នាថ្ងៃទី២៣ ខែកក្កដា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជា។

កិច្ចប្រជុំបានផ្តោតលើវិធានការសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើបោកប្រាស់ក្លែងបន្លំតាមប្រព័ន្ធអ៉ិនធឺណិត ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍និយាយរួម និងប្រទេសកម្ពុជានិយាយដោយឡែក។

leftcenterrightdel
លោក Nguyen Minh Vu និងលោក ឆៃ ស៊ីណារិទ្ធ ក្នុងជំនួប (រូបថត៖ nhandan.vn)

លោក ឆៃ ស៊ីណារិទ្ធ ជូនដំណឹងអំពីសកម្មភាពរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជា និងអំពាវនាវឲ្យមានការជួយគាំទ្រ កិច្ចសហប្រតិបត្តិការពីប្រទេសផ្សេងៗ ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្ក្រាបអំពើបោកប្រាស់ក្លែងបន្លំតាមប្រព័ន្ធអ៉ិនធឺណិត។

លោក ឆៃ ស៊ីណារិទ្ធ បានឲ្យដឹងថា ទីភ្នាក់ងារកម្ពុជានឹងកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយផ្តល់អាទិភាពលើការបែងចែករវាងជនរងគ្រោះដោយការជួញដូរមនុស្ស និងអ្នករំលោភច្បាប់។ លោកបញ្ជាក់ថា នឹងចែករំលែកព័ត៌មានជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាឲ្យបានឆាប់ៗ។

កម្ពុជាត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសវៀតណាម ដើម្បីជួយពលរដ្ឋវៀតណាមត្រឡប់ប្រទេសវិញ។ កម្ពុជាក៏គាំទ្រសំណើបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍និងក្រុមការងារទ្វេភាគីដោយផ្អែកលើយន្តការផ្លាស់ប្តូរព័ត៌មានដែលមានស្រាប់រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការ និងតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា។

លោក Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាមួយដែលប្រទេសនានាក្នុងតំបន់កំពុងជួបប្រទះ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ ហើយត្រៀមខ្លួនជាស្រេចសហការ ដើម្បីប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ និងការពារជនរងគ្រោះ ដោយសារអំពើបោកប្រាស់ក្លែងបន្លំតាមប្រព័ន្ធអ៉ិនធឺណិត និងការជួញដូរមនុស្ស៕

បកប្រែដោយ Thuy Anh