លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបអគ្គនាយកទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Andrey Kondrashov អគ្គនាយកទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម តាមការអញ្ជើញរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចាត់ទុកថា កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី ក្នុងយុគសម័យថ្មីមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍អភិវឌ្ឍន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាគំរូនៃទំនាក់ទំនងអន្តរជាតិល្អទៀតផង ដោយផ្អែកលើទំនាក់ទំនងដែលត្រូវបានសាកល្បងតាមពេលវេលា។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Andrey Kondrashov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម និង TASS បន្តសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធ ជាពិសេសក្នុងការធ្វើបរិវត្តកម្មឌីជីថល បណ្តុះបណ្តាលធនធានមនុស្សធ្វើម្ចាស់ភាសារុស្ស៊ី និងវៀតណាម រក្សាបណ្តាញសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការផ្តល់ព័ត៌មានត្រឹមត្រូវ និងការបង្កើតយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការរកឃើញ និងដោះស្រាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។
ដោយសង្កត់ធ្ងន់ថា មនោសញ្ចេតនារបស់ប្រជាជនវៀតណាមចំពោះសហព័ន្ធរុស្ស៊ី និងប្រជាជនរុស្ស៊ីចំពោះវៀតណាម គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជនជំនាន់ក្រោយត្រូវបន្តពូនជ្រំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យទីភ្នាក់ងារសារព័ត៌មានទាំងពីរ ជំរុញការផ្សព្វផ្សាយប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងល្អរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ រៀបចំព្រឹត្តិការណ៍ និងវេទិកានានា ដើម្បីឱ្យយុវជនជំនាន់ក្រោយ ក៏ដូចជាអ្នកសារព័ត៌មានវ័យក្មេងមកពីប្រទេសទាំងពីរមានឱកាសជួបប្រាស្រ័យ រៀនសូត្រ និងជំរុញទឹកចិត្តឱ្យចូលរួមចំណែកដល់សាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Andrey Kondrashov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS បានឯកភាពជាមួយនឹងយោបល់របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជាពិសេសក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ លោក Andrey Kondrashov បានមានប្រសាសន៍ថា ទីភ្នាក់ងារសារព័ត៌មានទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តខ្លឹមសារតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី រួមចំណែកថែរក្សា ពូនជ្រំ និងពង្រឹងទំនាក់ទំនងប្រពៃណីដ៏ល្អ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងស្ថានភាពថ្មីឲ្យកាន់តែស៊ីជម្រៅថែមទៀត៕
បកប្រែដោយ Huyen Trang