ក្នុងដំណាក់កាលថ្មីនេះ កងទ័ពត្រូវតែបន្តថែរក្សាប្រពៃណីវីរភាពរបស់ខ្លួន ខិតខំដើម្បីភាពរីកចម្រើន កសាងកងទ័ពទំនើប បំពេញមុខងាររបស់ខ្លួនយ៉ាងល្អឥតខ្ចោះជាកម្លាំងប្រយុទ្ធ ជាកម្លាំងពលកម្ម ជាកម្លាំងត្រួសត្រាយផ្លូវ និងជាគំរូពិតប្រាកដ រួមជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល អនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យ ការពារមាតុភូមិយ៉ាងរឹងមាំ និងរក្សាបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍដ៏រុងរឿង និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ នេះជាការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក្នុងបទសម្ភាសន៍ជាមួយកាសែតកងទ័ពប្រជាជនមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស

អ្នកយកព័ត៌មាន៖ សូមគោរពលោករដ្ឋមន្ត្រីជាទីគោរព នៅក្នុងមហាសន្និបាតលើកទី១២ នៃគណៈកម្មាធិការបក្សកងទ័ព ថ្នាក់ដឹកនាំបក្ស និងរដ្ឋទាំងអស់បានវាយតម្លៃថា ក្នុងអាណត្តិ ឆ្នាំ២០២០-២០២៥ គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អឥតខ្ចោះ។ តើអ្វីៗជាសមិទ្ធផលលេចធ្លោរបស់កងទ័ពក្នុងរយៈពេល ៥ ឆ្នាំកន្លងមកបាទលោករដ្ឋមន្រ្តី?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ស្ថានភាពពិភពលោក និងតំបន់បានវិវត្តយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ បញ្ហាថ្មីៗ និងស្មុគស្មាញជាច្រើនបានកើតឡើងដោយគ្មានគំរូពីមុន។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗ ជម្លោះយោធា និងអស្ថិរភាពនយោបាយនៅក្នុងប្រទេស និងតំបន់មួយចំនួន។ បញ្ហាសន្តិសុខមិនមែនប្រពៃណីកំពុងកាន់តែស្មុគស្មាញ។ តំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងអាស៊ីអាគ្នេយ៍ នៅតែបន្តជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏ស្វាហាប់ ប៉ុន្តែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ ជម្លោះលើអធិបតេយ្យភាពទឹកដី សមុទ្រ និងកោះនានាបន្តវិវឌ្ឍក្នុងស្ថានភាពស្មុគស្មាញ។

នៅក្នុងស្រុក ស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៅតែមានស្ថិរភាព និងកំពុងជួបប្រទះនឹងការអភិវឌ្ឍដ៏រឹងមាំ។ ការការពារជាតិ និងសន្តិសុខកំពុងត្រូវបានពង្រឹង និងពង្រឹងឥតឈប់ឈរទាក់ទងនឹងសក្តានុពល កម្លាំង និងជំហរយុទ្ធសាស្ត្រ។ ទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិកំពុងកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព  ហើយឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅក្នុងឆាកអន្តរជាតិត្រូវបានពង្រឹងលើកស្ទួយខ្ពស់។

ចំពោះកងទ័ព គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានផ្តោតលើការដឹកនាំ និងណែនាំកងទ័ពទាំងមូលឱ្យរួបរួមគ្នា មានការតាំងចិត្តខ្ពស់ មានភាពសកម្ម និងភាពច្នៃប្រឌិតក្នុងការជំនះការលំបាក និងបញ្ហាប្រឈមទាំងអស់ដោយបំពេញភារកិច្ចទាំង ១៥ ក្រុមដែលមានចែងក្នុងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១១ របស់គណៈកម្មាធិការបក្សកងទ័ព។ ភារកិច្ចជាច្រើនត្រូវបានបញ្ចប់យ៉ាងល្អឥតខ្ចោះ ដោយបន្សល់ទុកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងរបកគំហើញគួរឱ្យកត់សម្គាល់៖

