កងពលធំលេខ ៣១២៖ ជួយប្រជាជនជំនះផលវិបាកពីទឹកជំនន់ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពបំផុត
កប.អនឡាញ - ដោយមានស្មារតីសកម្មក្នុងការម្ចាស់ការចុះទៅទីកន្លែងដែលមានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋកំពុងរង់ចាំជំនួយ ហេតុដូច្នេះកងពលធំលេខ៣១២ បានចល័តកម្លាំងភ្លាមៗទៅកាន់តំបន់រងការលិចលង់យ៉ាងធ្ងន់ធ្ងរក្នុងខេត្ត Thai Nguyen ដើម្បីជួយសង្គ្រោះប្រជាជន ...
ជួយប្រជាជនមិនចេះនឿយហត់ឡើយ...
នៅម៉ោងប្រហែល ១៤:00 រសៀលថ្ងៃទី ៨ តុលា លោកវរសេនីយ៍ទោ Pham Ha Quy មេបញ្ជាការរងកងវរសេនាធំ និងជានាយសេនាធិការកងវរសេនាធំលេខ២០៩ កងពលធំលេខ៣១២ (អង្គទ័ពលេខ១២) បានទទួលព័ត៌មានថា៖ នៅក្រុម Cong Tao ភូមិ Xay Tay សង្កាត់ Trung Thanh ខេត្ត Thai Nguyen ជួបប្រទះការរងគ្រោះបាក់ស្រុតដី។ ភ្លាមៗនោះ ថ្នាក់មេបញ្ជាការកងវរសេនាធំបានពិភាក្សា រាយការណ៍ជូនថ្នាក់លើ និងបានចល័តកម្លាំងភ្លាមៗ ដើម្បីអនុវត្តការងារ។ នៅពេលនេះ កងវរសេនាធំក៏មានអង្គភាពចំណុះមួយចំនួនកំពុងទទួលជម្លៀសប្រជាពលរដ្ឋចេញពីតំបន់លិចទឹក និងដឹកជញ្ជូនអង្ករ ទឹកស្អាត និងសម្ភារៈចាំបាច់នានាទៅជួយប្រជាជន ហើយនិងក្រៅពីនោះក៏មានកងកម្លាំងផ្សេងៗដែលកំពុងត្រៀមខ្លួនដើម្បីចូលរួមក្នុងរាល់សកម្មភាពជួយសង្គ្រោះប្រជាជនរួចជាស្រេចផងដែរ។
ភ្លាមៗបន្ទាប់ពីមកដល់ទីតាំងរងគ្រោះ យុទ្ធជននៃវរសេនាធំលេខ២០៩ បានរួសរាន់ស្ទុះជីកយកដី ខ្សាច់ ដាក់ចូលបាវរួចហើយដឹកទៅកន្លែងបាក់ដី។ ការដឹកជញ្ជូនបាវដីទៅកាន់ច្រាំងបាក់ដីមានត្រឹមតែ ៥០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពោរពេញដោយឧបសគ្គ ដោយសារតែផ្លូវចោត ថ្មរាបមិនស្មើគ្នា ផ្លូវរអិល... ក៏ប៉ុន្តែយុទ្ធជនទាំងអស់មិនណាយចិត្តទេ នៅតែធ្វើការយ៉ាងស្វិតស្វាញដោយឈប់ឈរ ហាក់ដូចជាមិនខ្វល់ការហត់នឿយទាំងអស់។ បន្ទាប់ពីបញ្ចប់ការងារនេះភ្លាម នាយទាហាន និងពលទាហាន កម្មាភិបាលអង្គភាពមិនទុកឱ្យខ្ជះខ្ជាយពេលវេលាសូម្បីតែបន្តិចបន្តួចទេ ពោលគឺពួកគាត់បានចាប់ផ្តើមការងារសម្អាតអនាម័យភ្លាមៗ។
យុទ្ធជននៃកងវរសេនាធំលេខ២០៩ បានចែករំលែកថា៖ “តាំងពីម្សិលមិញ រហូតដល់ថ្ងៃត្រង់ថ្ងៃនេះ ខ្ញុំនិងមិត្តរួមកងបានចុះទៅគ្រួសារនីមួយៗនៅតំបន់លិចទឹក ដើម្បីជួយជម្លៀសប្រជាជន ទ្រព្យសម្បត្តិ សត្វពាហនៈ សត្វបក្សី... ទោះបីនៅពេលដឹកដី លើកធ្ងន់ៗមក ខ្ញុំអត់មានអារម្មណ៍នឿយណាយទេ ព្រោះខ្ញុំគ្រាន់តែចង់ជួយប្រជាជនឱ្យជំនះពុះពារការលំបាកឱ្យបានលឿនបំផុត។
    |
 |
កងទ័ពនៃកងវរសេនាធំលេខ ២០៩ កងពលធំលេខ ៣១២ (អង្គទ័ពលេខ ១២) ជួយប្រជាជនជំនះផលវិបាកពីទឹកជំនន់នៅ ខេត្ត Thai Nguyen |
ជំនះទឹកជំនន់ សង្គ្រោះប្រជាជន
