គយវៀតណាម និងកម្ពុជា សហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ
    
    
    
        
            
កប.អនឡាញ - នាថ្ងៃទី ២៩ និង ៣០ ខែតុលា នៅខេត្ត Lam Dong ប្រទេសវៀតណាម នាយកដ្ឋានគយវៀតណាមបានរៀបចំកិច្ចប្រជុំគយព្រំដែនវៀតណាម-កម្ពុជា លើកទី៦ ដោយមានការចូលរួមពីអង្គភាពជំនាញដែលធ្វើការត្រួតពិនិត្យពីកម្រិតមជ្ឈិមដល់មូលដ្ឋានរបស់គយនៃប្រទេសទាំងពីរ។
        
        
        
            
	នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីវិធានការសហប្រតិបត្តិការជាក់ស្តែង និងចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងពាណិជ្ជកម្មឆ្លងដែនខុសច្បាប់។
	
		
			|     | 
		
			|  | 
		
			| ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ nhandan.vn) | 
	
	ភាគីទាំងពីរបានលើកឡើងទិសដៅសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ ដូចជា៖ ពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យទំនិញដែលមានហានិភ័យខ្ពស់នៃការរត់ពន្ធនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ; ធ្វើបច្ចុប្បន្នភាពបញ្ជីចំណុចទាក់ទងពីកម្រិតមជ្ឈិមដល់កម្រិតមូលដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មានរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ; សម្របសម្រួលឃោសនាស្តីពីផលប៉ះពាល់នៃសកម្មភាពរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ឧក្រិដ្ឋកម្មគ្រឿងញៀនលើសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ ដល់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ អង្គភាពអាជីវកម្មដែលមានសកម្មភាពនាំចូល និងនាំចេញឆ្លងកាត់តំបន់។
	មានប្រសាសន៍ក្នុងកិច្ចប្រជុំ  លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសម្តែងនូវទំនុកចិត្តយ៉ាងជ្រាលជ្រៅចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងគយទាំងពីរ ព្រមទាំងសន្យាថានឹងបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងសកម្មភាពវិជ្ជាជីវៈ និងកសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
	នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរវិជ្ជាជីវៈអំពីបច្ចេកទេស។ ជោគជ័យនៃកិច្ចប្រជុំលើកទី ៦ បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរួម និងតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់កងកម្លាំងគយនៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការការពារសន្តិសុខពាណិជ្ជកម្ម រួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕
	បកប្រែដោយ Huyen Trang