ទីមួយ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកងកម្លាំងប្រដាប់អាវុធទាំងមូល តែងតែយល់ និងព្យាករណ៍ស្ថានភាពបានយ៉ាងត្រឹមត្រូវ អនុវត្តមុខងារផ្តល់យោបល់ដល់បក្ស និងរដ្ឋប្រកបដោយប្រសិទ្ធភាពលើបញ្ហាយោធា និងការពារជាតិ ព្រមទាំងបានផ្តល់ប្រឹក្សាដល់ថ្នាក់លើឲ្យចេញសេចក្តីសម្រេច យុទ្ធសាស្ត្រ សេចក្តីសន្និដ្ឋាន និងច្បាប់សំខាន់ៗស្តីពីយោធា និងការពារជាតិ ដោយបំពេញតាមតម្រូវការការពារជាតិទាំងរយៈពេលខ្លី និងរយៈពេលវែង។ ប្រទេសវៀតណាមត្រូវបានសហគមន៍អន្តរជាតិឱ្យតម្លៃខ្ពស់ចំពោះការរក្សាសន្តិភាព និងស្ថិរភាព ធានាការការពារជាតិ សន្តិសុខ និងសុវត្ថិភាពល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ទីពីរ គណៈកម្មាធិការបក្សកងទ័ពត្រូវបានកសាងឱ្យមានភាពស្អាតស្អំ រឹងមាំខាងនយោបាយ មនោគមវិជ្ជា សីលធម៌ អង្គការចាត់តាំង និងធនធានមនុស្ស។ កងទ័ពទាំងមូលតែងតែរឹងមាំ និងម៉ឺងម៉ាត់ជាកម្លាំងស្នូល និងជាកម្លាំងនាំមុខគេក្នុងការការពារគ្រឹះមនោគមវិជ្ជារបស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព និងរក្សាបាននូវប្រៀបមនោគមវិជ្ជារបស់បក្សនៅក្នុងកងទ័ព។

ទីបី កងទ័ពបន្តដើរតួនាទីស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធការពារជាតិ ខឿនការពារជាតិដែលភ្ជាប់ជាមួយប្រព័ន្ធសន្តិសុខប្រជាជន ខឿនសន្តិសុខប្រជាជន និងការការពារតំបន់យោធា និងតំបន់ការពារដ៏រឹងមាំ ដោយបង្កើតកម្លាំងដ៏ទូលំទូលាយដើម្បីការពារមាតុភូមិ។ ឥរិយាបថការពារជាតិត្រូវបានកែសម្រួលឱ្យស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រំប្រទល់រដ្ឋបាលថ្មី និងរៀបចំអាជ្ញាធរមូលដ្ឋានពីរជាន់ថ្នាក់។ ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលទាក់ទងនឹងភារកិច្ចការពារមាតុភូមិត្រូវបានបង្កើន។ កងទ័ពបានដើរតួនាទីនាំមុខ និងជាស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយបង្ហាញខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ដ៏លំបាក និងគ្រោះថ្នាក់ សម្របសម្រួលយ៉ាងសកម្មជាមួយកងកម្លាំងដទៃទៀត ដើម្បីទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ដោះស្រាយឧប្បត្តិហេតុបរិស្ថាន និងជួយប្រជាជនកាត់បន្ថយភាពក្រីក្រ កសាងតំបន់ជនបទថ្មី ជាពិសេសនៅតំបន់ព្រំដែន តំបន់ឆ្នេរសមុទ្រ កោះ តំបន់ដាច់ស្រយាល និងតំបន់ដែលមានលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លំបាក។

