ក្នុងជំនួបជាមួយលោក Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Tran Thanh Man ប្រធានរដ្ឋសភា បានអបអរសាទរលោកឯកអគ្គរដ្ឋទូតចំពោះការបញ្ចប់បេសកកម្មការទូតដ៏ល្អឥតខ្ចោះនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ដោយអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាអគ្គលេខាធិការក្រសួងការបរទេសឥណ្ឌូនេស៊ី លោកប្រធានរដ្ឋសភាបានសម្តែងនូវជំនឿជាក់ថា ក្នុងតំណែងថ្មី លោកឯកអគ្គរដ្ឋទូតនឹងបន្តជាស្ពានដ៏សំខាន់មួយ ដែលរួមចំណែកជំរុញទំនាក់ទំនង វៀតណាម-ឥណ្ឌូនេស៊ី ឡើងកម្រិតកម្ពស់ថ្មីមួយ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាទទួលជួបលោក Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី

លោក Tran Thanh Man ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ទំនាក់ទំនងជាមួយឥណ្ឌូនេស៊ីមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងទំនាក់ទំនងរួម ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឥណ្ឌូនេស៊ី សម្រេចបានលទ្ធផលល្អជាច្រើន។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាឥណ្ឌូនេស៊ី ផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ ឃ្លាំមើល និងលើកកម្ពស់គំនិតផ្តួចផ្តើមរួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាទទួលជួបលោក Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី

លោក Denny Abdi ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតទទួលបានជំនួយដ៏មានតម្លៃពីវៀតណាម ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ។ លោក Denny Abdi ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៦.៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ កើនឡើងទ្វេដងនៃឆ្នាំ ២០២០។ សាជីវកម្មធំៗជាច្រើនរបស់វៀតណាមបាន និងកំពុងវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយផ្ទុយទៅវិញ សហគ្រាស និងសាជីវកម្មជាច្រើនរបស់ឥណ្ឌូនេស៊ីបានវិនិយោគនៅក្នុងប្រទេសវៀតណាម។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាទទួលជួបលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរី

ដោយអបអរសាទរលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ លោក Tran Thanh Man ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាន និងសំខាន់ៗរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនង វៀតណាម-សិង្ហបុរី អភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល។ល។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាទទួលជួបលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរី

ដោយសង្កត់ធ្ងន់លើលទ្ធផលវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលថ្មីៗនេះ លោកប្រធានរដ្ឋសភាសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ការបណ្តុះបណ្តាលកម្មាភិបាល។ល។

លោក Jaya Ratnam ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថល។ល។ ជាមួយនឹងជោគជ័យនៃសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា គម្រោងនេះនឹងបង្កើតការងារថ្មីៗជាច្រើនសម្រាប់ប្រជាជន រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

បកប្រែដោយ Huyen Trang