លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Dong Jun និងគណៈប្រតិភូក្រសួងការពារជាតិចិន មកចូលរួមរាល់សកម្មភាពនៃកម្មវិធីផ្លាស់ប្តូរមិត្ដភាពនៅវៀតណាម។
បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់តំបន់ព្រំដែនមានស្ថិរភាព និងអភិវឌ្ឍន៍
តាមរយៈជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនមួយចំនួនដែលបានរៀបចំដោយជោគជ័យ ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន តំបន់ព្រំដែនបានក្លាយជា "ស្ពានតភ្ជាប់" នៃចំណងមិត្តភាព បង្កើនការយោគយល់គ្នា ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។
ចំណុចលេចធ្លោមួយនៃរាល់សកម្មភាពនៅក្នុងប្រទេសវៀតណាមគឺពិធីបើកការដ្ឋានសាងសង់មណ្ឌលសុខភាពមិត្តភាពនៅឃុំ Hai Son។ មណ្ឌលសុខភាពមាន ២ ជាន់ បន្ទប់ចំនួន ៣២ ដោយមានទុនវិនិយោគសរុបប្រមាណ ៥២ ពាន់លានដុង ពីទុនវិនិយោគរបស់ក្រសួងការពារប្រទេស គម្រោងនេះ មិនត្រឹមតែបម្រើតម្រូវការនៃការពិនិត្យសុខភាពនិងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជននៅតំបន់ព្រំដែនផងដែរ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun ចូលរួមសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិន |
យោងតាមលោក Le Van Cuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hai Son គម្រោងនេះនឹងរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជន បង្កើនសាមគ្គីភាពរវាងកងទ័ព-ប្រជាជន ហើយនិងបង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំសម្រាប់តំបន់ព្រំដែនមានស្ថិរភាពនិងអភិវឌ្ឍន៍។
ផ្នត់គំនិតនៃកិច្ចសហប្រតិបត្ដិការ និងគោរពគ្នាទៅវិញទៅមកសម្រាប់យុវជនជំនាន់ក្រោយ
ចាកចេញពីមណ្ឌលសុខភាពមិត្តភាពឃុំ Hai Son រដ្ឋមន្ត្រីទាំងពីរបានអញ្ជើញទៅទស្សនាវិទ្យាល័យ Tran Phu និងទស្សនាកម្មវិធីសិល្បៈដែលសម្តែងដោយសិស្សានុសិស្សនៃវិទ្យាល័យ Tran Phu និងវិទ្យាល័យដុងស៊ីង (ទីក្រុងដុងស៊ីង តំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិន )។ ការសម្តែងទាំងនេះបានបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិ និងស្មារតីនៃការផ្លាស់ប្តូរមិត្តភាព ដែលបង្ហាញសារដ៏មានអត្ថន័យអំពីការតភ្ជាប់ ការចែករំលែក និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
បន្តសកម្មភាពដ៏មានអត្ថន័យនៅក្នុងប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun បានអញ្ជើញទៅទស្សនាប៉ុស្តិ៍ការពារព្រំដែន Tra Co ជាអង្គភាពមួយដែលមានសកម្មភាពជាច្រើនក្នុងការសហការគ្រប់គ្រង និងការពារព្រំដែនជាមួយកងកម្លាំងការពារព្រំដែនរបស់ភាគីចិន។
គំរូលេចធ្លោនៃកិច្ចសហប្រតិបត្តិការការពារជាតិព្រំដែន
នៅក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរមិត្ដភាពលើកទី ១០ មានសារៈសំខាន់ ជាពិសេសកម្មវិធីត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ដ្រីការពារជាតិ និងរដ្ឋមន្ដ្រីនគរបាលរបស់វៀតណាម-ចិន លើកទី១ ដែលបង្ហាញពីតួនាទី ភាពសកម្ម និងភាពម្ចាស់ការរបស់ក្រសួងការពារជាតិទាំងពីរក្នុងការអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងដោយភាគីទាំងពីរ។
