គណៈប្រតិភូកងយោធពលខេមរភូមិន្ទបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានយោធាខេត្ត Lao Cai
    
    
    
        
            
កប.អនឡាញ - នៅពេលថ្មីៗនេះ គណៈប្រតិភូមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ថោង ថាវរិន្ទ មេបញ្ជាការរង កងទ័ពជើងគោក បានបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានយោធាខេត្ត Lao Cai ប្រទេសវៀតណាម។
        
        
        
            
	នៅក្នុងកិច្ចប្រជុំ មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត Lao Cai បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងយោធពលខេមរភូមិន្ទ គឺជានិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
	ក្នុងបរិយាកាសមិត្តភាព និងសាមគ្គីភាព ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារជាក់ស្តែងជាច្រើនស្ដីពីកិច្ចការច្បាប់នៅក្នុងកងទ័ព។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តជម្រុញកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរមិត្តភាព រួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
	
		
			|     | 
		
			|  | 
		
			| តំណាងបញ្ជាការដ្ឋានយោធាខេត្ត Lao Cai ប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូកងយោធពលខេមរភូមិន្ទ (រូបថត៖ baolaocai.vn) | 
	
	មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ ថោង ថាវរិន្ទ បានសម្តែងនូវសេចក្តីរីករាយដែលបានទៅបំពេញទស្សនកិច្ចនៅខេត្ត Lao Cai ហើយថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បញ្ជាការដ្ឋានយោធាខេត្ត Lao Cai។ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទតែងតែយកចិត្តទុកដាក់ និងចង់បន្តពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធខេត្ត Lao Cai និយាយដោយឡែក។
	ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានយោធាខេត្ត Lao Cai បានរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាព លើកកម្ពស់ទំនុកចិត្ត និងជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកម្ពុជា ដើម្បីគោលដៅសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕
	បកប្រែដោយ Thuy Anh