វៀតណាម៖ ប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ដល់នាយទាហានដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋវៀតណាម ដល់នាយទាហានដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានធ្វើឡើងនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពីការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានធ្វើជាអធិបតីក្នុងពិធីនេះ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងប្រតិភូដែលចូលរួមពិធីថតរូបជាមួយគ្នា |
នាយទាហានដែលមានកិត្តិយសក្នុងការទទួលសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសក្នុងការចេញដំណើរទៅបេសកកម្ម MINUSCA នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺលោកវរសេនីយ៍ទោ Nguyen Hoang Long គ្រូបង្រៀនភាសាបរទេស ដេប៉ាតឺម៉ង់ឈ្លបយកការណ៍ បណ្ឌិតសភាការពារជាតិ ដែលទទួលភារកិច្ចជានាយទាហានសេនាធិការវិភាគចារកម្ម ជំនួសលោកអនុសេនីយ៍ឯក Nguyen Anh Tuan ដែលបានបញ្ចប់អាណត្តិរបស់ខ្លួន។
លោកវរសេនីយ៍ទោ Nguyen Hoang Long បានចូលរួមយ៉ាងពេញលេញក្នុងវគ្គបណ្តុះបណ្តាលនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងវគ្គបណ្តុះបណ្តាលនៅបរទេសជាច្រើន រួមទាំងលំហាត់សមទ្វេភាគីវៀតណាម-ឥណ្ឌា ស្តីពីការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិឆ្នាំ ២០២៥ (VINBAX 2025) នៅប្រទេសវៀតណាម។
នៅក្នុងសុន្ទរកថាប្រគល់ភារកិច្ច លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឲ្យលោកវរសេនីយ៍ទោ Nguyen Hoang Long ធានាសុវត្ថិភាព ដោយសារស្ថានភាពសន្តិសុខនៅបេសកកម្ម MINUSCA មានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ច្បាប់រដ្ឋ វិន័យក្នុងកងទ័ព ក៏ដូចជាបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ស្ថានបេសកកម្ម និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឲ្យលោកវរសេនីយ៍ទោ Nguyen Hoang Long ក៏ដូចជានាយទាហានវៀតណាមទាំងអស់ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព រក្សាស្មារតីជំនះការលំបាក ភាពខ្លួនទីពឹងខ្លួន សកម្ម និងច្នៃប្រឌិតក្នុងការបំពេញភារកិច្ចអន្តរជាតិ៕
បកប្រែដោយ Thuy Anh