ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅតំបន់ព្រំដែន
កប.អនឡាញ - នៅតំបន់ព្រំដែននៃខេត្ត Tay Ninh និទាឃរដូវមកដល់បាននាំមកនូវសេចក្តីសប្បាយរីករាយដល់កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Long Khot (គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh )។
រួមជាមួយនឹងការបំពេញការងារគ្រប់គ្រង និងការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ អង្គភាពបានរៀបចំសកម្មភាពជាច្រើន ធានាឲ្យបាននូវជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីដល់កម្មាភិបាល និងយុទ្ធជន បង្កើតបរិយាកាសទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិយ៉ាងសប្បាយរីករាយ និងកក់ក្តៅ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុស្តិ៍ការពារព្រំដែន Long Khot មានការផ្លាស់ថ្មីជាច្រើន ចាប់ពីច្រកទ្វាររហូតដល់បរិវេណ សាលប្រជុំរបស់អង្គភាពត្រូវបានតុបតែងយ៉ាងស្អាត។ នៅក្រោមពន្លឺព្រះអាទិត្យស្រទន់ ផើងផ្ការាប់រយបង្ហាញពណ៌ស្រស់ស្អាត ដែលបង្កើតបរិយាកាសស្រស់ស្រាយ។
ដើម្បីមានផើងផ្កាទាំងនេះស្វាគមន៍និទាឃរដូវ មុននោះ អង្គភាពបានដាំផ្កានៅក្នុងបរិវេណ។ ដោយឆ្លៀតពេលទំនេរ ក្រៅពីម៉ោងហ្វឹកហាត់ និងធ្វើការ កម្មាភិបាលនិងយុទ្ធជនបានរួមគ្នាថែទាំផ្កាគ្រប់ប្រភេទដូចជា ផ្កាឈូករ័ត្ន និងផ្កាសិរមាន់។ ផើងផ្កានីមួយៗមិនត្រឹមតែធ្វើឱ្យទេសភាពកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពរីករាយ និងមនោសញ្ចេតនារបស់កងទ័ពការពារព្រំដែននៅតាមព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់។
    |
 |
|
យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Long Khot តុបតែងបរិវេណនៃអង្គភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ |
ពលបាលត្រី Tran Ngoc Co Vy ចែករំលែកថា៖ "ការដាំ និងថែទាំផ្កាដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី បានជួយឱ្យបន្ទាយកាន់តែស្អាត ។ ការងារនេះតម្រូវឱ្យមានភាពហ្មត់ចត់ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍សប្បាយរីករាយ ពីព្រោះពួកគេបានរួមចំណែកនាំមកនូវបរិយាកាសនិទាឃរដូវដល់អង្គភាព"។
សកម្មភាពដាំផ្កា និងរុក្ខជាតិតុបតែងលំអមិនត្រឹមតែនាំមកនូវទេសភាពស្រស់ស្អាតក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជាក់ស្តែងក្នុងការលើកកម្ពស់ជីវភាពរស់នៅខាងស្មារតីដល់កងទ័ពផងដែរ។
ក្រៅពីនេះ អង្គភាពបានផ្តោតលើការបង្កបង្កើនផលដើម្បីធានាស្បៀងអាហារ ជាពិសេសបន្លែក្នុងអំឡុងពេលបុណ្យតេត។ ក្នុងបរិយាកាសបុណ្យតេតយ៉ាងសប្បាយនិងកក់ក្ដៅនោះ កម្មាភិបាលនិងយុទ្ធជនបានរំលឹកឡើងវិញនូវឆ្នាំកន្លងមក ចែករំលែកសេចក្តីសប្បាយរីករាយ និងលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យបន្តខិតខំក្នុងការងាររក្សា និងការពារព្រំដែនយ៉ាងរឹងមាំ។ ទោះបីជាមិនអាចជួបជុំជាមួយក្រុមគ្រួសារក៏ដោយក៏ប៉ុន្ដែក្រោមការយកចិត្តទុកដាក់ ពីអង្គភាពបានជួយឲ្យយុទ្ធជនម្នាក់ៗមានអារម្មណ៍កក់ក្តៅនៃនិទាឃរដូវ។
យោងតាមលោកវរសេនីយ៍ទោ Do Van Long ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Long Khot ក្រៅពីការធានារបបដល់កម្មាភិបាលនិងយុទ្ធជន អង្គភាពក៏រៀបចំសកម្មភាពកម្សាន្តជាច្រើន ដោយបង្កើតបរិយាកាសបុណ្យតេតយ៉ាងសប្បាយរីករាយ។ ល្បែងប្រជាប្រិយប្រពៃណីដូចជា ទាញព្រ័ត្រ លោតបាវ រួមជាមួយនឹងសកម្មភាពប្រកួតកីឡាដូចជា បាល់ទាត់ និងបាល់ទះ ត្រូវបានរៀបចំឡើងយ៉ាងរីករាយ ដោយទាក់ទាញកម្មាភិបាល និងយុទ្ធជនចូលរួមយ៉ាងច្រើន។ អង្គភាពនេះក៏បានសហការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មូលដ្ឋាន ដែលជួយពង្រឹងចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែន ដែលរួមចំណែកការពារតំបន់ព្រំដែនដ៏រឹងមាំ៕
បកប្រែដោយ Pham Diep