បង្កលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ជនបរទេសចេញចូលប្រទេសវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ១៤ ខែសីហា ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang ឲ្យដឹងថា៖ គោលការណ៍របស់វៀតណាមគឺបង្កលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ជនបរទេសចេញចូលប្រទេសនិងស្នាក់នៅក្នុងប្រទេសវៀតណាម តាមរយៈនោះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
នាពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញប្រកាសសេចក្តីសម្រេចលេខ 229/NQ-CP ស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១២ យោងតាមកម្មវិធីជំរុញការអភិវឌ្ឍទេសចរណ៍ដែលអនុវត្តចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៨។ ដូច្នេះហើយ វៀតណាមនឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសដូចខាងក្រោម៖ បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆែក ហុងគ្រី លុចសំបួ ហូឡង់ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស្លូវេនី ស្វីស ក្នុងរយៈពេល ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃចូលប្រទេសវៀតណាមក្នុងគោលបំណងទេសចរណ៍ ដោយមិនគិតពីប្រភេទលិខិតឆ្លងដែន និងមានលក្ខខណ្ឌគ្រប់គ្រាន់ចូលប្រទេសវៀតណាមដែលកំណត់ដោយច្បាប់វៀតណាម។
    |
 |
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម |
គួររំលឹកថា មុននោះ រដ្ឋាភិបាលក៏បានចេញប្រកាសសេចក្តីសម្រេចលេខ ៤៤/NQ-CP ស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃបណ្ដាប្រទេស៖ អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស និងហ្វាំងឡង់។ រហូតមកដល់ពេលនេះ វៀតណាមបានលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ២៤ ប្រទេសដែលចូលមកប្រទេសវៀតណាមក្នុងគោលបំណងទេសចរណ៍។
លើសពីនេះ សេចក្ដីសម្រេចិត្ដលេខ 221/NQ-CP ស្តីពីការលើកលែងទិដ្ឋាការក្នុងរយៈពេលកំណត់សម្រាប់ជនបរទេសដែលជាមុខសញ្ញាពិសេសត្រូវបានផ្ដល់អាទិភាពសម្រាប់បំរើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ត្រូវបានអនុវត្តផងដែរ។ អាស្រ័យហេតុនេះ អ្នកដែលបានផ្ដល់អាទិភាពរួមមានភ្ញៀវកិត្ដិយសរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អ្នកប្រាជ្ញ អ្នកជំនាញ អ្នកវិនិយោគ អ្នកធ្វើការក្នុងវិស័យវប្បធម៌ សិល្បៈនិងករណីពិសេសផ្សេងទៀត៕
បកប្រែដោយ Pham Diep