បន្តលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង

នារសៀលថ្ងៃទី ៣០ ខែតុលា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង។

ដោយសម្តែងនូវសេចក្តីរីករាយក្នុងការទទួលស្វាគមន៍លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Lee Jae Myung ប្រធានាធិបតី បានបញ្ជាក់ថា កូរ៉េខាងត្បូងតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសនៅក្នុងតំបន់។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចការងារនេះរបស់លោក Luong Cuong ប្រធានរដ្ឋ មានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង

លោក Luong Cuong ប្រធានរដ្ឋ មានសេចក្តីសោមនស្សរីករាយដោយឃើញថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ប្រទេសទាំងពីរបានក្លាយជាដៃគូដែលគួរឲ្យទុកចិត្ត ការសហការយ៉ាងជិតស្និទ្ធនៅកម្រិតយុទ្ធសាស្ត្រ និងជាមិត្តជិតស្និទ្ធ យោគយល់គ្នាទៅវិញទៅមក។ លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តមានជំហានផ្លាស់ថ្មីប្រកបដោយប្រសិទ្ធភាព  និងប្រកបដោយចីរភាពលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ គណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់  សម្របសម្រួលការអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងជំរុញការអនុវត្តនៃឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ជាពិសេសការព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់កូរ៉េខាងត្បូងក្នុងខែសីហា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមគោលដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរ។ 

លោក Luong Cuong ប្រធានរដ្ឋ បានស្នើភាគីទាំងពីរសម្របសម្រួលគ្នាដើម្បីអនុវត្តវិធានការនានាដើម្បីឆាប់សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ដោយតុល្យភាពនិងចីរភាព។ ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងចូលមកវិនិយោគនៅវៀតណាម។

លោក Lee Jae Myung ប្រធានាធិបតី បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងបន្ដចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកបានយល់ព្រមសហការក្នុងការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍឧស្សាហកម្មបន្ទាប់បន្សំនៅប្រទេសវៀតណាម។ ព្រមទាំងមានបំណងចង់បន្ត​ជួយគាំទ្រសហគ្រាសកូរ៉េខាងត្បូងពង្រីកការវិនិយោគចូលក្នុងប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្ដិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សទៅជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ព្រមទាំងឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្ដិការអប់រំ វប្បធម៌ និងផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ដើម្បីបង្កើនទំនាក់ទំនងនិងការយោគយល់គ្នាកាន់តែស៊ីជម្រៅ។ លោកប្រធានរដ្ឋវៀតណាម បានស្នើកូរ៉េខាងត្បូងយកចិត្តទុកដាក់ ការពារសិទ្ធិស្របច្បាប់ និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍វៀតណាមនៅប្រទេសកូរ៉េខាងត្បូងក្នុងការរស់នៅ សិក្សា និងធ្វើការរយៈពេលវែងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងកិច្ចពិភាក្សានេះដែរ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់។​ ភាគីទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ រួមគ្នាលើកតម្កើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូង និងអនុវត្តកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងនាពេលខាងមុខ។ ភាគីទាំងពីរក៏បានចែករំលែកនូវចក្ខុវិស័យយុទ្ធសាស្ត្រ ស្តីពីការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ធានាសិទ្ធិផលប្រយោធន៍ស្របច្បាប់ ស្របទៅនឹងច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នារសៀលថ្ងៃទី ៣០ ខែតុលា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ២០២៥។

ដោយមានប្រធានបទ "ស្ពានតភ្ជាប់-សហគ្រាស- ឈានទៅមុខ" កិច្ចប្រជុំឆ្នាំនេះរួមមានកិច្ចពិភាក្សាជាង ២០ ដោយផ្តោតលើបញ្ហាដែលសហគមន៍ធុរកិច្ចចាប់អារម្មណ៍ដូចជា៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈមនិងឱកាសនៃការប្រែប្រួលនៃបរិយាកាសភូមិសាស្ត្រនយោបាយអន្តរជាតិ ការធ្វើបរិវត្ដកម្មឌីជីថល គោលនយោបាយពន្ធដារ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ឧស្សាហកម្មវប្បធម៌ ទីផ្សាររូបិយវត្ថុ និងហិរញ្ញវត្ថុសកល សន្តិសុខថាមពល ឱកាសសម្រាប់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ និងឧស្ម័ន​ធម្មជាតិ​រាវ ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពជាដៃគូរវាងរដ្ឋ និងឯកជន។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ២០២៥

