វៀតណាមត្រៀមរៀបចំធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព
កប.អនឡាញ - នាព្រឹកថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តភារកិច្ចក្នុងរយៈពេលកន្លងមក និងទិសដៅការងាររបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមដល់ចុងឆ្នាំ ២០២៦។
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈកម្មការដឹកនាំរបស់ក្រសួងការពារប្រទេស ស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាអធិបតីនៃកិច្ចប្រជុំ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានទទួលស្គាល់ថា នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានធ្វើការងារយ៉ាងល្អក្នុងការគ្រប់គ្រង បញ្ជា ដឹកនាំ និងប្រតិបត្តិការកងកម្លាំងដែលចូលរួមក្នុងស្ថានបេសកកម្ម អនុវត្តយ៉ាងតឹងរ៉ឹងនូវវិន័យ ធានាសន្តិសុខ និងសុវត្ថិភាព និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ សម្របសម្រួលយ៉ាងសកម្មជាមួយភ្នាក់ងារ និងអង្គភាពនានាដើម្បីផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពដល់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ដើម្បីធានាបាននូវការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប៉ុន្មានឆ្នាំខាងមុខ និងជាពិសេសចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម សម្របសម្រួលជាមួយភ្នាក់ងារ និងអង្គភាពនានាទូទាំងកងទ័ព ដើម្បីរៀបចំធនធានមនុស្សប្រកបដោយប្រសិទ្ធភាពសម្រាប់ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទិសដៅការងាររហូតដល់ចុងឆ្នាំ២០២៦។ វៀតណាមមានគម្រោងចាត់បញ្ជូនកងកម្លាំងទៅចូលរួមក្នុងលំហាត់សមយុទ្ធភាពជាដៃគូយោធាតំបន់សម្រាប់ការអភិវឌ្ឍ និងនវានុវត្តន៍នៅមហាសមុទ្រឥណ្ឌា (PRAGATI-I) លើកដំបូងនៅខែឧសភា ឆ្នាំ២០២៦ និងលំហាត់សមយុទ្ធ VINBAX ២០២៦ នៅខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌា៕
បកប្រែដោយ Huyen Trang