នៅរសៀលថ្ងៃទី១៥ សីហា តាមសំណើរបស់ភាគីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​ ជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (រូបថត៖ Duong Giang-VNA)

ក្នុងជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថានឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមតិយោបល់ដែលបានឯកភាពគ្នាដោយ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង នាថ្ងៃទី១៤ សីហា។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យតភ្ជាប់ ពាណិជ្ជកម្ម និងវិនិយោគ ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានឆាប់ដល់គោលដៅ ២០ ពាន់លានដុល្លារ ជំរុញការតភ្ជាប់រវាងបណ្តាខេត្តក្រុងនៃប្រទេសទាំងពីរ អភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែន សម្រួលពាណិជ្ជកម្ម និងវិនិយោគឆ្លងព្រំដែន និងបន្តការចរចា និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាក់ទងនឹងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងសម្រួលដល់ការចូលសញ្ជាតិសម្រាប់ប្រជាជនដើមកំណើតវៀតណាមដែលបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាម ឲ្យ​មានស្ថិរភាពក្នុងជីវភាពរស់នៅ ធ្វើសមាហរណកម្ម និងរួមចំណែកជាវិជ្ជមានដល់សង្គមកម្ពុជា ព្រមទាំង​បង្កើតលក្ខខណ្ឌអំណោលផលសម្រាប់ធុរកិច្ចវៀតណាមប្រតិបត្តិការប្រកបដោយស្ថិរភាព និងពង្រីកការវិនិយោគនៅកម្ពុជា។

អំពីស្ថានភាពអន្តរជាតិ និងតំបន់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណម បានអះអាងថា វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តសហការ​ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាថ្ងៃទី ២៨ កក្កដា ដើម្បីលើកកំពស់តួនាទីមជ្ឈភាពរបស់អាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Duy Hoan