ទីបួន ការងារកសាងកងកម្លាំងប្រដាប់អាវុធសម្រេចបានលទ្ធផលល្អ និងបង្ហាញពីភាពជឿនលឿន គុណភាព កម្លាំង ជំនាញ និងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពទាំងមូលត្រូវបានបង្កើន ដែលបំពេញតម្រូវការ និងភារកិច្ចការពារជាតិបានកាន់តែប្រសើរឡើងនៅក្នុងស្ថានភាពថ្មី។ កងទ័ពទាំងមូលបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជឿនលឿនទាំងបី យោងតាមសេចក្តីសម្រេចរបស់មហាសន្និបាតបក្សលើកទី ១១ នៃកងទ័ព។ ផ្តោតលើការកសាងកងទ័ពប្រជាជនបដិវត្តន៍ រៀបរយ ចំណាន និងទំនើបជាលំដាប់។

ទីប្រាំ ការងារភស្តុភារ និងបច្ចេកទេសមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយធានាបាននូវការបំពេញភារកិច្ចយោធាទាំងអស់ (ហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ការការពារអធិបតេយ្យភាពដែនសមុទ្រ កោះ ព្រំដែន និងបេសកកម្មដែលនឹកស្មានមិនដល់)។ ការស្រាវជ្រាវ និងការផលិតបានឥន្ធនៈជាច្រើនប្រភេទជំនួសការនាំចូល និងមានសមត្ថភាពក្នុងការជួសជុល និងផលិតអាវុធ ឧបករណ៍ និងសម្ភារៈបច្ចេកទេស។ល។ ការងារវិទ្យាសាស្ត្រយោធា ការផ្លាស់ប្តូរឌីជីថល កំណែទម្រង់រដ្ឋបាល និងវិស័យការងារផ្សេងទៀតត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ម៉ត់ចត់ និងមានប្រសិទ្ធភាព។ ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិនៅតែបន្តត្រូវបានពង្រឹងជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន ដែលត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិ ដោយហេតុនេះបង្កើនការឯកភាពគ្នា កាត់បន្ថយការខ្វែងគំនិតគ្នា ទប់ស្កាត់ហានិភ័យនៃជម្លោះ រួមចំណែកដល់ការលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេស និងកងទ័ព ការពារមាតុភូមិតាំងពីដំបូង និងពីចម្ងាយ ហើយក្នុងពេលជាមួយគ្នានេះ បានចូលរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ នៅឆ្នាំ ២០២៥ កងទ័ពសម្រេចបានសមិទ្ធផលលេចធ្លោក្នុងវិស័យ និងភារកិច្ចជាច្រើន ប៉ុន្តែប្រជាជនមានការចាប់អារម្មណ៍ជាពិសេសចំពោះរូបភាពនៃកងទ័ពអ៊ំហូសម័យថ្មី នៅពេលដែលកងទ័ពចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រា និងជួយប្រជាជនយកឈ្នះលើផលវិបាកនៃទឹកជំនន់ គ្រោះមហន្តរាយជាប្រវត្តិសាស្ត្រ។ តើលោករដ្ឋមន្រ្តី អាចចែករំលែកអារម្មណ៍របស់លោកបានទេ នៅពេលដែលលោកបញ្ជា និងដឹកនាំកងទ័ពទាំងមូលដោយផ្ទាល់ឱ្យអនុវត្តភារកិច្ចទាំងនេះ?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ខ្ញុំរួមជាមួយថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេស មានការរំជួលចិត្តយ៉ាងខ្លាំងខណៈពេលដែលបានមើលឃើញ និងបញ្ជា ដឹកនាំដោយផ្ទាល់ កងទ័ពបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីអនុវត្តភារកិច្ចសំខាន់ៗដោយជោគជ័យក្រោមលក្ខខណ្ឌលំបាក និងងាយជួបគ្រោះថ្នាក់។

ឆ្នាំទៅ ប្រទេសយើងបានរងគ្រោះដោយព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រជាច្រើន ដែលបង្កឲ្យគ្រោះជន់លិចផ្ទះសម្បែងប្រជាជន និងការបាក់ដី ដែលបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន។ ក្នុងគ្រាមានគ្រោះថ្នាក់ និងការលំបាក កងទ័ព នគរបាល និងកងជីវពលតែងតែបម្រើការជាកម្លាំងស្នូល ជាអ្នកត្រួសត្រាយ និងជាកម្លាំងនាំមុខគេ ដោយជួយសង្គ្រោះ និងជួយប្រជាជនដោយស្មោះស្ម័គ្រក្នុងការជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។

