វៀតណាម និងថៃចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU
កប.អនឡាញ - នាថ្ងៃទី៩ ខែតុលា លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសថៃ និងជួបពិភាក្សាការងារជាមួយលោកស្រី Eksiri Pintaruchi លេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ (ខែឧសភា ឆ្នាំ២០២៥) បញ្ចប់ការកសាងកម្មវិធីសកម្មភាពដំណាក់កាល ២០២៦-២០៣០ ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងយន្តការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលខាងមុខ រួមទាំងគណៈកម្មាធិការចម្រុះថ្នាក់រដ្ឋមន្ត្រីការបរទេសផងដែរ។
    |
 |
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបពិភាក្សាការងារជាមួយលោកស្រី Eksiri Pintaruchi លេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ (រូបថត៖ ក្រសួងការបរទេស) |
ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU)។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU អនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់សហភាពអឺរ៉ុប (EU) លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីបានស្នើឲ្យភាគីថៃបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផ្លាស់ប្តូរ និងផ្តល់ព័ត៌មានអំពីករណីនាវានេសាទ និងអ្នកនេសាទបំពានច្បាប់រវាងប្រទេសទាំងពីរដើម្បីសម្របសម្រួលដោះស្រាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការធ្វើនេសាទ និងសមុទ្រ។ល។
ភាគីថៃបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ក្នុងរយៈពេលកន្លងមក ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹង IUU និងការគ្រប់គ្រងធនធានសមុទ្រប្រកបដោយប្រសិទ្ធភាព ព្រមទាំងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើនេសាទប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។
* នាល្ងាចថ្ងៃដដែល លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី ២ ខែកញ្ញា ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ៕
បកប្រែដោយ Huyen Trang