អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម បានស្នើឲ្យបញ្ជាការដ្ឋានយោធភូមិភាគទី១, ទី២, ទី៣ និងទី៤ ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត និងអង្គភាពក្រោមការគ្រប់គ្រងរបស់ខ្លួន សហការយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងផ្សេងៗទៀត ដើម្បីរៀបចំកម្លាំង និងមធ្យោបាយជួយប្រជាជនក្នុងការសាងសង់ផ្ទះថ្មី ជួសជុលផ្ទះដែលរងការខូចខាត ជួសជុលភ្លាមៗ នូវសាលារៀន មូលដ្ឋានអប់រំ និងសុខាភិបាលដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់; ការស្តារចរាចរណ៍ឡើងវិញ; ជួយសង្គ្រោះកប៉ាល់ និងទូកដែលលិច; ធានាការចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាជន; ធានាសុវត្ថិភាពសម្រាប់កងកម្លាំងដែលចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះ។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៨៧៧ (បញ្ជាការដ្ឋានយោធាខេត្ត Tuyen Quang) ជួយប្រជាជនប្រមូលភក់ ដី និងសំរាមក្រោយទឹកជំនន់

សាជីវកម្មឧស្សាហ៍កម្ម-ទូរគមនាគមន៍យោធា ធ្វើការស្តារប្រព័ន្ធទូរគមនាគមន៍ យ៉ាងយូរត្រឹមថ្ងៃទី ៥ ខែតុលា។ អង្គភាពទ័ពនានា ត្រៀមកម្លាំង និងមធ្យោបាយជាស្រេច សម្របសម្រួលយ៉ាងសកម្ម ដើម្បីគាំទ្រដល់មូលដ្ឋានក្នុងការជម្នះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ។ អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកវិទ្យា អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងអគ្គនាយកដ្ឋានទី២ ត្រៀមខ្លួនជាស្រេចសម្របសម្រួល ផ្តល់ និងដឹកជញ្ជូនគ្រឿងបរិក្ខារសម្រាប់ជួយសង្គ្រោះ និងជួយដល់មូលដ្ឋាននៅពេលមានតម្រូវការ​។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៨៧៧ (បញ្ជាការដ្ឋានយោធាខេត្ត Tuyen Quang) ជួយប្រជាជនប្រមូលសំរាមក្រោយទឹកជំនន់

* នៅសង្កាត់ Ha Giang លេខ១ និង Ha Giang លេខ២ និងឃុំ Ngoc Duong (ខេត្ត Tuyen Quang) បន្ទាប់ពីទឹកជំនន់បានស្រកវិញ ដី ភក់ និងកាកសំណល់មួយចំនួនធំនៅសេសសល់ ដែលបង្កហានិភ័យនៃការបំពុលបរិស្ថាន និងជំងឺរាតត្បាត។ នាថ្ងៃទី ២ ខែតុលា បញ្ជាការដ្ឋានយោធាខេត្ត Tuyen Quang បានចាត់បញ្ជូនកម្មាភិបាល និងយុទ្ធជនជិត ២០០ នាក់ នៃកងវរសេនាធំលេខ ៨៧៧ ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរ និងប្រជាជន ប្រមូល និងដឹកជញ្ជូនសំរាម ដីភក់ សម្អាតបរិស្ថាន ហើយធ្វើឲ្យសង្កាត់មានភាពស្អាតស្អំឡើងវិញ។ បើតាមលោកវរសេនីយ៍ឯក Dao Toan Thang មេបញ្ជាការរង និងជាប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត អង្គភាពបានចល័តកម្មាភិបាល យុទ្ធជន និងកងសេនាជនប្រមាណជិត ៥ ពាន់នាក់ ដើម្បីជម្លៀសមនុស្សចាស់ និងកុមារ ផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព; ចូលរួមស្វែងរកជនបាត់ខ្លួន និងជួយប្រជាជនច្រូតស្រូវឱ្យរួចផុតពីទឹកជំនន់។ ក្រោយទឹកជំនន់ បញ្ជាការដ្ឋានយោធាខេត្ត បន្តប្រមូលកងកម្លាំង ចូលរួមជម្នះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ ជួយប្រជាជនវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ៕

បកប្រែដោយ Huyen Trang