បូកសរុបលទ្ធផលជំនួបប្រាស្រ័យមិត្ដភាពទាំង ១០ លើក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន និងចិន-វៀតណាម បានក្លាយជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។ ចាប់ផ្តើមពីឆ្នាំ២០១៤ ដល់សព្វថ្ងៃនេះ បន្ទាប់ពីរយៈពេល១២ ឆ្នាំ ជាមួយនឹងការរៀបចំ ១០ លើក ជំនួបប្រាស្រ័យមិត្ដភាពបានមានការអភិវឌ្ឍជាច្រើន។ ដំបូងឡើយ ជំនួបប្រាស្រ័យមិត្ដភាពគ្រាន់តែផ្តោតលើសកម្មភាពនៅក្នុងអង្គភាពកងទ័ពនៃប្រទេសទាំងពីរ។ ក្រោយមក ទំហំនិងទម្រង់នៃជំនួបប្រាស្រ័យមិត្ដភាពបានបើកទូលាយដោយមានការចូលរួមពីអាជ្ញាធរ និងអង្គការនៅមូលដ្ឋាន។ ក្នុងនោះ សកម្មភាពជាច្រើនដែលមានអត្ថន័យ ដូចជាការពិនិត្យសុខភាពដោយឥតគិតថ្លៃ ការព្យាបាល និងការចែកចាយថ្នាំសម្រាប់ប្រជាជននៅសងខាងព្រំដែន និងការផ្លាស់ប្តូរវប្បធម៌និងសិល្បៈរវាងសិស្ស និងប្រជាជននៅសងខាងព្រំដែន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun នៅច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai |
សកម្មភាពជាច្រើនកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅឆ្នាំនេះ ជាលើកដំបូងដែលភាគីទាំងពីរបានរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ជំនួបប្រាស្រ័យមិត្ដភាពបានក្លាយជាបណ្តាញទំនាក់ទំនង និងជួបពិភាក្សាដ៏សំខាន់រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរលើរាល់បញ្ហាដែលភាគីទាំងពីរយកចិត្ដទុកដាក់ដូចគ្នា និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិក្លាយជាសសរស្តម្ភពិតប្រាកដនៅក្នុងទំនាក់ទំនងទ្វេភាគី។
សកម្មភាពផ្លាស់ប្តូរមិត្ដភាពក៏រួមចំណែកបង្កើនការទូតរវាងប្រជាជននិងប្រជាជនដែលជួយឲ្យប្រជាជននៃប្រទេសទាំងពីរមានឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងនាំមកនូវជីវភាពរស់នៅកាន់តែល្អប្រសើ សប្បាយរីករាយ សុភមង្គល ពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងទាក់ទាញការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរ និងប្រជាជននៅតំបន់ព្រំដែន រួមចំណែកលើកកម្ពស់លទ្ធភាពសម្របសម្រួលសម្រាប់ដោះស្រាយទាន់ពេលនូវរាល់បញ្ហាស្មុគស្មាញដែលកើតឡើង។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា ជំនួបប្រាស្រ័យមិត្ដភាពនេះពិតជាបានក្លាយជាគំរូលេចធ្លោមួយនៃកិច្ចសហប្រតិបត្តិការការពារជាតិព្រំដែន ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ដែលធ្វើឡើងជាប្រចាំឆ្នាំ និងទទួលបានការគាំទ្រដោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ និងការចាប់អារម្មណ៍ពីមតិសាធារណៈអន្តរជាតិ ព្រមទាំងជាស្ពានតភ្ជាប់មិត្តភាពរបស់កម្មាភិបាលនិងយុទ្ធជន និងប្រជាជននៅសងខាងព្រំដែន។
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Dong Jun ឲ្យដឹងថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្ដូរដើម្បីរួមចំណែកធានាស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន ជំនួបប្រាស្រ័យមិត្ដភាពនេះរីកសាយភាយស្មារតីមិត្តភាព ទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ សមិទ្ធផលទាំងនេះបានមកពីការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដែលបានពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាបន្តបន្ទាប់ ដោយហេតុនេះ ជំនួបប្រាស្រ័យមិត្ដភាពបានពង្រីកទៅលើវិស័យជាច្រើនទៀត និងកាន់តែមានប្រសិទ្ធភាពនិងស៊ីជម្រៅ។
យោងតាមលោកឧត្តមសេនីយ៍ឯក Dong Jun ឲ្យដឹងថា សកម្មភាពនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខក្នុងតំបន់ ជាពិសេសតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជននៅសងខាងព្រំដែនផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យន្តការជំនួបប្រាស្រ័យមិត្ដភាពនេះបានអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព ហើយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ៕
បកប្រែដោយ Pham Diep