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានចែករំលែកនូវមេរៀនពីបដិវត្តន៍ឧស្សាហកម្ម ការទទួលខុសត្រូវរបស់អាស៊ីប៉ាស៊ីហ្វិកចំពោះពិភពលោក តួនាទីរបស់សហគមន៍ធុរកិច្ច APEC គោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

លោកប្រធានរដ្ឋវៀតណាម បានបញ្ជាក់ថា នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងអស្ថិរភាពដែលពិភពលោកកំពុងជួបប្រទះ អាស៊ីប៉ាស៊ីហ្វិកមានសមត្ថភាពគ្រប់គ្រាន់ និងការទទួលខុសត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចសកល ដោយការជំរុញកំណើនថ្មីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្ដកម្មឌីជីថល។ ដើម្បីធ្វើបានដូចនេះ បណ្ដាខឿនសេដ្ឋកិច្ច APEC ត្រូវយកឈ្នះលើភាពខុសគ្នា ស្វែងរកដំណោះស្រាយដើម្បីបង្រួមភាពខុសគ្នា ដើម្បីឱ្យអាស៊ីប៉ាស៊ីហ្វិកបន្តក្លាយជាតំបន់សន្តិភាព ស្ថិរភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រចុំ

លោកប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងពិភពលោកមួយដែលពោរពេញដោយអស្ថិរភាព   វៀតណាមនាំមកនូវស្ថិរភាព សុវត្ថិភាព ឱកាស និងភាពជោគជ័យសម្រាប់អាជីវកម្ម។ រួមដំណើរជាមួយវៀតណាម អាជីវកម្មទាំងអស់នឹងមានបរិយាកាសនយោបាយ និងសង្គមដែលមានសុវត្ថិភាព និងស្ថិរភាព បរិយាកាសវិនិយោគ និងការធ្វើអាជីវកម្មអំណោយផល និងមានតម្លាភាព និងមានទីផ្សារដ៏ធំមួយដែលមានប្រជាជនជាង ១០០ លាននាក់ ជាមួយនឹងខឿនសេដ្ឋកិច្ចស្វាហាប់ រីកចម្រើនយ៉ាងខ្លាំង និងតភ្ជាប់សកល ហើយមានកម្លាំងពលកម្មសម្បូរបែប និងទទួលការបណ្តុះបណ្តាលយ៉ាងល្អ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែស៊ីសង្វាក់គ្នា។

វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្ម និងដៃគូវិនិយោគដោយក្ដីទំនុកចិត្ត

នាព្រឹកថ្ងៃទី ៣០ ខែតុលា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក John Denton អគ្គលេខាធិការនៃសភាពាណិជ្ជកម្មអន្តរជាតិ (ICC)។

ក្នុងជំនួបនេះ  លោក John Denton អគ្គលេខាធិការ ICC បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការ និងជួយវៀតណាមក្នុងការអភិវឌ្ឍ  ជាពិសេសការចូលរួមក្នុងដំណើរការជួយគាំទ្រសហគ្រាសវៀតណាមឈានចូលសកលក្នុងបរិបទដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះនៃ APEC ឆ្នាំ ២០២៧។

លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយ ICC ដែលជាអង្គការពាណិជ្ជកម្មពិភពលោកដ៏ធំបំផុត។ លោកប្រធានរដ្ឋវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICC ក្នុងការកសាងស្តង់ដារពាណិជ្ជកម្មអន្តរជាតិ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ លោកប្រធានរដ្ឋវៀតណាម បានស្នើ ICC បន្តរួមដំណើរនិងជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាមលើកកម្ពស់សមត្ថភាពធ្វើសមាហរណកម្ម  និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ ICC។

* នាព្រឹកថ្ងៃទី ៣០ ខែតុលា លោក Luong Cuong ប្រធានរដ្ឋ បានទទួលជួបលោក Shin Dong Bin ប្រធានសាជីវកម្ម Lotte៕

បកប្រែដោយ Pham Diep