ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិត្យានុភាព និងតួនាទីរបស់វៀតណាម
កប.អនឡាញ - ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែតុលាខាងមុខនេះ នៅទីក្រុងហាណូយ បង្ហាញពីការទទួលស្គាល់របស់អង្គការសហប្រជាជាតិចំពោះកិត្យានុភាព តួនាទី និងការរួមចំណែករបស់វៀតណាម។
នេះជាការបញ្ជាក់របស់លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក្នុងសន្និសីទកាសែតអន្តរជាតិស្តីពីពិធីចុះហត្ថលេខា ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៨ ខែតុលា នៅទីក្រុងហាណូយ។
នៅក្នុងសន្និសីទកាសែត លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ការជ្រើសរើសទីក្រុងហាណូយជាទីកន្លែងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតពហុភាគីរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ។
    |
 |
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ vov.vn) |
នេះជាលើកដំបូងហើយដែលអនុសញ្ញាពហុភាគីសកលក្នុងវិស័យដែលសហគមន៍ចាប់អារម្មណ៍យ៉ាងខ្លាំង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកន្លែងមួយនៅវៀតណាម។ ដោយចែករំលែកអំពីដំណើរការចាប់ផ្តើមការចរចាលើអនុសញ្ញា និងការរួមវិភាគទានរបស់វៀតណាមក្នុងដំណើរការនេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានឲ្យដឹងថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការចរចារចំនួន ៨ លើអនុសញ្ញានេះ។ ទន្ទឹមនឹងនោះ យុទ្ធសាស្ត្ររបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ក៏ស្របនឹងកិច្ចសន្យា និងទស្សនៈរបស់សហគមន៍អន្តរជាតិលើបញ្ហាសន្តិសុខតាមអ៊ីនធឺណិតផងដែរ។ ដោយហេតុនោះ ការរួមចំណែករបស់វៀតណាមត្រូវបានទទួលស្គាល់ដោយប្រទេសជាច្រើនដូចជា៖ គោលការណ៍ការពារអធិបតេយ្យភាពជាតិតាមអ៊ីនធឺណិត; គោលការណ៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ; គោលការណ៍ពិចារណាលើសមត្ថភាពរបស់ប្រទេសនានា។ល។
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ ហើយបានបញ្ជាក់ពីការចូលរួមពិធីចុះហត្ថលេខានេះក្នុងឱកាសខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អង្គការសហប្រជាជាតិចំពោះអនុសញ្ញានេះ ក៏ដូចជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អង្គការសហប្រជាជាតិ ចំពោះកិត្យានុភាព តួនាទី និងការរួមចំណែករបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។ ការដែលរដ្ឋធានីហាណូយមានវត្តមាននៅក្នុងអត្ថបទនៃអនុសញ្ញានេះ ក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាមចំពោះអនុសញ្ញានេះ”។
ក្នុងសន្និសីទកាសែតនេះដែរ តំណាងក្រសួងនគរបាលបានសង្កត់ធ្ងន់លើគោលនយោបាយរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ។ យោងតាមលោកឧត្តមសេនីយ៍ត្រី Le Xuan Minh ប្រធាននាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់នៃក្រសួងនគរបាលវៀតណាមកំពុងរៀបចំលក្ខខណ្ឌច្បាប់ពេញលេញសម្រាប់ការអនុវត្តអនុសញ្ញានេះបន្ទាប់ពីអនុម័ត និងផ្តល់សច្ចាប័ន ព្រមទាំងនឹងមានសកម្មភាពសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាពបំផុតជាមួយប្រទេសដទៃទៀតក្នុងបញ្ហាសន្តិសុខតាមអ៊ីនធឺណិត។
លោក Le Xuan Minh បានសង្កត់ធ្ងន់ថា៖ “អនុសញ្ញានេះនឹងបង្កើនការយល់ដឹងរបស់ប្រមុខប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធដល់អ៊ីនធឺណិត។ ដូច្នេះហើយ ការយល់ដឹង ការគំរាមកំហែងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតត្រូវបានបង្កើននោះ ប្រទេសនានានឹងមានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ពេញលេញ ដើម្បីពួតដៃគ្នាដោះស្រាយការគំរាមកំហែងជាសកល”។ ស្តីពីការត្រៀមរៀបចំសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញានេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីការបរទេស បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៦ ខែតុលា ប្រទេសសមាជិកអង្គការសហប្រជាជាតិប្រមាណ ១០០ ប្រទេស និងអង្គការអន្តរជាតិជាច្រើនបានចុះឈ្មោះចូលរួមពិធីចុះហត្ថលេខានេះ។ គេរំពឹងថា ប្រមុខរដ្ឋ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនក៏នឹងចូលរួមក្នុងពិធីចុះហត្ថលេខាផងដែរ៕
បកប្រែដោយ Huyen Trang