រូបភាពរបស់ប្រជាជននៅកន្លែងជាច្រើនដែលទទួលស្វាគមន៍កងទ័ពពេលមកដល់ដោយក្តីរីករាយ និងអាលោះអាល័យគ្រាជម្រាបលាកងទ័ព បានធ្វើឲ្យថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសរំជួលចិត្តយ៉ាងខ្លាំងណាស់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន និងពលទាហាននៃកងទ័ពទាំងមូល ព្រមទាំងកងជីវពលទូទាំងប្រទេស ដែលបានរក្សាប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម និងធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ “កងទ័ពរបស់យើងស្មោះត្រង់នឹងបក្ស និងប្រជាជន ត្រៀមខ្លួនប្រយុទ្ធ និងលះបង់គ្រប់យ៉ាងដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ដើម្បីសង្គមនិយម។ រាល់កិច្ចការត្រូវបានបញ្ចប់ រាល់ការលំបាកត្រូវបានយកឈ្នះ សត្រូវទាំងអស់ត្រូវបានកម្ចាត់ចោល”។

អ្នកយកព័ត៌មាន៖ ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១២ នៃគណៈកម្មាធិការកងទ័ព និងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ តើលោករដ្ឋមន្រ្តីអាចឱ្យយើងដឹងអំពីទិសដៅ និងភារកិច្ចសំខាន់ៗរបស់កងទ័ពរបស់យើងក្នុងឆ្នាំ២០២៦បានទេ?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃអាណត្តិថ្មី ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃការអភិវឌ្ឍជាតិ និងការចាប់ផ្តើមនៃការកសាងកងទ័ពទំនើបមួយដែលឆ្លើយតបបានតម្រូវការ និងភារកិច្ចខ្ពស់ៗ។ ដូច្នេះ ជាដំបូងកងទ័ពទាំងមូលត្រូវតែយល់ជ្រាបឲ្យបានស៊ីជម្រៅអំពីគោលការណ៍ណែនាំ និងទស្សនៈរបស់បក្សលើកិច្ចការយោធា ការពារជាតិ និងការការពារមាតុភូមិក្នុងស្ថានភាពថ្មី និងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១២ នៃគណៈកម្មាធិការកងទ័ព និងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ បង្កើតផែនការសកម្មភាព និងកម្មវិធីជាក់លាក់ ផ្តោតលើការបន្តលើកកម្ពស់សមត្ថភាពស្រាវជ្រាវ ការព្យាករណ៍ និងការវាយតម្លៃស្ថានភាព និងការផ្តល់ប្រឹក្សាដល់បក្ស និងរដ្ឋលើការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិ និងយោធាឲ្យបានត្រឹមត្រូវ។

កងទ័ពទាំងមូលផ្តោតលើការលើកកម្ពស់គុណភាព និងកម្លាំងប្រយុទ្ធទាំងមូល។ បន្តកែសម្រួលអង្គការចាត់តាំអឱ្យ "បង្រួម មានប្រសិទ្ធភាព និងរឹងមាំ" ដោយធានានូវរចនាសម្ព័ន្ធអង្គការចាត់តាំងដែលស៊ីសង្វាក់គ្នា និងសមហេតុផលរបស់កងទ័ព។ ផ្សំការបណ្តុះបណ្តាលយោធាជាមួយនឹងការអប់រំនយោបាយ ការហ្វឹកហ្វឺនរាងកាយ និងការបណ្ដុះបណ្ដាលជំនាញ និងបទពិសោធន៍ប្រយុទ្ធ។ លើកកម្ពស់ការទម្លាយថ្មីៗក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់រដ្ឋបាល។