នាព្រឹកថ្ងៃទី ៧ តុលា នៅពេលដែលកងវរសេនាធំលេខ ២០៩ មានវត្តមាននៅសង្កាត់ Trung Thanh ដើម្បីជួយដល់មូលដ្ឋាននោះ ផ្លូវដែលចេញពីទន្លេ Cau ទៅកាន់តំបន់ច្រាំងទន្លេនៅតែមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ អង្គភាពបានប្រើប្រាស់រថយន្ត Kamaz ដើម្បីជម្លៀសប្រជាជនចេញពីតំបន់ទឹកជំនន់។ ប៉ុន្តែចាប់ពីរសៀលថ្ងៃទី៧ តុលា ទឹកបានហក់ឡើងយ៉ាងលឿន បង្កឱ្យមានការជន់លិចរាលដាល និងកាត់ផ្តាច់កំណាត់ផ្លូវជាច្រើន។ ដោយបង្ហាឱ្យយើងពីទីតាំងនៃផ្លូវតែមួយគត់អាចទៅកាន់តំបន់ Phu Coc តែឥឡូវនេះត្រូវបានរងការលិចលង់្ហក្នុងទឹកជំនន់ហើយ លោកវរសេនីយ៍ទោ Nguyen Huy Phong អនុប្រធានផ្នែកនយោបាយនៃកងវរសេនាធំលេខ ២០៩ បាននិយាយថា៖ នៅតំបន់ Phu Coc មានគ្រួសារជាង៤០០ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅពេលដែលទឹកជន់លិច ២-៣ ម៉ែត្រ យានជំនិះទាំងអស់មិនអាចចរាចរបានទេ មធ្យោបាយតែមួយគត់គឺត្រូវប្រើទូកយោធារបស់កងវរសេនាធំដើម្បីប្រតិបត្តិការ។ នៅតាមដងផ្លូវ ដើមឈើធំៗ សឹងតែត្រូវរងការជន់លិចខ្ពស់សល់តែពាក់កណ្តាលដើមប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក Tran Van Bich មេបញ្ជាការរងកងពលធំ និងជានាយសេនាធិការកងពលធំលេខ ៣១២ ដែលបានដឹកនាំអង្គភាពចុះជួយប្រជាពលរដ្ឋដោយផ្ទាល់បានមានប្រសាសន៍ថា៖ ដោយសារកម្ពស់ទឹកឡើងខ្ពស់ និងចរន្តទឹកខ្លាំងការជិះទូកទៅកាន់តំបន់លិចទឹកជ្រៅនៅ Phu Coc ពិតជាបញ្ហាប្រឈមដ៏ធំមួយ។ ខ្សែភ្លើង ផ្លាកសញ្ញាផ្លូវ របង សួនច្បារសុទ្ធតែជន់លិចក្នុងទឹកនាំឱ្យពិបាកក្នុងការកំណត់ទិសដៅ សូម្បីតែធ្វេសប្រហែសបន្តិចបន្តួច អាចបណ្តាលឲ្យទូកក្រឡាប់ ឬជាប់គាំងទៅមិនរួចទេ។
លោកស្រី Tran Thi Quynh មកពីក្រុមលំនៅឋាន Dong Lam សង្កាត់ Trung Thanh នៅតែតក់ស្លុត សំឡេងញ័ររៀបរាប់ថា៖ “ដំបូងឡើយ ខ្ញុំខំនៅផ្ទះពីព្រោះស្តាយស្រូវអង្ករមិនទាន់បានលើកដម្កល់ឱ្យឡើងខ្ពស់។ ហើយខ្ញុំក៏គិតថាទឹកនឹងឡើងតិចតួចដូចរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំមិននឹកស្មានថាវាឡើងខ្ពស់បែបនេះទេ ទឹកជន់លិចសល់តែដំបូលផ្ទះប៉ុណ្ណោះ។ ប្រមូលផលស្រូវបានជាង ៥០ បាវតែឥឡូវគ្រួសារខ្ញុំបាត់អស់រលីងក្នុងទឹកជនលិចហើយ។ ទោះជាយ៉ាងណា ខ្ញុំជួបសំណាងណាស់ ដោយសារត្រូវបានជួយសង្គ្រោះដោយទូកសង្គ្រោះពីកងវរសេនាធំលេខ ២០៩។ សូមអរគុណបងប្អូនកងទ័ពណាស់”។
នៅពាសពេញទឹកជំនន់ ទូករបស់កងវរសេនាធំលេខ២០៩ បានធ្វើការមិនចេះនឿយហត់ទេ ដោយបានចូលទៅជិតផ្ទះនីមួយៗដើម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់តំបន់សុវត្ថិភាព និងចែកចាយអាហារ និងទឹកស្អាតដល់គ្រួសារដែលមានប្រជាពលរដ្ឋមិនជម្លៀសពីលំនៅឋាន។ លោក Nguyen Duc Hung លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ Trung Thanh បានឲ្យដឹងថា៖ ចាប់តាំងពីថ្ងៃទី៧ ខែតុលា កងទ័ពជាង ១០០ នាក់នៃកងវរសេនាធំលេខ ២០៩ កងពលធំលេខ ៣១២ បានរួមដៃជាមួយកម្លាំងមូលដ្ឋានដើម្បីជម្លៀសប្រជាជន និងទ្រព្យសម្បត្តិនៅតំបន់លិចទឹកទៅកាន់ទីទួលសុវត្ថិភាព។ មិនថាជាការងារអ្វីតែ ពួកគាត់បានស្វិតស្វាញ សកម្មដើម្បីជួយដល់មូលដ្ឋានដោយមានស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងស្មារតី “បម្រើប្រជាជន” របស់កងទ័ពអ៊ំហូ៕
បកប្រែដោយ Minh Trung