អង្គភាពកងទ័ពជាច្រើនទប់ទល់នឹងខ្យល់ព្យុះលេខ ១១
កប.អនឡាញ - នាថ្ងៃទី ៥ តុលា អនុវត្តការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនោះ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម បានចេញសារទូរលេខលេខ ៥៧១៣/CĐ-TM ស្តីពីការបង្កើតក្រុមត្រួតពិនិត្យសម្រាប់ទប់ទល់ទៅនឹងខ្យល់ព្យុះលេខ ១១ នៅតំបន់យោធភូមិភាគទី ៣ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
ក្រុមការងារបានធ្វើការជាមួយបញ្ជាការដ្ឋានយោធាខេត្ត Quang Ninh និងត្រួតពិនិត្យ និងក្ដាប់ជាប់នូវស្ថានភាពអនុវត្តវិធានការឆ្លើយតបនឹងខ្យល់ព្យុះលេខ ១១ នៅមូលដ្ឋាន។
ថ្លែងក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានវាយតំលៃខ្ពស់ចំពោះការអនុវត្តវិធានការឆ្លើយតបទៅនឹងខ្យល់ព្យុះរបស់យោធភូមិភាគទី ៣ និងខេត្ត Quang Ninh ព្រមទាំងស្នើឱ្យបណ្ដាស្ថាប័ននិងអង្គភាពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការដឹកនាំរបស់អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមស្តីពីការឆ្លើយតបនឹងខ្យល់ព្យុះលេខ ១១ ក្នុងនោះ ផ្ដោតលើការធានាសុវត្ថិភាពនៅសមុទ្រមុនពេលខ្យល់ព្យុះបោកបក់មកលើគោក។
    |
 |
អង្គភាពកងទ័ពជាច្រើនទប់ទល់នឹងខ្យល់ព្យុះលេខ ១១ |
នៅថ្ងៃដដែល អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានចេញសារទូរលេខលេខ ៥៧១៤/CD-TM ដល់ស្ថាប័ននិងអង្គភាពនានាអំពីការអនុវត្តវិធានការឆ្លើយតបនឹងខ្យល់ព្យុះលេខ ១១។ អនុវត្តសារទូរលេខលេខ ១២/CD-BCĐ-BNNMT ចុះថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ នៃគណៈកម្មាធិការដឹកនាំការពារទប់ទល់ស៊ីវិលជាតិស្តីពីការអនុវត្តន៍វិធានការឆ្លើយតបនឹងខ្យល់ព្យុះលេខ ១១ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ស្នើឲ្យស្ថាប័ននិងអង្គភាពបន្តតាមដាន និងចាប់យកការវិវត្តនៃខ្យល់ព្យុះ ភ្លៀងទឹកជំនន់ និងដាក់ពង្រាយវិធានការបង្ការដើម្បីធានាសុវត្ថិភាពនៃបន្ទាយ ឃ្លាំងនិងសំណង់ដែលកំពុងសាងសង់។ ត្រៀមរៀបចំកម្លាំងនិងមធ្យោបាយដើម្បីត្រៀមខ្លួនជាស្រេចឆ្លើយតបបានទាន់ពេល និងមានប្រសិទ្ធភាពចំពោះស្ថានភាព។ ធានាសុវត្ថិភាពទាំងស្រុងសម្រាប់មនុស្ស និងមធ្យោបាយនៅពេលបំពេញការងារ។
យោធភូមិភាគទី១ យោធភូមិភាគទី ២ និងយោធភូមិភាគទី៣ ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត និងទីក្រុង សហការយ៉ាងសកម្មជាមួយទីភ្នាក់ងារនានាដើម្បីផ្ដល់យោបល់ជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានអនុវត្ដវិធានការ ធានាសុវត្ថិភាពដល់អាយុជីវិត មធ្យោបាយនិងទ្រព្យសម្បត្តិសម្រាប់រាល់សកម្មភាពនៅសមុទ្រ លើកោះ ឆ្នេរសមុទ្រ សកម្មភាពទេសចរណ៍នៅឈូងសមុទ្រតុងកឹង និងរៀបចំការជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនដឹកនាំបញ្ជាឲ្យគណៈបញ្ជាកងទ័ពការពារព្រំដែននៃបណ្ដាខេត្ដ និងទីក្រុងជាប់មាត់សមុទ្រចាប់ពីខេត្ត Quang Ninh ដល់ Ninh Binh បន្តត្រួតពិនិត្យ ណែនាំនាវា ទូកនេសាទ និងមធ្យោបាយដែលកំពុងប្រតិបត្តិការនៅសមុទ្រជម្លៀសទៅទីទួលសុវត្ថិភាព ព្រមទាំងគ្រប់គ្រងនាវា និងទូកយ៉ាងតឹងរ៉ឹង ហាមមនុស្សនៅលើនាវាពេលកើតឡើងខ្យល់ព្យុះ។ កងទ័ពជើងទឹក និងកងឆ្មាំសមុទ្រវៀតណាមដាក់ពង្រាយកងកម្លាំង និងមធ្យោបាយដើម្បីត្រៀមខ្លួនជាស្រេចជួយសង្គ្រោះនៅសមុទ្រ។ អង្គភាពទ័ពការពារអាកាស-ទ័ពជើងអាកាស និងអង្គទ័ពលេខ ១៨ ត្រៀមខ្លួនជាស្រេចហោះហើរស្វែងរក និងជួយសង្គ្រោះនៅពេលមានបទបញ្ជា។
អង្គភាពវិទ្យុទាក់ទងដឹកនាំអង្គភាពនានាដើម្បីធានាការទំនាក់ទំនងរលូនសម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសដើម្បីដឹកនាំការសង្គ្រោះ; សម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម-ទូរគមនាគមន៍យោធា សហការជាមួយបណ្ដាយោធភូមិភាគដើម្បីប្រមូលផ្តុំកងកម្លាំង និងយន្តហោះគ្មានមនុស្សបើក ដើម្បីត្រៀមខ្លួនជាស្រេចស្វែករកនៅតំបន់ដែលមានហានិភ័យនៃការរអិលបាក់ដី ទឹកជំនន់ និងតំបន់ដាច់ដោយឡែកដូចជាឃុំ Ba Che ឃុំ Tien Yen ឃុំ Vinh Thuc (ខេត្ត Quang Ninh) ដើម្បីព្រមាន និងជួយសង្គ្រោះទាន់ពេល។
* នៅថ្ងៃទី០៥ ខែតុលា បញ្ជាការដ្ឋានយោធភូមិភាគទី៣ បានបង្កើតក្រុមការងារចំនួន៤ ដើម្បីចុះត្រួតពិនិត្យ និងដឹកនាំការបង្ការ និងទប់ទល់នឹងខ្យល់ព្យុះនៅបញ្ជាការដ្ឋានយោធាខេត្ត ក្រុង និងអង្គភាពដែលឈរជើងក្នុងតំបន់។
បញ្ជាការយោធភូមិភាគទី៣ តម្រូវឱ្យអង្គភាពរក្សាការប្រចាំការ ២៤/៧ ម៉ោង ត្រៀមខ្លួនជាស្រេចចល័តកម្លាំងនិងមធ្យោបាយជួយសង្គ្រោះ ជាពិសេសនៅតាមតំបន់គ្រោះថ្នាក់។
បកប្រែដោយ Pham Diep