លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង
កប.អនឡាញ - នៅរសៀលថ្ងៃទី១៤ ខែសីហា តាមសំណើរបស់ភាគីកម្ពុជា លោក To Lam អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ដើម្បីពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារ លោក To Lam អគ្គលេខាបក្ស និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់គណបក្សនីមួយៗ និងប្រទេសនីមួយៗ ព្រមទាំងបានពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងបញ្ហាមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលខាងមុខ។
    |
 |
លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង |
មេដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងបី៖ បក្សកុម្មុយនិស្តវៀតណាម - គណបក្សប្រជាជនកម្ពុជា - បក្សប្រជាជនបដិវត្តន៍ឡាវក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញគណបក្ស និងបណ្តាញរដ្ឋ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ស្ថានប័ន និងមូលដ្ឋាន។ ជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាកិច្ចព្រមព្រៀងកម្រិតខ្ពស់ផ្សេងទៀត បន្តចែករំលែកព័ត៌មានទាន់ពេលវេលា ពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ បញ្ហាទាក់ទិននឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍកាន់តែរឹងមាំនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី បម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងបរិយាកាសស្និទ្ធស្នាល លោក To Lam អគ្គលេខាបក្ស បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដែលសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោក To Lam អគ្គលេខាបក្ស ស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានដែលកម្ពុជា និងថៃ សម្រេចបានទាក់ទងនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស និងបានលើកឡើងថា សម្តេចនឹងអញ្ជើញទៅចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) ដែលបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យដ៏ជ្រាលជ្រៅ និងបានសង្កត់ធ្ងន់ថា ខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីជាតិ និងស្មារតីអង់អាចក្លាហាន ឆន្ទៈមោះមុតរបស់ប្រជាជនវៀតណាមក្នុងការតស៊ូប្រយុទ្ធដ៏យូរអង្វែងប្រឆាំងនឹងការឈ្លានពានពីបរទេស ដណ្តើមយកឯករាជ្យជាតិ ព្រមទាំងបានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសដែលវៀតណាមសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក To Lam អគ្គលេខាបក្ស។ សម្តេចតេជោ ហ៊ុន សែន ក៏ជឿជាក់ថា វៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា ឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ និងសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទាំងពីរ ដែលបានកំណត់។
ទាក់ទិននឹងស្ថានការណ៍អន្តរជាតិ និងតំបន់ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកទស្សនៈលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា រាល់បញ្ហាជម្លោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ លើកកំពស់តួនាទីមជ្ឈភាពរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan