀងពាណិជ្ជកម្ម (២០០២), កិច្ចព្រមព្រៀង ជំនួយផ្នែកច្បាប់ (២០០២), កិច្ចព្រមព្រៀងជំរុញការវិនិយោគ និងការការពារវិនិយោគ (២០០២), កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា (២០០២) ។
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរក៏ត្រូវបានបង្ហាញតាមរយៈសកម្មភាពសហប្រតិបត្តិការលើវិស័យផ្សេងៗដែលក្នុងនោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០ប្រទេសកូរ៉េខាងជើងបានជួយវៀតណាមបណ្តុះបណ្តាលនិស្សិតរាប់រយនាក់។ បច្ចុប្បន្ន គណៈកម្មាធិការអប់រំកូរ៉េខាងជើង និងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមកំពុងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ។ លើសពីនេះ វៀតណាមបានបញ្ជូនក្រុមសិល្បៈជាច្រើនទៅទស្សនា និងសម្តែងនៅប្រទេសកូរ៉េខាងជើង។
អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងខួបលើកទី ៨០នៃការបង្កើតបក្សពលករកូរ៉េខាងជើងរបស់លោក To Lam អគ្គលេខាបក្ស មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការរំលេចក្នុងបរិបទដែលវៀតណាម និងកូរ៉េខាងជើងរៀបចំឆ្នាំមិត្តភាពឆ្នាំ ២០២៥ និងអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតផងដែរ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់បន្តបង្រួបបង្រួម និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋ និងប្រជាជនកូរ៉េខាងជើង ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការសន្យាអន្តរជាតិរបស់ប្រទេសនីមួយៗ រួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ប្រជាជននៃប្រទេសទាំងពីរជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក អគ្គលេខាបក្ស នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងវៀតណាម និងកូរ៉េខាងជើង; ទន្ទឹមនឹងនោះ គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរជូនដំណឹងអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ ផ្លាស់ប្តូរស៊ីជម្រៅអំពីវិធានការពង្រឹងទំនាក់ទំនងមិត្តភាព ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan