ក្នុងឱកាសទិវាទីក្រុងពិភពលោក ថ្ងៃទី ៣១ ខែតុលា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានប្រកាសបញ្ជីទីក្រុងចំនួន ៥៨ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅឆ្នាំនេះ។ ទីក្រុងហូជីមិញមានកិត្តិយសដែលបានក្លាយជាសមាជិកថ្មីក្នុងវិស័យភាពយន្ត ហើយក៏ជាទីក្រុងដំបូងគេនៅក្នុងប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍ដែលត្រូវ​បាន​ទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតនៃភាពយន្ត។

leftcenterrightdel
ទីក្រុងហូជីមិញ​

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ការទទួលស្គាល់ទីក្រុងហូជីមិញជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) គឺជាជោគជ័យថ្មីមួយនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយ និងគោលដៅរបស់រដ្ឋវៀតណាមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងបរិបទថ្មី។ លោកអនុរដ្ឋមន្ត្រីបានសម្តែងជំនឿថា ក្នុងនាមជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ទីក្រុងហូជីមិញនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទេពកោសល្យ និងអត្តសញ្ញាណច្នៃប្រឌិតរបស់ប្រជាជនវៀតណាមទៅកាន់ពិភពលោក។

leftcenterrightdel
លោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេស (រូប​ថត៖​ vov.vn)

បណ្តាញទីក្រុងច្នៃប្រឌិតត្រូវបានបង្កើតឡើងដោយអង្គការយូណេស្កូក្នុងឆ្នាំ ២០០៤ ដែលជាបណ្តាញសកលមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងនានាដែលចាត់ទុកភាពច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ បច្ចុប្បន្ន បណ្តាញនេះរួមមានទីក្រុងចំនួន ៤០៨ មកពី ១០០ ប្រទេស ដែលតំណាងឱ្យវិស័យច្នៃប្រឌិតចំនួន ៨ រួមមាន៖ សិប្បកម្ម និងសិល្បៈប្រជាប្រិយ សិល្បៈ ផ្សព្វផ្សាយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសាស្ត្រ តន្ត្រី និងស្ថាបត្យកម្ម។

រហូតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមមានទីក្រុងចំនួន ៤ ដែលជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៖ ហាណូយ (វិស័យរចនា ឆ្នាំ២០១៩) ហូយអាន (វិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ឆ្នាំ២០២៣) ដាឡាត (វិស័យតន្ត្រី ឆ្នាំ ២០២៣) និងទីក្រុងហូជីមិញ (វិស័យភាពយន្ត)៕

បកប្រែដោយ Duy Hoan