វៀតណាមផ្តល់អាទិភាពលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងគម្រោងលេខ ៦ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំក្នុងឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតាមប្រព័ន្ធវីដេអូជាមួយខេត្តក្រុងចំនួន ៣៤។ កិច្ចប្រជុំនេះ គឺសំដៅអនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗប្រកបដោយប្រសិទ្ធភាព ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn) |
នៅក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានចាត់ទុក អំពាវនាវឲ្យផ្លាស់ប្តូរផ្នត់គំនិតពី "ការធ្វើច្រើន" ទៅ "ការធ្វើឱ្យត្រឹមត្រូវ និងចំគោលដៅ"; ពីការមានសកម្មភាពទៅការបង្កើតផលិតផលជាក់លាក់ អាចវាស់វែងបាន និងផ្តោតលើគុណភាព។
ក្នុងស្មារតីនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូផ្តោតការពិភាក្សាលើការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ; លើកឡើងដំណោះស្រាយលេចធ្លោ ដើម្បីជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ចទិន្នន័យ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គប្រជុំកំណត់ឱ្យបានច្បាស់លាស់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងឆ្នាំនេះ ដើម្បីឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ពិតជាក្លាយជាកម្លាំងចលករទម្លុះទម្លាយ រួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ក៏ដូចជាគោលដៅ និងភារកិច្ចដែលបានដាក់ចេញផងដែរ៕
បកប្រែដោយ Thanh Cong