ផ្តោតលើការកសាងគណៈកម្មាធិការបក្សកងទ័ពឱ្យស្អាតស្អំ រឹងមាំ ពិតប្រាកដ ជាគំរូ និងលេចធ្លោនៅក្នុងកងទ័ព។ កងទ័ពទាំងមូលមានភាពរឹងមាំខាងនយោបាយ និងមនោគមវិជ្ជា ធានានូវភាពស្មោះត្រង់ដាច់ខាតចំពោះបក្ស រដ្ឋ និងប្រជាជនក្នុងគ្រប់កាលៈទេសៈណា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធដើម្បីការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។

អ្នកយកព័ត៌មាន៖ ដោយសារតម្រូវការ និងភារកិច្ចកាន់តែមានការកើនឡើងរបស់កងទ័ពក្នុងដំណាក់កាលថ្មី និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ តើលោករដ្ឋមន្ត្រីផ្តាំផ្ញើសារអ្វីទៅកាន់នាយទាហាន និងពលទាហានទាំងអស់នៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេស?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ខ្ញុំពិតជារីករាយណាស់ដែលក្នុងអំឡុងពេលអាណត្តិ ២០២០-២០២៥ ជាពិសេសក្នុងឆ្នាំកន្លងមក ទោះបីជាប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន និងអនុវត្តភារកិច្ចសំខាន់ៗជាច្រើនក៏ដោយ កងទ័ពទាំងមូលបានខិតខំបំពេញភារកិច្ចទាំងអស់ឱ្យបានទូលំទូលាយ។ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសសូមសរសើរដល់នាយទាហាន និងពលទាហាននៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេស ដែលតែងតែរក្សាការទទួលខុសត្រូវ ការឯកភាព និងការលះបង់គ្រប់យ៉ាង រួមចំណែកយ៉ាងសក្តិសមចូលក្នុងបុព្វហេតុនៃការកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។

ដើម្បីធានាឱ្យកងទ័ពទាំងមូលឈានចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍយ៉ាងរឹងមាំ ខ្ញុំសង្ឃឹម និងជឿជាក់ថា យុទ្ធជនគ្រប់រូបនឹងចងចាំ និងយល់ជ្រាបយ៉ាងស៊ីជម្រៅអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ហើយការប្តេជ្ញាចិត្តប្រែគោលការណ៍ “៥ យ៉ាងរឹងមាំ” ទៅជាសកម្មភាពប្រចាំថ្ងៃជាក់ស្តែង ដោយបង្កើតការផ្លាស់ប្តូរ និងវឌ្ឍនភាពសំខាន់ៗ បំពេញបានតាមតម្រូវការ និងភារកិច្ចនៃសម័យកាលថ្មីនេះប្រកបដោយប្រសិទ្ធភាព សក្តិសមនឹងការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជននិងសក្តិសមនឹងកិត្តិនាមជាកងទ័ពអ៊ំហូ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ ខ្ញុំសូមជូនពរដ៏ស្មោះស្ម័គ្រដល់យុទ្ធជនកងទ័ពទាំងមូល រួមជាមួយក្រុមគ្រួសារឲ្យមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យជាច្រើនក្នុងការងារ និងជីវិត។ ខ្ញុំសង្ឃឹមថា គ្រប់ក្រុមគ្រួសារទាំងអស់នឹងបន្តបង្ហាញការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពឱ្យនឹងចិត្តបំពេញភារកិច្ចប្រកបដោយជោគជ័យ ចូលរួមចំណែកក្នុងការកសាងកងទ័ព ពង្រឹងខឿនការពារជាតិ ការពារមាតុភូមិ រក្សាសន្តិភាព និងស្ថិរភាព ដើម្បីឲ្យប្រទេសជាតិអាចអភិវឌ្ឍទៅជាប្រទេសជាតិដ៏រុងរឿង អរិយធម៌ និងសុភមង្គល ឈានទៅមុខជាលំដាប់ឆ្ពោះទៅរកសង្គមនិយម៕

បកប្រែដោយ Minh Trung