ការពិគ្រោះយោបល់នយោបាយ លើកទី៩ រវាងក្រសួងការបរទេសវៀតណាម និងកម្ពុជា
កប.អនឡាញ - អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសវៀតណាម និងកម្ពុជា នាថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុងហាណូយ លោក Nguyen Manh Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៩ រវាងក្រសួងការបរទេសវៀតណាម និងកម្ពុជា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ ពិនិត្យលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
    |
 |
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស និង លោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា |
ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលឃើញថា នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំរវាងប្រមុខបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធិផលដ៏រឹងមាំជាច្រើន។
ទំនាក់ទំនងនយោបាយនិងការទូតកាន់តែមានភាពជឿជាក់ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខបន្តជាសសរស្តម្ភដ៏រឹងមាំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងយ៉ាងខ្លាំងក្លាឈានដល់ជាង ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ និងជាង ៦ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ការអប់រំ-បណ្តុះបណ្តាល-ទេសចរណ៍ អភិវឌ្ឍន៍-វប្បធម៌-ក្នុងស្រុករីកចម្រើន យ៉ាងជាក់ស្តែង ចម្រុះជាមួយនឹងទម្រង់ថ្មីជាច្រើន។
    |
 |
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-កម្ពុជា |
ផ្អែកលើសមិទ្ធិផលនោះ និងដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មី ភាគីទាំងពីរបានឯកភាពលើការពង្រឹងទំនាក់ទំនងនយោបាយជិតស្និទ្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជំរុញការតភ្ជាប់ចរាចរណ៍ ច្រកទ្វារព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន លើកកំពស់សមត្ថភាព សម្របសម្រួលល្អក្នុងការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក និងការគ្រប់គ្រងព្រំដែន ដោះស្រាយឯកសារផ្លូវច្បាប់ជូនប្រជាពលរដ្ឋដើមកំណើតវៀតណាម។ ផ្លាស់ប្តូរយ៉ាងសកម្ម ឆ្ពោះទៅរកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី.... រួមទាំងការសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសម្រាប់ដំណើរទស្សនៈកិច្ចជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ដែលអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះ និងសន្និសីទលើកទី ១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តព្រំដែននៅឆ្នាំ ២០២៥។
ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន រួមទាំងបញ្ហាសមុទ្រខាងកើត កិច្ចសហប្រតិបត្តិការមេគង្គ ប្តេជ្ញាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ អាស៊ាន មហារអនុតំបន់មេគង្គ។ល។
ប្រមុខគណៈប្រតិភូទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ ក្រសួងការបរទេសទាំងពីរបានដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងរវាងក្រសួង ស្ថាប័ន មូលដ្ឋាន រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរក៏បានសន្យាជំរុញបន្ថែមទៀតនូវតួនាទីប្រឹក្សា និងការតភ្ជាប់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអង្គភាពមានសមត្ថកិច្ច នៃក្រសួងទាំងពីរ និងបានឯកភាពរៀបចំការពិគ្រោះយោបល់នយោបាយលើកទី១០ រវាងក្រសួងការបរទេសទាំងពីរនៅកម្ពុជានៅឆ្នាំ២០២៧៕
បកប្រែដោយ Thanh Cong